ព័ត៍មានទាន់​ហេតុការណ៏
Search

ឡុង រ៉ា​មី និង លាភ រដ្ឋា ឡើងទៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​TV5 Knock Out Series ទម្ងន់​៦០​គ​.​ក្រ

អ្នកឈ្នះ​២​នាក់ ក្នុងការ​ប្រកួត​ជុំ​ទី​៣ ដែលជា​ការប្រកួត​វគ្គ​ជម្រុះ​៨​នាក់​ចុងក្រោយ ដើម្បី​រក​កៅអី​សម្រាប់​ឈានឆ្ពោះ​ទៅ​ប្រកួត​បន្ត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សម្រាប់​ដណ្ដើម​ពានរង្វាន់​ជើងឯក TV5 Knock Out Series ទម្ងន់​៦០​គ​.​ក្រ​នោះ គឺ​ឡុង រ៉ា​មី អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ពួកគេ​ទាំងពីរ បានឈ្នះ​លើ​ដៃគូ​ប្រកួត កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​០៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៨ នៅ​សង្វៀន​TV5 ព្រែកកំពឹស​នោះ។

ឡុង រ៉ា​មី គេ​បាន​យកឈ្នះ​វុត្ថា លាន់​លិញ អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៣​ទឹក​ពេញ​នោះ ។ ដូច្នេះ វុត្ថា លាន់​លិញ គេ​ត្រូវ​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍​ពានរង្វាន់​ជើងឯក​Knock Out Series ទម្ងន់​៦០​គ​.​ក្រ ត្រឹម​ជុំ​ទី​៣​នេះ ឯ ឡុង រ៉ា​មី គេ​នឹងត្រូវ​បន្ត​ការប្រកួត​ជម្រុះ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ វគ្គ ៤ នាក់ ចុងក្រោយ​បន្តទៀត ។​

ចំពោះ លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ ក៏បាន​វាយ​ឈ្នះ​កំពែង ខ្មៅ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ដោយ​ពិន្ទុ​ដែរ បន្ទាប់ពី​ប្រកួត​គ្នា​៣​ទឹក​នោះ ។ ដូច្នេះ កំពែង ខ្មៅ ត្រូវ​ហាលអាវ​ត្រឹមនេះ ហើយ​លាភ រដ្ឋា ត្រូវ​នៅ​បន្ត​ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្តទៀត។​

គួរ​បញ្ជាក់ថា ការប្រកួត​ជម្រុះ​ជុំ​ទី​៣​នេះ ចម្រាញ់​បាន​អ្នក​ប្រដាល់​ចំនួន​៤​នាក់ សម្រាប់​ឡើងទៅ​បន្ត​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពានរង្វាន់​ជើងឯក​TV5 Knock Out Series ទម្ងន់​៦០ គីឡូក្រាម ។​ហើយ​ពេលនេះ រកឃើញ​២​រូប​ហើយ គឺ​លាភ រដ្ឋា និង ឡុង រ៉ា​មី ។​

ចំពោះ ការប្រកួត​ជាល​ក្ខ​ណះ​មិត្តភាព​អន្តរជាតិ​វិញ​នោះ ទេស ជីវ៉ា អ្នក​ប្រដាល់​ជើង ខ្លាំង​កម្ពុជា​នៃ​ក្លិប​កងពលតូច​លេខ​៧០ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​Pich Srak Keo អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣ ក្រោយពី​ជីវ៉ា​បាន​ទាត់​ជើង​ក្រោម​របស់គេ​អោយ​ឈឺ​ត្រង់​សន្លាក់​ជង្គង់​ខាងឆ្វេង​នោះ ។​
​ដោយឡែក ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ដែល​ឡើងមក​សងសឹក​ធី តុង​ហ៊ី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ​នោះ ផល​ឌឿ​សងសឹក​មិនបាន​សម្រេច​នោះឡើយ ដោយ​វាយ​ចាញ់​ធី តុង​ហ៊ី ដោយ​ពិន្ទុ​ទៀត៕ ​