ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ចាប់ផ្តើម​ចេញដំណើរ សម្តេច​តេ​ជោ នាយក​រដ្ឋ​មន្ត្រី​ដាស់តឿន​ឲ្យ​មន្ត្រី​-​សមាជិក​រាជ​រដ្ឋ​ភិ​បាល ចុះទៅ​ជួប​-​ជួយ ប្រជាពលរដ្ឋ ដែល​កំពុង​រង់ចាំ

ភ្នំពេញ​ ៖ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ដំបូង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដាស់តឿន​ដល់​មន្ត្រីរាជការ​គ្រប់​ជាន់ ក្រោយពី​ការរៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​ថ្មី​រួច​ត្រូវ​ចុះទៅ​មើល ប្រជាពលរដ្ឋ​ដែល​កំពុង​រង់ចាំ​មើ​លស​កម្ម​ភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​ថា ​តើ​បាន​តបស្នង​ចំពោះ​ពួកគាត់​ដែរឬទេ​? ហើយ​ស័ក្តិសម​នឹង​ការបោះឆ្នោត​គាំទ្រ និង​បំណងប្រាថ្នា​របស់​ពួកគាត់​ដែរឬទេ។ សម្តេច​បន្ត​ថា “​បើ​មិនបាន​ជួយ​អ្វី​ដល់​ប្រជាជន​សូមមេត្តា​កុំ​ឲ្យ​ប្រជាជន​ស្រក់​ទឹកភ្នែក​ទទួលរង​ការឈឺចាប់​និង​រងគ្រោះ​ដោយសារ​ទង្វើ​ខុសឆ្គង​របស់​មន្ត្រី​យើង​”​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៅកាន់​សហសេវិក​របស់​សម្តេច​ថា ” ខ្ញុំ​សូម​ឲ្យ​សហសេវិក​ទាំងអស់​ទទួល​យក​យុទ្ធសាស្ត្រ​នេះ ក្នុង​ទឹកចិត្ត​ស្មោះត្រង់ និង ឆន្ទៈ​ប្តូរផ្តាច់​បំផុត ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា ដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ដឹកនាំ​ស្ថាប័ន​របស់ខ្លួន​ឲ្យ​បានល្អ ដោះស្រាយ​បញ្ហា​ឲ្យ​មាន​ប្រសិទ្ធភាព​ខិតខំ​កែប្រែ​នូវ​អាកប្បកិរិយា​ទម្លាប់​ការងារ​មិនល្អ​ចោល ហើយ​ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាជន និង​ចុះ​ជាប់ ជួយ​ប្រជាជន​”​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា « យើង​មិន​ត្រូវធ្វើ​ឲ្យ​ប្រជាជន​ខកចិត្ត​ដោយសារ​ទង្វើ​អសកម្ម និង​ការខុសឆ្គង​របស់​យើង​នោះ​ទេ​។ ប្រសិនបើ​មិនបាន​ជួយ​អ្វី​ដល់​ប្រជាជន សូមមេត្តា​កុំ​ឲ្យ​ប្រជាជន ស្រក់​ទឹកភ្នែក ទទួលរង​ការឈឺចាប់ និង​រងគ្រោះ ដោយសារ​ទង្វើ​ខុសឆ្គង​របស់​មន្ត្រី​យើង »​។

ជាមួយនឹង​ប្រសាសន៍​ដាស់តឿន​មន្ត្រី​ក្រោម​ឱវាទ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​សាជាថ្មី​ម្តង​ទៀត​ថា ប្រជាជន​កម្ពុជា​បានផ្តល់​ឆ្នោត​ផ្តល់​ជំនឿ​ទុកចិត្ត​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ប្រទេសជាតិ និង​បម្រើប្រជាជន​ក្នុង​រយៈពេល ៥​ឆ្នាំ​បន្តទៀត​។ ទំនុកចិត្ត​នេះ ជាការ​លើកទឹកចិត្ត​ដ៏​មហិមា​ដល់​រាជរដ្ឋាភិបាល ដែល​យើង​ត្រូវមាន​កាតព្វកិច្ច​រែកពុន​ការទទួលខុសត្រូវ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព សម្រាប់​បំពេញ​តាម​បំណងប្រាថ្នា​របស់​ប្រជាជន​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ទៀត​ថា ថ្វី​ដ្បិត​សមត្ថភាព​បុគ្គល​ម្នាក់ៗ​មាន​ព្រំដែន​កំណត់​រៀងៗ​ខ្លួន ក៏ពិតមែន ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​ដោយស្មោះ ពិតជា​គ្មាន​ដែន​កំណត់​ទេ ដូច្នេះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ត្រូវ​រួម​សាមគ្គី​ជា​ធ្លុង​មួយ​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​របស់ខ្លួន ដែល​បញ្ហា​នេះ​ពិតជា​គ្មាន​ការពិបាក និង​គ្មាន​ឧបសគ្គ​ណា​ដែល​មន្ត្រី​មិនអាច​ពុះពារ​បានឡើយ​។

ក្នុង​ស្មារតី​នេះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ត្រូវ​ជំរុញ​អនុវត្ត​នូវ​សកម្មភាព​ឱ្យ​ប្រទាក់ក្រឡា​គ្នា ប្រកបដោយ​ចីរភាព​ជាប់​មិន​ដាច់​នៅ​គ្រប់​ការដ្ឋាន​ទាំងអស់​ដើម្បី​សម្រេចបាន​នូវ​វឌ្ឍនភាព​នៅក្នុង​បេសកកម្ម​នេះ ។ គ្មាន​គោលដៅ​អ្វី​សំខាន់​ជាង​គោលដៅ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​នោះទេ ហើយក៏​គ្មាន​ភារកិច្ច​អ្វីដែល​ត្រ​ចេះ​ត្រចង់​ជាង​នេះដែរ៕