ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើសជាតិ​ទី​ម័​រ​ខាងកើត កក់​កៅអី​ឡើងទៅ​វគ្គ​ចែក​ពូ​ល​ពានរង្វាន់ AFF Suzuki Cup 2018 ក្រោយ​ឈ្នះ​ប្រ៊ុយណេ នៅ​វគ្គ​ជម្រុះ​បឋម

ពានរង្វាន់​ជើងឯក​អាស៊ាន AFF Suzuki Cup ឆ្នាំ​២០១៨ ក្រោម​ការរៀបចំ​ពី​សំណាក់​សហព័ន្ធ​បាល់ទាត់​អាស៊ាន (AFF) បាន​ចាប់ដំណើរការ​ប្រកួត​ហើយ ប៉ុន្តែ​គឺ​ស្ថិតក្នុង​ដំណាក់កាល​ប្រកួត​ជម្រុះ​បឋម​សិន​រវាង​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ និង​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ឡើងទៅ​ប្រកួត​វគ្គ​ចែក​ពូ​ល​ជា​បន្ត​។

ចំពោះ​លទ្ធផល​នៅ​វគ្គ​ជម្រុះ​បឋម​ឃើញថា​ក្រុមទី​ម័​រ​ខាងកើត យកឈ្នះ​លើ​ក្រុម​ប្រ៊ុយណេ ៣​ទល់​១​កាលពី​ជើង​ទី​១​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន​KLFA Stadium ក្នុង​ទីក្រុង Kuala Lumpur ជា​ទឹកដី​កណ្តាល ខណៈ​ជំនួប​ជើង​ទី​២ នៅ​ថ្ងៃទី​៨​ខែកញ្ញា ឆ្នាំ​២០១៨ ធ្វើឡើង​នៅ​ប្រទេស​ប្រ៊ុយណេ ក្រុម​ម្ចាស់ផ្ទះ​បាន​យកឈ្នះ​លើ​ក្រុមទី​ម័​រ​ខាងកើត ១​ទល់​០​។ ជា​លទ្ធផល​រួម​ក្រុមទី​ម័​រ​ខាងកើត ឈ្នះ​ប្រ៊ុយណេ ៣​ទល់​២​។ ដូច្នេះ​ក្រុមទី​ម័​រ​ខាងកើត ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ជា​បន្ត​ជាមួយ​ក្រុម​៩​ផ្សេងទៀត​។

ក្រុម​ដែល​ចាំ​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​បាន​ចាប់ឆ្នោត​រួចរាល់​គឺ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ទី​ម័​រ​ខាងកើត (ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​)​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹងធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។

​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន មាន​ឈ្មោះថា AFF Championship ដោយ​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៦ មក​ម្ល៉េះ​ដោយ​ត្រូវ​ប្រកួត​រាល់​២​ឆ្នាំ​ម្ដង ប៉ុន្តែ​កាលនោះ​ក្រុម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Tiger ទើប​ប្តូរ​ឈ្មោះថា AFF Tiger Cup​។ ចូល​ដល់​ឆ្នាំ​២០០៧ ក្រុមហ៊ុន Suzuki ទទួល​សិទ្ធិ​បាន​ឧ​ប​ត្ថម្ភ​ធំ​ដល់​ព្រឹត្តិការណ៍​ទើប​ប្តូរ​ឈ្មោះ​ទៅជា AFF Suzuki Cup មកទល់​បច្ចុប្បន្ន​។ ក្រុម​ជម្រើសជាតិ​ថៃ ធ្លាប់​ឈ្នះ​ពានរង្វាន់​នេះ​បាន​ច្រើន​ជាង​គេ​គឺ​រហូតដល់​៥​លើក ហើយ​ឈ្នះ​ចុងក្រោយ​នៅ​ឆ្នាំ​២០១៦ ថ្មីៗ​នេះ​។

​សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា វិញ​នឹង​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ខណៈ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ត្រូវធ្វើ​ដំណើរ​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម នៅ​ទីក្រុង​ហាណូយ​៕