ព័ត៍មានទាន់​ហេតុការណ៏
Search

ណាក់ ស្រី​ណា និង​លោក អ៊ិន សុ​ភិន ទីបំផុត​បន្ទន់​ឥរិយាបទ​ទទួល​យក​ដំណោះស្រាយ​វិជ្ជមាន

ភ្នំពេញ​ ៖ ​តារា​សម្តែង​ និង​ពិធី​ការិនី​ស្រី​កញ្ញា ណាក់ ស្រី​ណា និង​ម្ចាស់​ផលិតកម្ម​មហាហង្ស​លោក អ៊ិន សុ​ភិន ទីបំផុត​បានទទួល​យក​ដំណោះស្រាយ​ជា​វិជ្ជមាន​លើ​ករណី​ផ្តល់​សំណង​ប្រាក់​ជំពាក់​ថ្លៃ​ថត​សម្តែង​ភាពយន្ត ​ដែល​ភាគី​ផលិតកម្ម​មហាហង្ស​នៅ​ខ្វះ​កញ្ញា ណាក់ ស្រី​ណា មាន​រយៈពេល​ជិត​១​ឆ្នាំ​មក​នោះ។

ចំពោះ​ការចេញមុខ​សម្របសម្រួល​និង​ដោះស្រាយ​ប្រកបដោយ​ផល​វិជ្ជមាន​រវាង​តារា​សម្តែង​កញ្ញា ណាក់ ស្រី​ណា និង​ភាគី​ផលិតកម្ម​មហាហង្ស​នាពេលនេះ​ បានធ្វើ​ឡើង​បន្ទាប់ពី​មានការ​អន្តរាគមន៍​សម្របសម្រួល​ពី​សំណាក់​សមាគម​សិល្បករ​ខ្មែរ​ដែលមាន​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជា​ប្រធាន​។​សម្រាប់​ការចេញមុខ​ទទួលយក​ដំណោះស្រាយ​រវាង​ភាគី​ទាំងពីរ​នេះ​បាន​កើតឡើង​បន្ទាប់ពី​មានការ​ប្រកាស​ជា​សាធារណៈ​របស់​កញ្ញា ណាក់ ស្រី​ណា​លើ​ករណី​ផលិតកម្ម​មហាហង្ស​គ្មាន​ដំណោះស្រាយ​ផ្តល់​សំណង​ថ្លៃ​ថត​រឿង​ឲ្យ​ខ្លួន​កាលពី​ថ្មីៗ​កន្លងមកនេះ។

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​លោក ហេង ឡុង បានលើកឡើង​ថា​ សូម​អបអរសាទរ​ចំពោះ​កញ្ញា ណាក់ ស្រី​ណា និង​លោក អ៊ិន សុ​ភិន ដែលជា​អគ្គនាយក​ក្រុមហ៊ុន​ផលិតកម្ម​មហាហង្ស ក្រោម​ការសម្របសម្រួល​របស់​សមាគម​សិល្បក​រ​ខ្មែរ​ភាគី​ទាំងពីរ​បានទទួល​យក​ដំណោះស្រាយ​ដោយ​វិជ្ជមាន​និង​ប្រកបដោយ​រីករាយ​។

លោក ហេង ឡុង​បន្ថែមទៀតថា ​នេះ​គឺជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​សិល្បករ​-​សិល្បការិនី​និង​ផលិតករ​ផ្សេងៗ​ទៀត​គួរ​ឲ្យ​យក​គំរូ​តាម​ប្រសិនបើ​យើង​មាន​បញ្ហា​យល់ច្រឡំ នឹង គ្នា​គួរតែ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​និង​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​។ ​សូម​បងប្អូន​ជួយ​ស៊ែរ​ចែករំលែក​ព័ត៌មាន​ដ៏​រីករាយ​មួយ​នេះ​ដើម្បី​ឲ្យ​ដល់​ផលិត​និង​សិល្បករ​-​សិល្បការិនី​ផ្សេងៗ​ទៀត​។​

សូមបញ្ជាក់ថា ​ដំណោះស្រាយ​នេះ​បាន​ធ្វើឡើង​ស្រប​ពេលដែល​តារា​សម្តែង​ស្រី​កញ្ញា ណាក់ ស្រី​ណា ដោយ​អត់ទ្រាំ​និង​លែងមាន​ភាព​អត់ធ្មត់​នោះ​ក៏បាន​ចេញមុខ​ទម្លាយ​រឿងអាស្រូវ​ដែល​ផលិតកម្ម​ជំពាក់​លុយ​ថ្លៃ​ថត​មិន​ព្រម​ផ្តល់​សំណង​ជួន​ខ្លួន​។ ​ប៉ុន្តែ​បន្ទាប់ពី​រឿង​នេះ ​ត្រូវបាន​ស្ងប់ស្ងាត់​មួយសន្ទុះ​ខ្លី​ពេលនេះ​ក៏​ទទួល​បាន​ដំណឹង​ល្អ​ថា​ភាគី​ទាំងពីរ​បាន​ចូល​ដោះស្រាយ​គ្នា​ដោយ​ទទួលបាន​ផល​វិជ្ជមាន៕