ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ប្តេជ្ញា​បន្ត​បំណងប្រាថ្នា​របស់​លោក​វេ​ជ្ជ​បណ្ឌិត Beat Richner ក្នុង​ការជួយ​កុមារ​កម្ពុជា

ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សន្យា​នឹង​បន្ត​បំណងប្រាថ្នា​របស់​វេជ្ជបណ្ឌិត Beat Richner ក្នុង​ការ​ជួយ​កុមារ​កម្ពុជា​នៅក្នុង​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត បើ​ទោះ​បី​លោក​វេជ្ជបណ្ឌិត​បាន​ទទួល​មរណភាព​ក៏ដោយ​ក្តី។ នេះ​បើ​តាម​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​ជូន​លោក Alain Berset ប្រធានាធិបតី​សហព័ន្ធ​ស្វី​ស​ចំពោះ​មរណភាព​របស់ លោក​វេជ្ជបណ្ឌិត Beat Richner​។

នៅក្នុង​សារលិខិត​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា «​ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ​តាងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​សមាន​ទុក្ខ​យ៉ាង​ស្មោះស្ម័គ្រ​បំផុត​តាម រយៈ​ឯកឧត្តម ជូន​គ្រួសារ​សព​ដែល​បាន​បាត់បង់​សមាជិក​ជាទី​ស្រលាញ់​របស់ខ្លួន។ ស្មារតី និង​សមិទ្ធផល​ដ៏​ថ្លៃថ្លា​របស់​សព​ លោក​វេជ្ជបណ្ឌិត​នឹង​ស្ថិត​ក្នុង​បេះដូង​យើងខ្ញុំ។

យើ​ខ្ញុំ​នឹង​បន្ត​បំណងប្រាថ្នា​របស់​គាត់​ក្នុង​ការជួយ​កុមារ​កម្ពុជា​នៅក្នុង​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត។ យើងខ្ញុំ​សូម​បួងសួង​ឲ្យ​ព្រលឹង​របស់​លោក​វេជ្ជបណ្ឌិត​បាន​ទៅកាន់​សុ​គិត​ភព​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀត​ថា «​ខ្ញុំ​បានទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត អំពី​អនិច្ចកម្ម​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ ២០១៨ របស់​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធ​បុ​ប្ផា​នៅ​ប្រទេស​កម្ពុជា។ មរណភាព​របស់​លោក​វេជ្ជបណ្ឌិត​គឺជា​ការបាត់បង់​ជន​ដ៏​មហិមា​មួយ​រូប ដែល​ប្តូរផ្តាច់​មិន​គិតពី​ខ្លួនឯង​ក្នុង​ការ​ជួយសង្គ្រោះ​កុមារ​និង​ស្ត្រី​កម្ពុជា​រាប់​លាន​នាក់​ ចាប់តាំងពី​ឆ្នាំ​១៩៩២»​។

ជា​មួយ​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​ជូន​លោក​ប្រធានាធិបតី​ស្វីស​ទៀត​ថា លោក​វេជ្ជបណ្ឌិត ក៏​ជា​បុ​គ្គ​ល​មួយរូប​ដែល​សម្តេច​រួម​ទាំង​ប្រជាជន​កម្ពុជា​តែងតែ​ចងចាំ​ថា បាន​រួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​របស់​ប្រទេស​កម្ពុជា។

លើស​ពី​នេះ មេត្តាធម៌ និង​បេះដូង​ប្រកបដោយ​ក្តី​ស្រលាញ់​របស់​លោក​វេជ្ជបណ្ឌិត​ចំពោះ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​ចងចាំ​ជា​រៀងរហូត​។

គួរ​រំលឹក​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ឡើង​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ ២០១៨ ដើម្បី​បន្ត​និរន្តរភាព​នៃ​មន្ទីរពេទ្យ​មួយ​នេះ។ កុមារ​កម្ពុជា​នឹង​បន្ត​ទទួល​បាន​ការធានា​នូវ​ការ​គាំពារ​ផ្នែក​សុខភាព ប្រកបដោយ​គុណភាព និង​ដោយ​មិន​គិតថ្លៃ​។​ ច្បាស់​ណាស់ ​នេះ​គឺជា​ការ​សម្រាល​បន្ទុក​ដ៏​ធំ​មួយ​ចំពោះ​ឪពុកម្តាយ​ទាំងអស់គ្នា​ទាំង​ខាង ទិដ្ឋភាព​ហិរញ្ញវត្ថុ និង ទាំង​ខាង​ផ្លូវចិត្ត​។

លោក​សាស្ត្រាចារ្យ ប៊ីត រី​ច​ណឺ (Beat Richner) ដែល​ជា​វីរជន​និង​ជា​ស្ថាបនិក «​មូលនិធិ​គន្ធបុប្ផា​ប្រទេស​ស្វីស​» រាជរដ្ឋាភិបាល​កម្ពុជា និង ប្រជាជន​កម្ពុជា​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ពី​ចម្ងាយ​ជាថ្មី​ម្តង​ទៀត ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​របស់​លោក​សាស្ត្រាចារ្យ Beat Richner ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី និង ធនធាន​ហិរញ្ញវត្ថុ ដើម្បី​សាង​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ក្នុង​រយៈពេល​២៥ឆ្នាំ​កន្លង​មក​នេះ​ សម្រាប់​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា និយាយ​ជារួម​នឹង​ដល់​កុមារ​កម្ពុជា​និយាយ​ដោយឡែក​។

​សូម​ជម្រាប​ថា លោក Beat Richner បាន​ទទួល​មរណភាព​នៅវេលា​ម៉ោង​២និង៤៥​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៧១​ឆ្នាំ នៅ​ប្រទេស​ស្វី​ស៕