ព័ត៍មានទាន់​ហេតុការណ៏
Search

ទំនាស់​គ្នា​ក្នុង​វង់​អាប៉ោង​ លទ្ធផល​ចុងក្រោយ​អ្នកឈ្នះ​ដេក​គុក​ អ្នក​ចាញ់​ដេក​ក្នុង​មឈូស

ភ្នំពេញ ​៖ ​ករណី​ទំនាស់​ក្នុង​វង់ល្បែង​អាប៉ោង​យ៉ាង​ស្វិតស្វាញ​មួយ​ដែល​លទ្ធផល​ចុងក្រោយ​អ្នកឈ្នះ​បាន​ដេក​គុក​ ចំណែក​អ្នកចាញ់​វិញ​បាន​ដេក​ក្នុង​មឈូស។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ​ថ្ងៃទី​៧​ ខែកញ្ញា ​នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ​ ភូមិ​ដើម​ចាន់ ​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ​យស់ ហៃ​សុ​ម៉េង ភេទ ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ​ ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។

ជនសង្ស័យ​ឈ្មោះ​រឿន ស៊ីធន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​លី​អង្ករ ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ​។ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៧-០៩-២០១៨ ម៉ោង​២០​និង​៣០​នាទី ជនរងគ្រោះ និង​ជនសង្ស័យ បានមក​ចាក់​អាប៉ោង នៅ​ចំណុច​កើតហេតុ​ខាងលើ រួច​ជនសង្ស័យ ចាក់​ចាញ់​លុយ​អស់​៧​ម៉ឺន​រៀល ក៏​សុំ​លុយ​១​ម៉ឺន​រៀល​វិញ តែ​មេអាប៉ោង​ពុំ​ព្រម​ឲ្យ ជនសង្ស័យ​ក៏​ទះ​តុ ពេលនោះ​ជនរងគ្រោះ​ដែល​កំពុង​ចាក់​អាប៉ោង​នៅ​ទីនោះ​ដែរ ក៏​រុញ​ជនសង្ស័យ​ចេញ រួច​ក៏មាន​ការប្រតាយប្រតប់​គ្នា ជនសង្ស័យ​ក៏​យក​កូនកាំបិត​ចុង​ស្រួច​ចាក់ ទៅលើ​ជនរងគ្រោះ​ចំ​ក្រោម​ក្លៀក​ខាងឆ្វេង​ធ្លុះ​ដល់​បេះដូង​ដួលសន្លប់​ទៅលើ​ដី។ ពេលនោះ​ក៏មាន​សមត្ថកិច្ច​យើង​ចុះ​ទៅដល់ ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​កូនកាំបិត បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ធ្វើការ សាកសួរ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូរ​វៀត ពេលទៅដល់​គ្រូពេទ្យ​ប្រាប់ថា ស្លាប់បាត់​ហើយ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ចំណុច​បើក​ទីតាំង​ល្បែង​អាប៉ោង​និង​បៀ​បាន​និយាយ​ថា​ ពួកគាត់​សំណូមពរ​ដល់​សមត្ថកិច្ច​ក៏ដូចជា​អាជ្ញាធរ​ត្រូវ​បង្ក្រាប​ទីតាំង​ល្បែង​នេះ​ឲ្យ​អស់ ​ព្រោះ​វា​ជា​កន្លែង​ប្រមូល​ផ្តុំ​ដោយ​រឿងរ៉ាវ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​រហូត​មានការ​កាប់សម្លាប់​ដ៏​សាហាវ​បែបនេះ៕