ព័ត៍មានទាន់​ហេតុការណ៏
Search

UN ជំរុញ​ឲ្យ​អេ​ហ្ស៊ី​ប​កែប្រែ​ការកាត់ទោស​ប្រហារជីវិត​ដោយ​អយុត្តិធម៌

អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការអះអាង​ពី​ការកាត់ទោស​ប្រហារជីវិត​មនុស្ស​ចំនួន​៧៥​នាក់​របស់​តុលាការ​អេ​ហ្ស៊ី​ប​គឺ​មិន​ផ្អែកលើ​ការកាត់ក្តី​ដោយ​យុត្តិធម៌​ទេ​ហើយ​គួរតែ​ត្រូវ​កែប្រែ​វិញ​។ ការលើកឡើង​នេះ​បាន​បង្ក​ឲ្យ​មានការ​ផ្កោ​ល​ទោស​ពី​ទីក្រុង​គែរ​។​

ប្រមុខ​សិទ្ធិមនុស្ស​ថ្មី​របស់​អង្គការសហប្រជាជាតិ​លោកស្រី Michelle Bachelet បាន​និយាយថា លោកស្រី​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សេចក្តីសម្រេច​ដែល​ចេញ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​ទីក្រុង​គែរ​កាលពី​ថ្ងៃ​សៅ​រ៏​នៅក្នុង​ការកាត់ក្តី​ធំ​បំផុត​មួយ​ចាប់តាំងពី​ការបះបោរ​ឆ្នាំ​២០១១​មក​។​

លោកស្រី Bachelet ដែល​បាន​កាន់តំណែង​ជា​ប្រធានការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​កាលពី​សប្តាហ៍​មុន​បាន​អំពាវនាវ​ដល់​តុលាការ​ឧទ្ធរណ៍​អេ​ហ្ស៊ី​ប​ឲ្យ​ពិនិត្យឡើងវិញ​នូវ​សាលក្រម​នេះហើយ​ធានាថា ស្តង់ដារ​នៃ​យុត្តិធម៌​អន្តរជាតិ​ត្រូវបាន​គោរព​។​

ក្រសួងការបរទេស​អេ​ហ្ស៊ី​ប​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយថា ខ្លួន​សូម​ថ្កោលទោស​ខ្លាំងក្លា​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​លោកស្រី Michelle Bachelet ហើយ​ចោទប្រកាន់​ប្រមុខ​សិទ្ធិមនុស្ស​ថ្មី​របស់​អង្គការសហប្រជាជាតិ​អំពី “​ការខ្វះ​វត្ថុ​វិស័យ​”​។​

មនុស្ស​ចំនួន​៧៥​នាក់​ដែល​បានទទួល​ការកាត់ទោស​ប្រហារជីវិត​ជា​លើកដំបូង​នៅក្នុង​ខែកក្កដា​គឺ​ស្ថិតក្នុង​ចំណោម​ជនជាប់ចោទ​ចំនួន​៧៣៩​នាក់​ដែល​ត្រូវបាន​កាត់ទោស​នៅក្នុង​ករណី​ដូចគ្នា​ដែល​ភាគច្រើន​នៃ​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​ប៉ូលិស​និង​បំផ្លិចបំផ្លាញ​ទ្រព្យ​អចលនទ្រព្យ​អំឡុង​ការប៉ះទង្គិច​ឆ្នាំ​២០១៣​រវាង​កងកម្លាំង​សន្តិសុខ​និង​អ្នកគាំទ្រ​នៃ​ប្រធានាធិបតី​ឥស្លាម​និយម​ដែល​ត្រូវ​បណ្តេញចេញ​លោក Mohamed Morsi​។​

លោកស្រី Bachelet បានកត់សម្គាល់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​មនុស្ស​ចំនួន​៧៣៩​នាក់​ត្រូវបាន​គេ​កាត់ទោស​និង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​មាន​តំណាង​ផ្នែក​ច្បាប់​ជា​បុគ្គល​នៅ​ចំពោះមុខ​តុលាការ​ទេ​”​។​

ដោយយោង​ទៅតាម​ភាពមិន​យុត្តិធម៌​ជាក់ស្តែង​នៃ​ការជំនុំជម្រះ​ក្តី លោកស្រី​បាន​ព្រមាន​ថា “​ប្រសិនបើ​ត្រូវបាន​អនុវត្ត​មែន​នោះ ការកាត់ទោស​ប្រហារជីវិត​មនុស្ស​៧៥​នាក់​ដែល​ត្រូវបាន​អះអាង​កាលពី​ម្សិលមិញ​នឹង​តំណាង​ឲ្យ​ការរាំងស្ទះ​ដ៏​ធំ​និង​មិនអាច​កាត់ផ្តាច់​បាន​នៃ​យុត្តិធម៌​”​។​

ក្រសួងការបរទេស​នៅ​ទីក្រុង​គែរ​បាន​និយាយថា អេ​ហ្ស៊ី​ប​ច្រានចោល​អ្វី​ទាំងអស់​ដែល​ត្រូវបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះហើយ​ច្រានចោល​ការចោទប្រកាន់រ​បស់​លោកស្រី Bachelet ប្រឆាំងនឹង​ប្រព័ន្ធតុលាការ​របស់​អេ​ហ្ស៊ី​ប​។​

គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៣​ដែលជា​ថ្ងៃ​បង្ហូរឈាម​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​អេ​ហ្ស៊ី​ប​មួយខែ​បន្ទាប់ពី​កងទ័ព​បាន​បណ្តេញ​លោក Morsi, ប៉ូលិស​បាន​បំបែក​ជំរំ​តវ៉ា​ឥស្លាម​និយម​នៅ​ទីលាន Rabaa al-Adawiya ក្នុង​ទីក្រុង​គែរ​៕ AFP