ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ទៅ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥​ និង​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ដើម​សប្តាហ៍​ក្រោយនេះ

ភ្នំពេញ ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែកញ្ញា នៅក្នុង​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ។​

​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​រួមគ្នា​កសាង​វិថី​សូត្រ​សមុទ្រ​សតវត្ស​ទី​២១ និង​ន​វា​នុ​វត្ត​សហគមន៍​ចិន​-​អាស៊ាន​»​។ ពិព័រណ៍​នេះ មានការ​ដាក់​បង្ហាញ​នូវ​ផលិតផល​ផ្សេងៗ​គ្នា​ជាច្រើន​ពី​អាស៊ាន​និង​ចិន ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​បស់​វិស័យ​ឯកជន នៅក្នុង​ផ្នែក​ពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និង ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរឡើង​។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដំបូង​នៃ​នីតិកាល​ទី ៦ នេះ​ត្រូវបា​ន​អមដំណើរ​ដោយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

ក្នុងនាម​ជា​ប្រទេស​កិត្តិយស​នៅក្នុង​ពិព័រណ៍​ឆ្នាំនេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក ហាន់ ចឹ​ង ឧបនាយករដ្ឋមន្ត្រី​ចិន​នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ​ដើម្បី​សម្ពោធ​ព្រះ​ពន្លា​ជាតិ​កម្ពុជា និង​អញ្ជើញ​ទស្សនា​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា ។ មិនតែប៉ុណ្ណោះ សម្ដេចនាយក​រដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន ថ្នាក់ដឹកនាំ​ខេត្ត​ក្វាង​ស៊ី និង ធុរកិច្ច​សំខាន់ៗ​នៃ​ក្រុមហ៊ុន​នានា​របស់​ចិន​ទៀតផង​។

​ពិព័រណ៍​ចិន​-​អាស៊ាន​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀងរាល់​ឆ្នាំ​ ក្នុង​គោលបំណង​សំខាន់​គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កាលានុវត្តភាព​ធុរកិច្ច និង ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​វិនិយោគទុន​ទំហំ​ទឹកប្រាក់ ១ ទ្រី​លាន​ដុល្លារ​អាមេរិក ពី​ប្រទេស​ចិន​មកកាន់​តំបន់​អាស៊ាន និង ១៥០ ពាន់​លាន​ដុល្លារ ពី​តំបន់​អាស៊ាន​ទៅកាន់​ប្រទេស​ចិន​នៅត្រឹម​ឆ្នាំ​២០២០ ។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ ។

ពិ​ព័រ​ណ៍​ពាណិជ្ជកម្ម ចិន​-​អាស៊ាន លើក​ទី​១៥ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែកញ្ញា​ខាងមុខ​នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ក្នុងនោះ​កម្ពុជា​នឹង​ធ្វើជា​ប្រទេស​កិត្តិយស​ស្របពេល​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន នឹង​ឈានចូល​គម្រប់​ខួប​លើក​ទី​៦០ ក៏ដូចជា​គម្រប់​ខួប​លើក​ទី​១៥ ក្នុងការ​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន​-​អាស៊ាន។

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ការតាំង​បង្ហាញ​ផលិតផល​និង​សេវា កម្ពុជា​ក៏​នឹង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​វិនិយោគ និង បរិយាកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា អមដោយ​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​និង​បរិយាកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​អមដោយ​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​មួយចំនួន​ក៏ដូចជា​រៀបចំ​វេទិកា​វិនិយោគ​កម្ពុជា​-​ចិន​លើក​ទី​៣ និង​កម្មវិធី​ទស្សនកិច្ច​របស់​ពាណិជ្ជករ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ដើម្បី​ស្វែងរក​ដៃគូ​ធ្វើ​អាជីវកម្ម។

សម្រាប់​កម្មវិធី​ពិ​ព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​ជា​រៀងរាល់​ឆ្នាំ​កម្ពុជា តែងតែ​រៀបចំ​ពន្លា​ជាតិ ដើម្បី​បង្ហាញ​ពី​កិត្តិនាម​របស់​ប្រទេស​ដល់​អ្នកចូលរួម​ឲ្យ​បាន​ស្គាល់​កាន់​តែ​ច្បាស់​ពី​ប្រទេស​កម្ពុជា។

សម្រាប់​ឆ្នាំ​២០១៨ នេះ​កម្ពុជា​នឹង​រៀបចំ​ជា​ពន្លា​ជាតិ​មួយ​ដោយ​យក​ប្រាសាទសំបូរព្រៃគុក ក្នុង​ខេត្តកំពង់ធំ ធ្វើជា​ទីក្រុង​ស្រស់ប្រិមប្រិយ​និង​មាន​អគារ​មួយ​ទំហំ ៤៥ X ៦០​ម៉ែត្រ​ដែល​អាច​រៀបចំ​បាន​១៤៦ ស្តង់ សម្រាប់​បង្ហាញ​ផលិតផល និង​សេវា​របស់​ប្រទេស​ផងដែរ។

បើ​យោង​តាម​កម្មវិធី​គ្រោងទុក​បន្ទាប់ពី​ចូលរួម​ពិ​ព័រ​ណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន ពីថ្ងៃ​ទី​១០ ដល់ ១២ ខែកញ្ញា​នៅ​ប្រទេស​ចិន​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ១២ កញ្ញា នឹងធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុង​ណាន​នី​ង ហោះ​ត្រង់​ទៅកាន់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក។ នៅ​ថ្ងៃទី ១៣ ខែ កញ្ញា ប្រមុខ​រាជរដ្ឋាភិបាល​នឹង​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ៕