កីឡាករ ឃួន ឡាបូរ៉ាវី ដែលសម្រេចចិត្តចេញទៅបន្តអាជីពក្នុងក្រុម Surat Thani FCសមាជិកក្នុងពានរង្វាន់លីគលំដាប់ទី៣របស់ប្រទេសថៃ (T3-League) ឆ្នាំ២០១៨មុនកាលកំណត់ បានអះអាងលើកទឹកចិត្តកីឡាករក្នុងស្រុកថាឲ្យចេញទៅបង្ហាញសមត្ថភាពក្នុងលីគប្រទេសដទៃ ដើម្បីសក្តានុពលរបស់ខ្លួន។
កីឡាកររូបនេះបានបន្តថា «ល្អចំពោះកីឡាករ ព្រោះបើមានឱកាស គាត់អាចទៅដកស្រង់បទពិសោធ ទោះកន្លះរដូវកាល ឬមួយរដូវកាលតាមតែគាត់អាចធ្វើទៅបាន។ ជួនកាលយើងគិតថា យើងលេងនៅលីគយើងវាល្អដែរហើយ តែបើបានទៅក្រៅប្រទេសទៀត យើងនឹងអាចឃើញអ្វីប្លែកៗ មួយដងក្នុងឆាកជីវិតក៏ល្អដែរ»។ កីឡាករ ឃួន ឡាបូរ៉ាវី ដែលធ្វើដំណើរទៅប្រកបអាជីពនៅក្រៅប្រទេសតាំងពីចុងខែមិថុនា កន្លងមកធ្លាប់រកបានគ្រាប់បាល់១គ្រាប់ក្នុងចំណោម៥ប្រកួតដែលបង្ហាញខ្លួនផ្លូវការជាមួយក្រុមថៃមួយនេះ។
ក្រោយពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជា វិញ ឃួន ឡាបូរ៉ាវី បានចូលរួមជាមួយក្រុមបឹងកេត តែមិនអាចបង្ហាញខ្លួនលើទីលានបាននោះទេ ដោយសារតែពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផុតកំណត់កាលបរិច្ឆេទចុះឈ្មោះកីឡាករចូលតាមក្រុមនីមួយៗហើយ។ ដូច្នេះ ឡាបូរ៉ាវី ត្រូវរង់ចាំការប្រកួតនានានៅរដូវកាលក្រោយ។
គេចាំបានថា កីឡាករ ឃួន ឡាបូរ៉ាវី ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេប្រចាំព្រឹត្តិការណ៍ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពោលគឺឈ្នះ៤លើកច្រើនជាងកីឡាករដទៃ គិតតាំងបង្កើតឡើងដំបូងនៅឆ្នាំ២០០៧ មកពោលគឺនៅឆ្នាំ២០១១ និង២០១២ ជាមួយក្រុមខេត្តស្វាយរៀង (ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្ន) នៅឆ្នាំ២០១៤ និង២០១៧ ជាមួយបឹងកេត។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានចាប់អាជីពបាល់ទាត់ដំបូងពីឆ្នាំ២០០៨ មកម្ល៉េះដោយកាលនោះចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ហើយដល់ឆ្នាំ២០១៤ រូបគេបានចេញទៅចូលរួមជាមួយក្រុមបឹងកេត រហូតដល់ បច្ចុប្បន្ន។ ចំពោះក្នុងក្រុមជម្រើសជាតិវិញ រូបគេបានបង្ហាញខ្លួនជាមួយក្រុម U23 កម្ពុជា ចាប់ពីឆ្នាំ២០០៩ ដល់២០១១ ខណៈចាប់ពីឆ្នាំ២០០៨ ដល់បច្ចុប្បន្នរូបគេក៏មានឈ្មោះលេងជាមួយក្រុមជម្រើសជាតិកម្ពុជា ផងដែរ។
កីឡាករកម្ពុជា ១,៨១ម៉ែត្ររូបនេះ ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ៣លើកគឺនៅឆ្នាំ២០១៣ ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ហើយនៅឆ្នាំ២០១៦ និង២០១៧ ឈ្នះជាមួយក្រុមបឹងកេតខណៈធ្លាប់ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១១,២០១២ ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍កីឡាករ ឃួន ឡាបូរ៉ារី ធ្លាប់ឈ្នះពានរង្វាន់កីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេដល់ទៅ៥លើក គឺក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៣ និងឈ្នះក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១១,២០១២,២០១៤និង២០១៧៕