ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងយុត្តិធម៌ ​៖ ការដោះលែង​លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ក្រោម​ហេតុផល​សុខភាព

ភ្នំពេញ​ ៖ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ នៅវេលា​ម៉ោង​ប្រមាណ​៣ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​នៅ​គេហដ្ឋាន កាលពី​រាត្រី​ថ្ងៃទី​០២ ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ កន្លងមក ក្រោម​បទចោទប្រកាន់​ពីបទ​ក្បត់ជាតិ​។

លោក ផែង ហេង មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​បញ្ជាក់​កាលពី​ព្រឹក ថ្ងៃទី​១០ ខែកញ្ញា ថា លោក កឹម សុខា ពិតជា​ត្រូវ​បាន​ដោះលែង​មែន ហើយក៏​បាន​មក​ដល់ផ្ទះ​ផងដែរ ប៉ុន្តែ​នៅក្នុង​ការ​ដោះលែង​នេះ មាន​លក្ខខណ្ឌ​មួយចំនួន ដែល​មិនអាច​ឲ្យ​លោក កឹម សុខា ជួប​ជាមួយ​ប្រជាពលរដ្ឋ​ទេ​។ លោក​មេធាវី​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការ​ត្រួតពិនិត្យ​តាម​មាត្រា​២២៣ ហើយ​ក្នុង​នោះ​មានការ​ហាម​មិន​ជួប​ថ្នាក់ដឹកនាំ​គណបក្ស​, ហាម​ជួប​ជនបរទេស និង​ហាម​ជួប​បុគ្គល​ដែល​អាច​មាន​ការ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង ឬ​សង្ស័យ​ក្នុង​សំណុំរឿង​។ ដូច្នេះ​ទើប​លោក កឹម សុខា មិនអាច​ចេញមក​ជួប​ជាមួយ​ប្រជាពលរដ្ឋ ជា​មួយ​សកម្មជន​បានទេ ហើយ​លុះត្រាតែ​មានការ​អនុញ្ញាត​ពី​ចៅក្រម​សិន​។

ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ថា លោក កឹម ត្រូវ​បាន​ដោះលែង​ហើយ ហេតុ​អី​ត្រូវ​បន្ត​សាកសួរ​អ្នក​ពាក់ព័ន្ធ ? លោក ផែង ហេង អះអាង​ថា នៅក្នុង​នីតិវិធី​របស់​តុលាការ នៅក្នុង​ដំណាក់កាល​ស៊ើបសួរ ចៅក្រម​មាន​សិទ្ធិ​ទូលំទូលាយ​ក្នុង​ការ​ស្រាវជ្រាវ​រក​ភស្តុតាង​មក​ដាក់បន្ទុក ដូច្នេះ​ទោះបី​លែង​បណ្តោះអាសន្ន​មែន តែ​នីតិវិធី​របស់​តុលាការ​នៅតែ​បន្ត​តាម​ការយល់ឃើញ​របស់​ចៅក្រម​។

ចំណែក​លោកស្រី ម៉េង សុធា​រី ដែល​ជា​មេធាវី​ការពារ​ក្តី​លោក កឹម សុខា មួយរូប​ដែរ​នោះ បាន​អះអាង​ថា “​ការ​នៅ​ក្រៅ​ឃុំ​ពេលនេះ ជា​ការ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ហើយ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នៅឡើយ មានន័យថា តុលាការ​បាន​ដាក់​កាតព្វកិច្ច​មួយចំនួន​ឲ្យ​អនុវត្តតាម ប្រសិនបើ​មិន​អនុវត្ត​តាម គឺ​គេ​នឹង​យក​គាត់​ទៅ​ពន្ធនាគារ​វិញ​… ហើយ​លក្ខខណ្ឌ​នោះ​មាន​ដូច​ជា ហាម​ជួប​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហាម​ជួប​ជនបរទេស ជាពិសេស​ជនបរទេស​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង ប៉ុន្តែ​យើង​មិនទាន់​បាន​ដឹង​ថា ជនបរទេស​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង ជា​នរណា​ទេ ហើយ​ថ្នាក់ដឹកនាំ ក៏​មិនទាន់​ដឹងថា កំរិត​ណា​ដែរ និង​ហាម​ជួប​ប្រជុំ​នយោបាយ​ជាដើម​…​ដូច​ពេលនេះ​ជាដើម ដែល​គាត់​មិនអាច​ចេញ​មកជួប​បងប្អូន​បាន​”​។

តាម​លោកស្រី ម៉េង សុធា​រី ការ​ដោះលែង​នេះ “​ខ្ញុំ​មិនអាច​ដឹងថា ហេតុ​អី​នោះទេ គ្រាន់តែ​ដឹងថា កន្លងមក​ថ្នាក់ដឹកនាំ បើ​ខ្ញុំ​មិន​ច្រឡំ​ទេ ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា​អះអាងថា ការដោះលែង​អតីត​សកម្មជន​បឹងកក់ សកម្មជន​ដីធ្លី អតីត​បក្សប្រឆាំង​កន្ល​ង​មក គឺ​ក្នុងន័យ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ចឹ​ង​យើង​សង្ឃឹមថា កូនក្តី​យើង​បាន​នៅក្រៅ​ឃុំ​ក៏ពិតមែន តែ​ស្ថិតនៅក្រោម​លក្ខខណ្ឌ ហើយ​មិនអាច​ចេញ​ជួប​បងប្អូន​បាន ខ្ញុំ​សង្ឃឹមថា គាត់​អាចមាន​ឱកាស​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​”​។

ទាក់ទង​បញ្ហា​នេះ បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​ថា លោក កឹម សុខា គ្រាន់តែ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ដោយសារ​បញ្ហា​សុខភាព ប៉ុន្តែ​លោក កឹម សុខា មិនអាច​រត់​គេចខ្លួន​ពី​នីតិវិធីតុលាការ​បានឡើយ ហើយ​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ កំពុង​អនុវត្ត​នីតិវិធី​របស់​ខ្លួន​បន្ត​។

សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១០ ខែកញ្ញា បាន​ឲ្យ​ដឹងថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បង្គាប់​ឲ្យ​ដោះលែង លោក កឹម សុខា ឲ្យនៅ​ក្រៅ​ឃុំ ហើយ​បានសម្រេច​ជំនួស​មកវិញ​នូវ​វិធានការ នៃ​ការ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ភ្ជាប់​នូវ​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់​មួយចំនួន​។ ការសម្រេច​នេះ ដោយ​ផ្អែកទៅលើ​ហេតុផល​សុខភាព និង​មាន​ការធានា​ខាង​ផ្នែក​នីតិវិធី​ច្បាស់លាស់​ថា ជន​ត្រូវ​ចោទ កឹម សុខា នឹង​មិនអាច​រត់គេច​ខ្លួន​ពី​នីតិវិធីតុលាការ​ឡើយ​។

អ្នកនាំពាក្យ​បញ្ជាក់​ទៀត​ថា ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅក្នុង​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ ដែល​កំពុង​អនុវត្ត​នីតិវិធី​របស់​ខ្លួន​បន្ត​ដោយ​យកចិត្តទុកដាក់​បំផុត ស្របតាម​ច្បាប់​ជា​ធរមាន​។

ចំណែក​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹម សន្តិភាព បាន​អះអាងថា ការសម្រេច​ឲ្យ​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ក្រោម​ហេតុផល​សុខភាព និង​វិធានការ​មួយចំនួន ដែល​ត្រូវអនុវត្ត​ជា​ចាំបាច់​។ លោក​លើក​ឡើង​ថា ទាំង​ក្រុម​គ្រួសារ និង​មេធាវី​របស់​ជន​ត្រូវ​ចោទ កឹម សុខា បាន​លើក​អំពី​ហេតុផល​សុខភាព ដើម្បី​ស្នើសុំ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ការសម្រេច​លើ​ការស្នើសុំ​នេះ ជា​សមត្ថកិច្ច​របស់​ចៅក្រម​ស៊ើបសួរ តាម​ការយល់ឃើញ​ក្នុង​ឆន្ទានុសិទ្ធិ​របស់​ខ្លួន ដែលមាន​កំណត់​ក្នុង​នីតិវិធី​ច្បាប់​។

លោក​បន្ត​ថា ក្នុង​កាលៈទេសៈ ដែល​ចៅក្រម​ស៊ើបសួរ​យល់​ឃើញ​ថា ហេតុផល​សុខ​ភាពជា​កត្តាចាំបាច់ ដែល​តម្រូវ​ឲ្យ​ជន​ត្រូវ​ចោទ​គួរ​បាន​នៅ​ក្រៅ​ឃុំ ចៅក្រម​ស៊ើបសួរ​ត្រូវ​សម្រេច​ក្នុងពេលនោះ​។ សេចក្តី​សម្រេច​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ត្រូវ​កំណត់​អំពី​វិធាន​កាតព្វកិច្ច​មួយចំនួន ដែល​ជន​ត្រូវ​ចោទ​ត្រូវ​អនុវត្ត​ជា​ចាំបាច់ ហើយ​ដំណើរការ​នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ នៅតែ​បន្តទៅ​មុខជា​ប្រក្រតី​។

ក្រឡេក​ទៅ​មើល​នៅមុខ​គេហដ្ឋាន​របស់​លោក កឹម សុខា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ មាន​សកម្មជន ក៏ដូចជា​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងច្រើន​បាន​ទៅ​ទីនោះ ក្នុង​បំណង​ជួប​មុខ​លោក កឹម សុខា ប៉ុន្តែ​ត្រូវ​បាន​មេធាវី​អះអាងថា លោក កឹម សុខា មិន​ជួប​បានទេ ដោយសារ​ការ​នៅ​ក្រៅ​ឃុំ​នេះ មាន​លក្ខខណ្ឌ​មួយចំនួន​ត្រូវអនុវត្ត​។

សូម​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។

យោង​តាម​ក្រម​ព្រហ្ម​ទណ្ឌ​បទ​ធ្វើ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

ទោះបីជា​មានការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ជាច្រើនលើក​ច្រើនសារ តែ​ទីបំផុត តុលាការ​គ្រប់​ជាន់ថ្នាក់ បាន​បដិសេធ​សំណើ​នេះ​ជា​បន្តបន្ទាប់ ដោយ​អះអាង​ថា ការ​អនុញ្ញាត​ឲ្យ​លោក​កឹម សុខា នៅក្រៅ​ឃុំ គឺ អាច​ប៉ះពាល់​នីតិវិធី​។ ប៉ុន្តែ​ព្រឹត្តិការណ៍​ចុងក្រោយ ដែល​មាន​អ្នកនយោបាយ ដែលជា​សកម្មជន​បក្ស​ប្រ​ឆាង និង​បុគ្គល​សំខាន់ៗ​មួយចំនួន​ត្រូវ​បាន​តុលាការ​ដោះលែង​ជា​បន្តបន្ទាប់​នោះ មជ្ឈដ្ឋាន​ជាច្រើន​យល់ថា លោក កឹម សុខា អាច​នឹង​ត្រូវ​ដោះលែង​ផងដែរ​៕