ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្សារ​ទំនើប MidTOWN MALL នៅ​ផ្លូវ ២០០៤ នឹង​បើ​ដំណើការ​ នៅក្នុង​ខែធ្នូ ចុងឆ្នាំ​នេះហើយ​

​ភ្នំពេញ​៖ ផ្សារ​ទំនើប MidTOWN MALL ដែលមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ ២០០៤ កែង​ជាមួយ​ផ្លូវ ១៣B បង្កើតឡើង​ដោយ​ក្រុមហ៊ុន​តៃវ៉ាន់ ឈ្មោះ Kao Cheng International Enterprise Co., Ltd មានទំហំ ៨,៨៨១ ម៉ែត្រការ៉េ នឹង​ចាប់ផ្ដើម​ដំណើរការ​ ​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៨​នេះហើយ​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់ លោកស្រី លីន យិន​ជុន អ្នកចាត់ការ​ទូទៅ​​ នៃ​ក្រុមហ៊ុន Kao Cheng International Enterprise Co., Ltd នៅក្នុង​កម្មវិធី​ជួប​ជាមួយ អតិថិជន​ជួល​របស់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​​

លោកស្រី​បាន​បន្តទៀតថា លោកស្រី​ចង់​បង្កើត​ម៉ាក​យី​យោ MidTOWN MALL ឲ្យ​ក្លាយជា​ប្រតិបត្តិ​ករ​ផ្សារ​ទំនើប ដែលជា​ជម្រើស​ដៃគូរ​សហការ​ដ៏​ល្អ សម្រាប់​អ្នក​ជួល និង​ឲ្យ​លើសពី​ទំនាក់ទំនង​រវាង​អ្នក​ជួល និង​ម្ចាស់​ផ្សារ ក្នុង​យុទ្ធសាស្ត្រ​ថ្មី​មួយ ដែល​លោកស្រី​ហៅថា “​គំរូ​ជំនួញ​ផ្សារ​ទំនើប​ថ្មី​”​។​

លោកស្រី​បាន​បញ្ជាក់ថា​៖ “​យើង​នឹងមិន​បង្កើត​ការប្រកួតប្រជែង ដោយ​មិន​សម​ហេតុផល ហើយ​យើង​នឹងមិន​ទុក អ្នកណាម្នាក់​ចោល​នោះទេ​។ យើង​នឹង​ប្រយុទ្ធ​ជាមួយគ្នា ហើយ​យើង​នឹង​រីកចម្រើន និង​ជោគជ័យ​ជាមួយគ្នា​”​។​

បើ​យោងតាម​ការធ្វើ​បទ​បង្ហាញ របស់លោក​ស្រី ពៅ ធីតា ប្រធាន​ផ្នែក​ទីផ្សារ​លក់រាយ នៃ​ក្រុមហ៊ុន CBRE បាន​ឲ្យ​ដឹងថា ផ្សារ​ទំនើប MidTOWN MALL​មាន​កំពស់ ៣​ជាន់ ប្រមូលផ្ដុំ​ដោយ​ហាង​ដ៏​សម្បូរបែប​រួមមាន ហាង​លក់​អាហារ និង​ភេសជ្ជៈ​គ្រប់មុខ រោង​គុន ផ្សារ និង​កន្លែង​កម្សាន្ត​រប​ស់​កុមារ និង​មនុស្ស​ជំទង់​។ ​

គោលបំណង​របស់ ផ្សារ​ទំនើប MidTOWN MALL គឺ​ចង់​ក្លាយជា​កន្លែង​សម្រាប់​គ្រួសារ កុមារ និង​យុវវ័យ​ជួបជុំ បរិភោគ​អាហារ ទិញ​ទំនិញ និង​កំសាន្ត​ពេញ​មួយថ្ងៃ​។ ដើម្បី​សម្រេច​បា​នូវ​បេសកកម្ម​នេះ ផ្សារ​ទំនើប​ថ្មី​នេះ បានរៀបចំ​ផែនការ​ដោយ​ប្រុងប្រយ័ត្ន ក្នុងការ​រៀបចំ និង​គ្រប់គ្រង​ផ្សារ​ទំនើប​នេះ ឲ្យ​បានល្អ​ជាមុន​។ ជាក់ស្ដែង​ ការ​រចនា​ស្ថាបត្យកម្ម ត្រូវបាន​ផ្អែកទៅលើ​គោលដៅ ២ គឺ​ការបង្កើត​ទីកន្លែង​សម្គាល់​ក្នុង​ចិត្ត​ប្រជាជន និង​ការបង្កើត​អគារ​ ដែលមាន​និរន្តរភាព​។ ការបំពាក់​នូវ​កញ្ជក់​លើដំបូល សម្រាប់​ឲ្យ​ពន្លឺ​ចូល រួម​ជាមួយនឹង​ការដាំ​ដើមឈើ​ក្នុង​បរិវេណ​ផ្សារ ផ្ដល់នូវ​ពន្លឺ និង​ខ្យល់អាកាស​គ្រប់គ្រាន់ ធ្វើ​ឲ្យ​អ្នកដើរ​ផ្សារ ​មិន​យល់ថា ខ្លួន​ស្ថិតនៅក្នុង​អគារ​អួរ​អាប់ តែ​ផ្ទុយទៅវិញ ទទួល​បា​នូវ​អារម្មណ៍​ស្រស់ស្រាយ បែប​ធម្មជាតិ​។​​

ផ្សារ​ទំនើប​នេះ ក៏​ផ្ដល់នូវ​ទីកន្លែង​ធំ​ទូលាយ សម្រាប់​បរិវេណ​ផ្សារ​ទូទៅ​រហូតដល់​ទៅ ៥០​ភាគរយ​នៃ​ទំហំ​ផ្សារ​សរុប សម្រាប់​អ្នកដើរ​ផ្សារ ដើរលេង និង​ជួបជុំ បង្កើតជា​ចំណុច​ប្រជុំជន​មួយ​ សម្រាប់​សហគមន៍​។​

ផ្សារ​ទំនើប​នេះ មាន​តូប​សរុប​ចំនួន ៣២ ចាប់ពី​ទំហំ​តូច​ទៅ​មធ្យម​និង​ធំ ស្ដង់​តូចៗ​ចំនួន ២ និង​កន្លែង​ដាក់​ម៉ាស៊ីន​ដក​ប្រាក់ ចំនួន ៣​។ បើ​គិត​ជា​ភាគរយ ទីតាំង​សម្រាប់​ការកម្សាន្ត​មាន ៤៤%, ភោជនីយដ្ឋាន មាន ៣២%, ផ្សារ​ទំនើប​មាន ២៣% និង​ផ្សេងៗ​ទៀត​សម្រាប់​សេវាកម្ម​ផ្សេងៗ​។​​

ផ្សារ​ទំនើប MidTOWN MALL ត្រូវបាន​បង្កើតឡើង​ដោយ ក្រុមហ៊ុន Kao Cheng International Enterprise Co., Ltd ដែលជា​អ្នក​អភិវឌ្ឍន៍​ មានបទពិសោធន៍​ជាង ២៥​ឆ្នាំ គ្របដណ្ដប់​យ៉ាង​ទូលំទូលាយ​លើ​ផ្នែក​អភិវឌ្ឍន៍​, ការកសាង​, ការជួសជុល និង​ការបម្រើ​សេវាកម្ម​អតិថិជន​។ ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ មាន​មូលដ្ឋាន​នៅ​ប្រទេស​តៃវ៉ាន់ ហើយ​ចង់​នាំយក​នូវ​បទពិសោធន៍​របស់ខ្លួន មកកាន់​ទីផ្សារ​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នកធ្វើអាជីវកម្ម និង​អ្នកដើរ​ផ្សារ​នៅ​ប្រទេស​កម្ពុជា​៕