ព័ត៍មានទាន់​ហេតុការណ៏
Search

ឡាន​ដឹក​ដី​បុក​រះ​ឡាន​ និង ​ម៉ូតូ​ របួសធ្ងន់​ស្រាល​បី​នាក់​

ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​បោះពួយ បោល​ទៅបុក​គូទ​រថយន្ត​តា​កុមា​១​គ្រឿង ហើយ​រេ​ចង្កូត​ទៅ​បំណែក​ផ្លូវ​ម្ខាង​បន្ត​ទៅ​បុក​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​៣​នាក់​ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រសៀល ​ថ្ងៃទី​១០​ខែកញ្ញា​ ឆ្នាំ​២០១៨​ ស្ថិត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​២​ ខណ្ឌពោធិ៍​សែន​ជ័យ​។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក ហ៊ី​យ៉ាន់​ដាយ​បែន​កង់​៦ ពណ៌​ស​ ពាក់​ស្លាក​លេខ កំពង់ចាម​3A-5141 ដឹក​ដី​បើក​ក្នុង ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ ព្យាយាម​បើក​វ៉ា​ជែង​រថយន្ដ​មួយគ្រឿង​នៅ​ពីមុខ តែ​មិន​វ៉ា​មិន​ផុត​បាន​ទៅ​បុក​គូទ​រថយន្ត តា​កូមា​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-7635 បើក​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​រង​ខូចខាត បែក​ស្តុ​ប​ប៉ោង​ជញ្ជាំង​មួយ​ចំហៀង ហើយ​រថយន្ត​បង្ក បាន​រេ​ចង្កូត​ទៅ​ចំណែក​ផ្លូវ​ម្ខាង​រួច​ជ្រុល​បុក​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​ច្រាសទិស បណ្តាល​ឲ្យ ភាគី​ម៉ូតូ​ចិន​រង​របួស​ធ្ងន់ ចំណែក​ម៉ូតូ​វីវ៉ា​ជិះ​២​នាក់​ប្តី​ប្រពន្ធ​រង​របួស​ស្រាល។

ប្រភព​បន្ត​ទៀត​ថា ភាគី​ម៉ូតូ​ចិន ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1M-4433 បើកបរ​ដោយ ជនរងគ្រោះ ឈ្មោះ ម៉ៃ តារា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​សំណង់ ស្នាក់នៅ ភូមិ​ដំណាក់​ត្រ​យឹ​ង ​សង្កាត់​ចោមចៅ​២ មាន​ស្រុកកំណើត ភូមិ​ពោធិ៍​ស្នាយ ឃុំ ព្រៃ​គ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង រងរបួស​បាក់ជើង​ឆ្វេង វង្វេង​បាត់ស្មារតី។ ចំណែក​ភាគី​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1T-4676 ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ បើកបរ​ដោយ​ឈ្មោះ ចាន់ ប៊ុន​ថុល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រួម​ដំណើរ​ជាមួយ​ប្រពន្ធ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជនរងគ្រោះ​ទាំង​២​នាក់​រងរបួស​ស្រាល។

ក្រោយ​កើតហេតុ ជនរងគ្រោះ របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ រីឯ​ជនរងគ្រោះ​២​នាក់ ប្តី​ប្រពន្ធ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង ។ ដោយឡែក​ម៉ូតូ​២​គ្រឿង​ខូច​ខ្ទេច​ស្ទើរ​ទាំងស្រុង​និង​រថយន្ត​២​គ្រឿង សមត្ថកិច្ច​ជំនាញ ចុះទៅ​វាស់វែង​រួច យក​ទៅ​រក្សា​ទុកជា​បណ្តោះ​អាសន្ន រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕