ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ជម្រើសជាតិ​កម្ពុជា លោក ប៉ែន ផាត ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ ក្រោយ​ផុត​កិច្ចសន្យា​បង្ហាត់​សិស្ស​នៅ​ប្រទេស​ថៃ

លោក ប៉ែន ផាត អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា ជំនាន់​ទសវត្ស​ទី ៦០ បាន​ផុត​កិច្ចសន្យា​បង្ហាត់​ក្រុមបាល់ទាត់​យុវជន​ថ្នាល​នៅ​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ កាលពីពេល​ថ្មីៗ ហើយ​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​បារាំង ខណៈ​លោក​ក៏​មិនមាន​ការងារ​ដែល​ធ្វើ​ពាក់ព័ន្ធ​នឹង​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា ដែលជា​ស្រុកកំណើត​។

ក្រោយ​ទៅ​ដឹកនាំ​ក្រុម​នៅ​ទីនោះ​មួយរយៈ​លោក ប៉ែន ផាត បាន​ប្រាប់ថា «​គូរ​អោយ​គោរព សរសើរ Academy (​យុវជន​ថ្នាល​) មួយ​នេះ​ណាស់​។ សិស្សៗ​គេ​យកចិត្តទុកដាក់​នឹង​អនាគត​របស់​គេ​ណាស់​ដោយ​ងើប​ម៉ោង​៥​ព្រឹក​ហាត់​ដើម្បី​ហ្វឹកហាត់ មុន​ចេញទៅ​រៀន​។ ចំណែក​ពេល​ល្ងាច​ម៉ោង​៥​កន្លះ​គេ​ចាប់ផ្តើម​ហ្វឹកហាត់​ទៀត​រហូតដល់​ម៉ោង​៧​កន្លះ​យប់ រួច​នាំគ្នា​មុជទឹក​សម្អាតខ្លួន​ទើប​ញាំ​បាយ និង​មើល​មេរៀន​។ ចាប់ពី​ម៉ោង​១០​យប់​គេ​នាំគ្នា​ចូល​គេង​។ គេ​ឈប់សម្រាក​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​និង​ព្រឹក​ថ្ងៃអាទិត្យ តែ​ពេល​ល្ងាច​មាន​រៀបចំ​ប្រកួត​។ ចំពោះ​គ្រូ​វិញ​ក៏​ហត់​ណាស់​ដែរ​តែ​សប្បាយចិត្ត ដែរ​បានឃើញ​អ្វីៗ​ដ៏​ប្រពៃ​នឹង​ភ្នែក​»​។

អតីត​វីវៈ​បុរស​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​បាន​ចុះកិច្ចសន្យា​ដឹកនាំ​ក្រុម​ឈុន​បូរី នេះ​គឺ​បង្ហាត់​ក្មេងៗ​ចន្លោះ​ពី​អាយុ​៦​ដល់​១៧​ឆ្នាំ​។ ពួក​គេ​សុទ្ធតែ​ចង់​ចេះ​លេង​បាល់​ឲ្យ​ពូកែ​ដូច​ខ្ញុំ​។ ម្យ៉ាង​ខ្ញុំ​ចេះ​ភាសា​ថៃ​ស្រាប់ ដោយសារ​ខ្ញុំ​ធ្លាប់​ធ្វើការ​នៅ​ទីនោះ​ក្នុងនាម​ជា​កីឡាករ​មិន​ពិបាក​ក្នុង​ការ​ទំនាក់​ទំនងជា​មួយ​កីឡាករ​។ ខ្ញុំ​ចុះ​កិច្ចសន្យា​រយៈពេល​តែ​កន្លះ​ឆ្នាំ​ទេ ព្រោះ​គិតថា​ចង់​ធ្វើការ​ងារ​អី​ផ្សេងទៀត​។ ខ្ញុំ​ត្រឡប់​មក​ស្នាក់នៅ​ប្រទេស​បារាំង​វិញ​មួយ​រយៈ​មក មុន​ត្រឡប់​ទៅ​ច​ចារ​កុងត្រា​ថ្មី​ជាមួយ​ក្លិប​នេះ​ឡើងវិញ​»​។

សូម​រំលឹក​ថា ​លោក ប៉ែន ផាត ធ្លាប់​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា វិញ​កាលពី​ឆ្នាំ​២០១៥-២០១៦ កន្លង​ទៅ​ដោយ​ដឹកនាំ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ប៉ុន្តែ​ដឹកនាំ​បាន​មួយ​រយៈ​លោក​បានធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ ដោយសារ​ក្លិប​មិនអាច​ធ្វើតាម​អ្វី​ដែល​លោក​ចង់បាន​។ តែ​យ៉ាង​ណា​ក្តី​លោក​នៅតែ​មិន​ដាច់​អាល័យ​ពី​កម្ពុជា​ដែរ ដោយ​លោក​នៅ​ជា​សមាជិក​ក្រុមបាល់ទាត់​វ័យចាស់​របស់​កម្ពុជា នាពេល​បច្ចុប្បន្ន​ផងដែរ​។

អំឡុង​ពេល​មាន​សង្គ្រាម លោក ប៉ែន ផាត និង​ក្រុមគ្រួសារ​បាន​រត់គេច​ទៅ​ស្នាក់នៅ​ប្រទេស​បារាំង ហើយ​លោក​បានធ្វើ​ដំណើរ​មកកាន់​កម្ពុជា​កាលពី​ចុងខែ កក្កដា ឆ្នាំ​២០១៥ កន្លងទៅ ដើម្បី​ចូល​ដឹកនាំ​ក្រុម​វេ​ស្ទើ​ន​។ លោក​មាន​អាយុ ៧០​ឆ្នាំ ជា​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា​កាលពី​ទសវត្ស​១៩៦០-៧០ ហើយ​ជំនាន់​នោះ ​លោក​ក៏បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ផង​ដែរ​នៅក្នុង​ក្លិប Rapracha នៃ​ក្របខណ្ឌ​កំពូល​របស់​ថៃ​នា​សម័យ​នោះ រហូត​ទទួលបាន​រហស្សនាម​ថា «​ពស់​កេងកង​»​។ ម្យ៉ាងទៀត​លោក​ជា​សមាជិក​ម្នាក់​ដែល​បាន​ជួយ​ឲ្យ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​នៃ ពានរង្វាន់​ទ្វីបអាស៊ី Asian Cup កាល​ពី​ឆ្នាំ​១៩៧២៕