ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ៖ ការ​ដោះលែង លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ​ដោយសារ​បញ្ហា​សុខភាព

ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​អំពី​ហេតុផល ដែល​តុលាការ​បាន​ដោះលែង​លោក កឹម សុខា កាលពី​ព្រឹក​ថ្ងៃទី ១០ ខែកញ្ញា​នេះ​គឺ​ដោយសារ​បញ្ហា​សុខភាព​របស់​លោក កឹម សុខា។ សម្តេច​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ចំនួន​២២៩​នាក់ ដែល​កំពុង​សិក្សា​នៅ​ខេត្ត​គង់​ស៊ី ប្រទេសចិន​កាលពី​ល្ងាច​ថ្ងៃទី​១០ កញ្ញា។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា « ការ​ដោះលែង​ពិរុទ្ធជន កឹម សុខា ដែល​ធ្វើឡើង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១០ ខែកញ្ញា ដោយសារ​ហេតុផល​សុខភាព​របស់ លោក កឹម សុខា»។ ជាមួយ នឹង​ការ​ថ្លែង​នោះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ការ​នៅក្រៅ​ឃុំ​របស់​ពិរុទ្ធជន កឹម សុខា គឺ​ស្ថិត​នៅ​ក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​តុលា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហើប​ពី​លិខិត​របស់​ពិរុទ្ធជន កឹម សុខា ក្នុង​ការសុំ​ការ​ជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​ក្រសួងមហាផ្ទៃ​ក្នុង​ការជួយ​ការពារ​សុខ​សុ​វត្តិភាព​ចំពោះ​រូបលោក​(​កឹម​សុខា​) បើទោះបី​ស្ថិតក្នុង​មន្ទីរឃុំឃាំង​ឬ ចេញ​នៅក្រៅ​ឃុំ។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ ដោយសារ​បញ្ហា​សុខភាព កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ កញ្ញា នេះ។

ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ពិធី​តាំង​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ នៅ​ទីក្រុង​ណាន់​នី​ង ខេត្ត​គង់​ស៊ី ប្រទេស​ចិន នៅ​រសៀល​ថ្ងៃទី​១០ ខែកញ្ញា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ខេត្ត​គង់​ស៊ី​ចំនួន ២២៩ នាក់​នៅ​ចូលជួប​សំណេះសំណាល​ជាមួយ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​និស្សិត​ទាំងអស់ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​បាន​ឆ្លៀតពេល​វេលា​ដ៏​មានតម្លៃ​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​ដែល​សម្តេច​មាន​វត្តមាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច ឬ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​អ្វីមួយ សម្តេច​តែងតែ​ជួប​ជាមួយ​បណ្តា​មេដឹកនាំ​ពិភពលោក​នានា​ក្នុង​ការ​ស្នើសុំ​អាហារូបករណ៍​ដើម្បី​អនុញ្ញាត​ឲ្យ​និស្សិត​កម្ពុជា​បាន​ចេញ​ទៅ​សិក្សា​នៅ​បរទេស​ទោះ​តិចក្តី​ច្រើន​ក្តី​ដើម្បី​យកចំណេះ​មក​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ដ៏​អភ័ព្វ​របស់​យើង ពី​គ្មានអ្វី​ទាំងអស់ កាលពី​ជាង​៣០​ឆ្នាំមុន រហូត​កម្ពុជា​សម្រេច​បាន នូវ​មហា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ ក្នុង​រយៈពេល​ប្រមាណ​២០​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​យ៉ាង​ពេញលេញ តាមរយៈ​ការ​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ ឈ្នះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា ថ្ងៃនេះ​ទើបតែ​មាន​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ ដែល​រូប​សម្តេច​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ធ្វើដំណើរ​ទៅកាន់​ក្រៅប្រទេស​ជា​លើកដំបូង បន្ទាប់ពី​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា បាន​ចាប់បដិសន្ធិ​ឡើង​កាលពី​ថ្ងៃទី​៦​កញ្ញា​កន្លងទៅ​ថ្មីៗ​នេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា រាជ រដ្ឋាភិបាល​ថ្មី នីតិកាល​ទី​៦ នឹង​ដំណើរការ​ទៅកាន់​ភាព​សំបូររុងរឿង មិន​មាន​អ្វី​មក​រាំងស្ទះ​នោះ​ទេ ដែល​នោះ​បាន​បង្ហាញ​ពី​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន​កម្ពុជា ដែល​ប្រាថ្នា​ចង់បាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​ទៅមុខទៀត​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា សម្តេច​គឺជា​ឥស្សរជន​អាស៊ាន​មួយរូប ដែល​បាន​អញ្ជើញ​មកកាន់​ទីក្រុង​ណាន​នី​ង ចំនួន​១១​លើក ពោល​គឺ​ច្រើន​ជា​បណ្តា​មេដឹកនាំ​អាស៊ាន​ដទៃទៀត ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​អាស៊ាន​-​ចិន កាលពី​ឆ្នាំ​២០០៣ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម វ៉េ​ន ជាវ​ប៉ាវ អតីត​នាយករដ្ឋមន្ត្រី​ចិន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បើ​ទោះបី​ជា​ពេលវេលា​មាន​ភាព​មមាញឹក​ក៏​ពិតមែន ប៉ុន្តែ​សម្តេច​ត្រូវតែ​អញ្ជើញ​ទៅកាន់​ទីក្រុង​ណាន​នី​ង ក្នុងនាម​ជា​ប្រទេស​កិត្តិយស​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥​ឆ្នាំ​២០១៨​នេះ​។ សម្តេច​តេ​ជោ មានប្រសាសន៍​ដែរ​ថា នៅពេល​ខាងមុខ​នឹង​មាន​និស្សិត​កម្ពុជា​កាន់តែ​ច្រើនឡើង អញ្ជើញ​មក​បំពេញ​ការសិក្សា​ថ្នាក់​អាហារូបករណ៍​ក្នុងប្រទេស​ចិន​។

នៅក្នុង​ពិធី​សំណេះសំណាល​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឧបត្ថម្ភ​ថវិកា ជូន​ដល់​និស្សិត​អាហារូបករណ៍​ក្នុង​ម្នាក់ៗ​ចំនួន​៥០០​ដុល្លារ៕