ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​គ្រឿង​ឥស្សរិយយស​«​មហា​ក​ណ្ឋា​ភណ្ឌ​ឯករាជ​ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា​»​ ជា​កិ​ច្ចប​ច្ឆា​មរណៈ​ជូន​សព​លោក​បណ្ឌិត Beat Richner

ភ្នំពេញ ​៖ ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ប្រោស​ព្រះរាជទាន​ជា​កិច្ច​ប​ច្ឆា​មរណៈ គ្រឿង​ឥស្សរិយយស «​មហា​ក​ណ្ឋា​ភណ្ឌ​ឯករាជ​ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា​» ជូន​សព​លោក​បណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា។ នេះ​បើ​យោងទៅលើ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ៩ ខែ កញ្ញា​របស់​ព្រះមហាក្សត្រ។

លោក​វេជ្ជបណ្ឌិត Beat Richner ដែល​ទទួលមរណៈភាព​ក្នុង​វ័យ​៧១​ឆ្នាំ​គាត់ ​គឺជា​ជនជាតិ​ស្វី​ស។ ​លោក​ទទួល​សញ្ញាបត្រ​វេជ្ជសាស្ត្រ​ឯកទេស​ថែទាំ​កុមារ​នៅ​មន្ទីរពេទ្យ នៅ​ឆ្នាំ​១៩៧៣។ លោក​ត្រូវបាន​បញ្ជូនមក​ធ្វើការ​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ ១៩៧៤​ដល់​ឆ្នាំ ១៩៧៥ ក្នុងតួនាទី​ជា​មន្ត្រី​របស់​កាកបាទក្រហម​ប្រទេស​ស្វី​ស​។ តែ​ក្រោយមក លោក​ត្រូវ​បង្ខំចិត្ត​វិល​ទៅ​ប្រទេស​កំណើត​វិញ នៅ​គ្រា​ដែល​ពួក​ខ្មែរក្រហម​បាន​ចូលមក​កាន់កាប់​ប្រទេស​កម្ពុជា​។

លុះដល់​ឆ្នាំ​១៩៩២ ពេលដែល​ប្រទេស​ក្រីក្រ​មួយ​នេះ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ លោក Beat Richner ក៏បាន​ត្រឡប់​មកកាន់​កម្ពុជា​វិញ​តាម​ការអញ្ជើញ​របស់​ស​ម្តេច​ឪ នរោត្តម សីហនុ ដែល​ស្នើ​ឲ្យ​វេជ្ជបណ្ឌិត​រូបនេះ​ជួយ​សាងសង់​ឡើងវិញ​មន្ទីរពេទ្យ​គន្ធបុប្ផា បន្ទាប់ពី​មន្ទីរពេទ្យ​ដែល​ព្យាបាល​កុមារ​មួយ​នេះ​រង​ការបំផ្លិចបំផ្លាញ​ដោយ​របប​ខ្មែរក្រហម​។​ មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ព្យាបាល​កុមារ​ខ្មែរ​រាប់​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ​ឥត​ថ្លៃ​នោះ គិត​រហូត​មក​ដល់ពេលនេះ មាន​អាយុកាល​២៦​ឆ្នាំ​ហើយ បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​១៩៩២​។ លោក​វេជ្ជបណ្ឌិត Beat Richner គឺជា​អ្នក​សម្ដែង​សិល្បៈ​តាមរយៈ​ការ​លេង​សូរ​ឡូ ឬ​កូដវីយូឡុង ដើម្បី​ប្រមែប្រមូល​ថវិកា​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។ មន្ទីរពេទ្យ​គន្ធបុប្ផា បច្ចុប្បន្ន​មាន​៥​ទីតាំង គឺ​៤​ទីតាំងនៅ​ភ្នំពេញ​និង ១​ទីតាំងនៅ​ខេត្ត​សៀម​រាម​។ ក្នុង​មួយថ្ងៃ មន្ទីរពេទ្យ​នេះ​ទទួល​ព្យាបាល​ជំងឺ​ទូទៅ​ដល់​កុមារ​ចន្លោះ​ពី​២៥០០​ទៅ​៣០០០​នាក់​។ ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​បានមកពី​សប្បុរសជន រដ្ឋាភិបាល​ស្វី​ស និង​រដ្ឋាភិបាល​កម្ពុជា​។ មាន​កុមារ​ចំនួន​ជាង ១៦​លាន​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ដោយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​រយៈពេល​២៦​ឆ្នាំ​មកនេះ​។

ក្រោយពី​ចំណាយពេល​ស្ទើរ​មួយជីវិត​ដើម្បី​កុមារ​កម្ពុជា លោក​វេជ្ជបណ្ឌិត Beat Richner បានប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​មន្ទីរពេទ្យ​នេះ នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧ ដោយសារ​លោក​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ និង​ត្រូវ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ស្វី​ស​ជាទី​កន្លែង​កំណើត។ ក្រោយពី​អវត្តមាន​របស់លោក​ប​ណ្ឌិ​ត Beat Richner រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​នៃ​មន្ទីរពេទ្យ​នេះ​ដោយ​ខ្លួនឯង​តែ​នៅ​រក្សា​មូលនិធិ​ចាស់​ឲ្យ​នៅ​ដដែល។

លោក​វេជ្ជបណ្ឌិត Beat Richner បានទទួល​មរណភាព​ក្នុង​ជន្មាយុ​ជន្មាយុ​៧១​ឆ្នាំ​នៅ​ប្រទេស​ស្វី​ស​ដែលជា​ប្រទេស​កំណើត​របស់លោក​កាលពី​ថ្ងៃទី​០៩ ខែកញ្ញា បន្ទាប់ពី​លោក​វេជ្ជបណ្ឌិត​បាន​ធ្លាក់ខ្លួន​ឈឺ​អស់​ជាច្រើន​ខែ។ ទោះបីជា​គ្មាន​ឈាមជ័រ​ជា​ខ្មែរ តែ​លោក​វេជ្ជបណ្ឌិត Beat Richner បាន​ចំណាយពេល​ស្ទើរតែ​ពាក់​កណ្តាល​ជីវិត ចុងក្រោយ​របស់លោក ដើម្បី​កុមារ​កម្ពុជា។

ក្រោយ​ទទួលដំណឹង​មរណភាព​របស់ លោក​វេជ្ជបណ្ឌិត Beat Richner បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ មន្ដ្រី​គ្រប់​ក្រសួង​-​ស្ថាប័ន និង ប្រជាពលរដ្ឋ​ខ្មែរ សម្ដែង​នូវ​ការ​ស្តាយស្រណោះ​អាឡោះអាល័យ​យ៉ាងខ្លាំង ចំពោះ​រូបលោក ក៏ដូចជា​ទង្វើ​ប្រកបដោយ​គុណធម៌​របស់លោក​ផងដែរ​៕