ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ត្រាំ អបអរសាទរ​លោក គីម ដែល​ក្បួនព្យុហយាត្រា​របស់​កូរ៉េខាងជើង​គ្មាន​មី​ស៊ី​ល​នុយក្លេអ៊ែរ​

ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អបអរសាទរ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន កាលពី​ថ្ងៃអាទិត្យ​សម្រាប់​ការរៀបចំ​ក្បួនព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ​ដោយ​គ្មាន​ការបង្ហាញ​ពី​មី​ស៊ី​ល​នុយក្លេអ៊ែរ​តាម​ទម្លាប់​ដើម្បី​អបអរ​ខួប​លើក​ទី​៧០​នៃ​ប្រទេស​របស់លោក​។​

លោក​បាន​បង្ហោះ Twitter ថា “​នេះ​គឺជា​សេចក្តីថ្លែងការណ៍​ដ៏​ធំធេង​និង​វិជ្ជមាន​ពី​ប្រទេស​កូរ៉េខាងជើង​។ សូម​អរគុណ​ចំពោះ​លោក​ប្រធាន​គីម​។ យើង​នឹង​បង្ហាញថា ការគិត​របស់​អ្នក​រាល់គ្នា​គឺ​ខុសឆ្គង​! ។ គ្មានអ្វី​ល្អ​ដូច​ការសន្ទនា​ល្អ​ពី​មនុស្ស​ពីរ​នាក់​ដែល​ចូលចិត្ត​គ្នា​ទៅវិញទៅមក​នោះទេ​។ វា​ល្អប្រសើរ​ជាង​មុនពេល​ខ្ញុំ​ឡើងកាន់តំណែង​ទៅទៀត​”​។​

ការ​បង្ហោះ Twitter នេះ​រួមបញ្ចូល​ទាំង​សម្រង់​មួយ​ផងដែរ​ដែល​និយាយថា ក្រុម​អ្នកជំនាញ​ជឿជាក់ថា មី​ស៊ី​ល​ត្រូវបាន​កាត់​ចេញពី​ក្បួន​ដង្ហែ​នេះ​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​ចំពោះ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

ប្រធានាធិបតី​អាមេរិក​បាន​និយាយថា “​ប្រធានបទ​គឺ​សន្តិភាព​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​”​។​
​មិនមាន​សញ្ញា​នៃ​រ៉ុក្កែត Hwasong-14 និង -15 ដែល​អាចឈាន​ទៅដល់​ដីគោក​សហរដ្ឋអាមេរិក​និង​ការផ្លាស់ប្តូរ​តុល្យភាព​យុទ្ធសាស្ត្រ​ទេ​នៅពេលដែល​ពួកគេ​ត្រូវបាន​ធ្វើតេស្ត​ជា​លើកដំបូង​កាលពី​ឆ្នាំមុន​។​

លោក​គីម​ក៏បាន​ប្រើ​ក្បួនព្យុហយាត្រា​នេះ​ដើម្បី​បង្ហាញ​ពី​មិត្តភាព​របស់លោក​ជាមួយ​ប្រទេស​ចិន​ផងដែរ​ដោយ​លោក​បាន​លើកដៃ​បេសកជន​របស់លោក​ប្រធានាធិបតី​ស៊ី​ជីន​ភីង​នៅពេល​ពួកគេ​គោរព​ហ្វូងមនុស្ស​ជាមួយគ្នា​។​

ការអញ្ជើញ​អ្នក​ទូត​សម្រាប់​ពិធី​ខួប​នេះ​បាន​បញ្ជូនទៅ​ទូទាំង​ពិភពលោក​ប៉ុន្តែ​ប្រមុខរដ្ឋ​តែមួយគត់​ដែល​បាន​ចូលរួម​នោះ​គឺ​ប្រធានាធិបតី​ម៉ូ​រីតា​នី​លោក Mohamed Ould Abdel Aziz បើទោះបីជា​ភ្នាក់ងារ​សារព័ត៌មាន AFP បាន​មើលឃើញ​តារាភាពយន្ត​បារាំង​លោក Gerard Depardieu អង្គុយ​នៅក្នុង​បន្ទប់​ខាងក្រោម​សាល​ធំ​ក៏ដោយ​។​

លោក ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​រំពឹងថា​នឹង​ទទួល​លិខិត​មួយ​ពី​លោក​គីម​។ ចាប់តាំងពី​ពេលនោះ​មក​គាត់​មាន​សុទិដ្ឋិនិយម​អំពី​ស្ថានភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

មេដឹកនាំ​ទាំងពីរ​បាន​ជួបគ្នា​កាលពី​ខែមិថុនា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដោយ​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នារ​យៈ​ពេល​រាប់​ខែ​ជុំវិញ​ការសាកល្បង​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​៕ AFP