ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ឹម ជីវ៉ា ជីក​បើក​កកាយ​អំពី​គុណបំណាច់​បុគ្គល​ចិត្តធម៌​ពីរ​រូប​ ដែល​ធ្លាប់​ជួយ​ស្រោចស្រង់​ជីវភាព​ខ្លួន

ភ្នំពេញ​ ៖ ​តារា​សម្តែង​រូប​សង្ហា​តែង​បង្ហាញ​សង្គម​សកម្មភាព​មនុស្សធម៌​ក្នុងសង្គម​លោក អ៊ឹម ជីវ៉ា ថ្មីៗ​នេះ​ បាន​ទម្លាយ​បើក​កកាយ​ពី​ប្រវត្តិ​កម្សត់​របស់ខ្លួន​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​អំពី​ការតស៊ូ​និង​ភាព​ក្រក​លំបាក​របស់លោក​អំ​ឡុង​មុនពេល​ចូលប្រឡូក​វិស័យ​សិល្បៈ។ មិនតែប៉ុណ្ណោះ​លោក អ៊ឹម ជីវ៉ា ក៏បាន​លើកឡើង​ដឹងគុណ​បំណាច់​ចំពោះ​បុគ្គល​២​រូប​ផងដែរ​ដោយ​លោក​ចាត់ទុក​ពួកគាត់​ជា​ឪពុក​-​ម្តាយ​ទី​២​ផង​នោះ​។​

លោក អ៊ឹម ជីវ៉ា បាន​រៀបរាប់ថា ថ្ងៃនេះ​ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ពី​ជីវិត​ពិត​របស់​ពួកគាត់​ទាំងពីរ​ក្នុង​រូបនេះ​គឺជា​អ្នកមានគុណ​របស់ខ្ញុំ ខ្ញុំ​គោរព​ស្រលាញ់​ចាត់ទុក​គាត់​ជា​ឪពុកម្តាយ​ទី​ពីរ​របស់ខ្ញុំ​ព្រោះ​កាល​២០០២​ខ្ញុំ​កំពុង​ស្ថិតក្នុង​ភាពក្រីក្រ​លំបាក​វេទនា​ត្រូវបាន​គេ​មើលងាយមើលថោក​ជាន់ឈ្លី​ប្រើពាក្យ​សំដី​អសុរោះ​គ្រប់​បែប​យ៉ាង ​តែ​ទីបំផុត​គាត់​ទាំងពីរ​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ខ្ញុំ​និង​គ្រួសារ។

​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បញ្ជាក់ថា​ លោក​ឧកញ៉ា អ៊ូ ឆាយ និង​លោកជំទាវ សុខ វាសនា ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ជា​ឧកញ៉ា​បែរ​ជា​មក​បន្ទាប​ជួយ​ស្រោចស្រង់​ជីវិត​ខ្ញុំបាទ​ដោយ​មិន​គិតពី​ផលប្រយោជន៍ ឬ ចង់​បានការ​តបស្នង​ពី​ខ្ញុំ​វិញ​ឡើយ​គឺ​ពួកគាត់​ជួយ​ខ្ញុំ​ដោយ​ទឹកចិត្ត​បេះដូង​មនុស្សធម៌​ពិតៗ។ រយៈពេល ១៦​ឆ្នាំ​មកនេះ​បើទោះបី​ខ្ញុំ​មិនទាន់បាន​តបស្នង​សងគុណ​អ្វី​ទៅលើ​លោក​មានគុណ​ទាំងពីរ​បានតែ​ក្នុង​ចិត្ត​របស់ខ្ញុំ​គឺ​នៅតែ​មិន​ភ្លេច​ចងចាំ​និង​ដឹងគុណ​ជាប់​ជានិច្ច​នូវ ក្តី​មេត្តាធម៌ ព្រហ្មវិហារ ទាំងឡាយ​ដែល​លោក​ទាំងពីរ​មានគុណ​មកលើ​ខ្ញុំ ។

តារា​ប្រុស​មាន​ប្រជាប្រិយភាព​លោក អ៊ឹម ជីវ៉ា បន្តថា​ លោក​ទាំងពីរ​គឺជា​សប្បុរសជន​លាក់​មុខ រាល់​ការជួយ​អ្នកក្រីក្រ អ្នក​ខ្វះខាត ទាំងឡាយ​គឺ​លោក​ទាំងពីរ​មិនដែល​ចេញមុខ​ឡើយ​ជាពិសេស​ពេល​ជួយ​ដល់​សិល្បករ​-​សិល្បការ​នី​មាន​ជំងឺ​ក្រីក្រ​ខ្វះខាត គឺ លោក​តែងតែ​ជួយ​ជានិច្ច​ជា​ពិសេស​ លោកបាន​ជួយ​កសាង​សមិទ្ធផល​នានា​ជាច្រើន​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​នៅ​តាម​តំបន់​នានា​មួយចំនួន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​បន្ថែមថា ​លោក​ទាំងពីរ​ជា​មនុស្ស​ល្អ​បំផុត​ជា​ចុងក្រោយ​ខ្ញុំ​មានតែ​ម្រាមដៃ​១០​សូម​អរគុណ​លោក​ទាំងពីរ​គឺ​លោក​ឧកញ៉ា អ៊ូ ឆាយ និង​លោកជំទាវ សុខ វាសនា ដែល​បាន​សន្តោស​ប្រោសប្រណី​ជួយ​ខ្ញុំបាទ​អោយមាន​កំណើត ទី​២​មានមុខមាត់​កិត្តិយស​រហូតមកដល់​ថ្ងៃនេះ។ សូម​គោរព​ជូនពរ​លោក​មានគុណ​ទាំងពីរ​និង​ក្រុមគ្រួសារ​មាន​សុខភាព​ល្អ អាយុ​វែង រកស៊ី​មានបាន សុខ​សុភមង្គល ជោគជ័យ​សម្រេច​គ្រប់​ភារកិច្ច៕