ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​កោះហៅ​បេសកជន​មកពី​បណ្តា​ប្រទេស​អាមេរិក​ឡាទីន​ ដែល​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​កោះ​តៃវ៉ាន់

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​បាន​កោះហៅ​បេសកជន​របស់ខ្លួន​មកពី​បណ្តា​ប្រទេស​អាមេរិក​ឡាទីន​ ដែល​កាលពីពេល​ថ្មីៗ​នេះ​ បាន​ផ្លាស់ប្តូរ​ទំនាក់ទំនង​ការទូត​ពី​កោះ​តៃវ៉ាន់​ទៅ​ប្រទេស​ចិន​ដោយ​និយាយថា ខ្លួន​នឹងធ្វើ​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកការទូត។

ការកោះហៅ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​ក្រុង​ប៉េកាំង​កាលពី​ខែ​មុន​ថា បង្ក​អស្ថិរភាព​ដល់​ទំនាក់ទំនង​ឆ្លងកាត់​ច្រក​សមុទ្រ​និង​ចូលរួម​ក្នុង​យុទ្ធនាការ “​ជ្រៀតជ្រែក​នយោបាយ​” ដោយ​ការ​ប្រមាញ់​សម្ព័ន្ធមិត្ត​របស់​កោះ​តៃវ៉ាន់​នៅ​អឌ្ឍគោល​ខាងលិច​។​

សេចក្តីថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា “​ក្រសួងការបរទេស​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​សាធារណៈរដ្ឋ​ដូ​មី​និក Robin Bernstein, ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ Jean Manes និង​ភារធារី​អាមេរិក​នៅ​ប្រទេស​ប៉ា​ណា​ម៉ា Roxanne Cabral”​។​

សេចក្តីថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹងថា “​នាយក​បេសកកម្ម​ចំនួន​បី​របស់​យើង​នឹង​ជួប​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ដើម្បី​ពិភាក្សា​អំពី​វិធី​ដែល​សហរដ្ឋអាមេរិក​អាច​គាំទ្រ​ដល់​ស្ថាប័ន​នានា​និង​វិស័យសេដ្ឋកិច្ច​នៅ​ទូទាំង​តំបន់​អាមេរិក​កណ្តាល​និង​កា​រ៉ា​ប៊ី​ន​”​។​

តៃវ៉ាន់​និង​ចិន​បាន​ជាប់​ពាក់ព័ន្ធ​ជាច្រើន​ឆ្នាំ​មកហើយ​ក្នុង​សង្គ្រាម​ការទូត​ក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ខណៈ​ដែល​ការគាំទ្រ​ផ្នែក​សេដ្ឋកិច្ច​និង​ជំនួយ​ដទៃទៀត​ជា​ញឹកញាប់​ត្រូវបាន​ប្រើ​ជា​គោលដៅ​សម្រាប់​ការទទួលស្គាល់​ផ្នែក​ការទូត​។​

ក្រុង​ប៉េកាំង​បាន​មើលឃើញ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​នឹងត្រូវ​នាំយក​មកវិញហើយ​មិនដែល​ច្រានចោល​ការប្រើ​កម្លាំង​ដើម្បី​យក​វា​មកវិញ​នោះទេ​។​

ទំនាក់ទំនង​រវាង​ក្រុង​តៃប៉ិ​និង​ក្រុង​ប៉េកាំង​កាន់តែ​អាក្រក់​ឡើង​ចាប់តាំងពី​លោកស្រី Tsai Ing-wen ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១៦​នៅពេលដែល​រដ្ឋាភិបាល​របស់​លោកស្រី​បដិសេធ​ទទួលស្គាល់ថា តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​គោលការណ៍ “​ចិន​តែមួយ​”៕ AFP