ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ជំនួយការ​យុទ្ធនាការ​របស់លោក Trump ត្រូវ​ជាប់ពន្ធនាគារ​ក្នុងការ​ស៊ើបអង្កេត​រុស្ស៊ី

អតីត​ទីប្រឹក្សា​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump ដែល​ទំនាក់ទំនង​របស់គាត់​ជាមួយ​ប្រទេស​រុស្ស៊ី ​បាន​បង្ក​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ការឃុបឃិត​ជាមួយ​ទីក្រុង​មូ​ស្គូ​នោះ​គឺ​ត្រូវ​ជាប់ពន្ធនាគារ​កាលពី​ថ្ងៃ​សុក្រ​ពីបទ​និយាយ​កុហក​ចំពោះ FBI។​

ចៅក្រម​អាមេរិក​លោក Randolph Moss បាន​ផ្តន្ទាទោស​ជំនួយការ​គោលនយោបាយ​ការបរទេស​លោក George Papadopoulos ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៤​ថ្ងៃ​ដោយ​កត់សម្គាល់ថា លោក​បាន​កុហក​នៅក្នុង​ការស៊ើបអង្កេត​មួយ​ដែលមាន​សារៈសំខាន់​ចំពោះ​សន្តិសុខ​ជាតិ​។​

លោក Papadopoulos គឺជា​មនុស្ស​ទី​ពីរ​ហើយ​ដែល​ត្រូវបាន​គេ​បញ្ជា​ឲ្យ​ដាក់ពន្ធនាគារ​នៅក្នុង​ការស៊ើបអង្កេតរ​យៈ​ពេល​១៦​ខែ​លើ​ការឃុបឃិត​របស់​រុស្ស៊ី​ដោយ​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ហើយ​បាន​កើតឡើង​ពីរ​សប្តាហ៍​បន្ទាប់ពី​អតីត​ជំនួយការ​កំពូល​ពីររូប​របស់លោក Trump ត្រូវបាន​កាត់ទោស​ពីបទ​ឧក្រិដ្ឋ​មួយ​ក្នុងករណី​ដែល​កើតចេញពី​ការស៊ើបអង្កេត​នេះ​។​

លោក Trump បាន​សើចចំអក​ចំពោះ​ការកាត់ទោស​នេះ​ដោយ​លើកឡើងថា វា​ជាការ​សម្រេច​ដ៏​ថោកទាប​សម្រាប់​ការស៊ើបអង្កេត​មួយ​ដែល​បាន​ចំណាយ​ប្រាក់​អស់​រាប់លាន​ចាប់តាំងពី​វា​បានចាប់ផ្តើម​នៅក្នុង​ខែឧសភា​ឆ្នាំ​២០១៧​មក​។​

លោក Trump បាន​បង្ហោះ Twitter ថា “១៤​ថ្ងៃ​ចំណាយ​អស់​២៨​លាន​ដុល្លារ​។ ២​លាន​ដុល្លារ​ក្នុង​មួយថ្ងៃ​។ គ្មាន​ការឃុបឃិត​ទេ​។ ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​អាមេរិក​!”​។​

ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​លោក Mark Warner ដែលជា​អ្នកប្រជាធិបតេយ្យ​ជាន់ខ្ពស់​នៅ​គណៈកម្មាធិការ​ស៊ើបអង្កេត​ព្រឹទ្ធសភា​បាន​អបអរសាទរ​ចំពោះ​ការងារ​របស់លោក Mueller ។​

លោក Warner បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​បើទោះបីជា​មានការ​វាយប្រហា​រ​ជាប្រចាំ​ដោយ​លោក​ប្រធានាធិបតី​និង​សម្ព័ន្ធមិត្ត​របស់គាត់​ក៏ដោយ ក៏ប៉ុន្តែ​លោក Robert Mueller និង​ក្រុមការងារ​របស់គាត់​បា​ន​បង្ហាញ​ជាថ្មី​ម្តង​ទៀតថា ពួកគេ​កំពុងធ្វើការ​ស៊ើបអង្កេត​យ៉ាង​ស៊ីជម្រៅ​និង​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​លើ​ទំនាក់ទំនង​នៃ​យុទ្ធនាការ​របស់លោក Trump ជាមួយ​រុស្ស៊ី​ក្នុងអំឡុង​ការបោះឆ្នោត​ឆ្នាំ​២០១៦”​។​

លោក Papadopoulos អាយុ​៣១​ឆ្នាំ​គឺជា​អ្នកវិភាគ​ប្រេង​គ្មាន​បទពិសោធន៍​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៏​នៅពេល​គាត់​ចូលរួម​ក្នុង​យុទ្ធនាការ​របស់លោក Trump នៅ​ខែមីនា​ឆ្នាំ​២០១៦​ក្នុងនាម​ជា​សមាជិក​មួយរូប​នៃ​ក្រុមប្រឹក្សាភិបាល​ផ្នែក​សន្តិសុខ​ជាតិ​របស់​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​៕ AFP