ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកួត​ដំបូង​របស់ Keisuke Honda ដឹកនាំ​កម្ពុជា ចាញ់​ម៉ាឡេស៊ី ៣-១ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ដោយ​លទ្ធផល​៣​ទល់​១ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១០ ខែកញ្ញា លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​នេះ​ជា​ប្រកួត​ដំបូង​ដែល​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន Keisuke Honda ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ផ្ទាល់​។

​ការប្រកួត​ដែល​កាត់សេចក្តី​ដោយ​អាជ្ញាកណ្ដាល​ជនជាតិ​វៀតណាម Nguyễn Hiền Triế ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​១​គ្រាប់​នៅ​នាទី​១៨ ខណៈ​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី បា​នរក​គ្រាប់​បាល់​វាយបក​វិញ​៣​គ្រាប់​ដោយ​កីឡាករ Shahrul Saad នៅ​នាទី​៦២ ហើយ​កីឡាករ Syazwan Andik នៅ​នាទី​៧២ និង​កីឡាករ Shahrel Fikri នៅ​នាទី​៩០+២​។

សូម​រំលឹក​ថា ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រមូលផ្តុំ​មួយរយៈ​ពេល​ខ្លី​ដើម្បី​ប្រកួត​ជាមួយ​ម៉ាឡេស៊ី លើក​នេះ ខណៈ​កីឡាករ​ដែល​ត្រូវ​បាន​កោះហៅ​មាន​អ្នកចាំទី​គឺ ស៊ូ យ៉ា​ទី របស់​ណាហ្គា​វើ​ល​, អ៊ុំ វិចិត្រ របស់​ក្រសួងការពារជាតិ​,​កែវ សុខ​សិលា របស់​វិសាខា​។ ចំណែក​ខ្សែការពារ​វិញ​មាន ហុង ផេង​,​លី វ៉ា​ហេ​ទ​,​សេរ រ៉​ស៊ី​ប របស់​បឹងកេត​, ស ពិសិដ្ឋ របស់​ក្រសួងការពារជាតិ​, ឆេង ម៉េង របស់​ណាហ្គា​វើ​ល​, អ៊ុក សុវណ្ណ របស់​ភ្នំពេញ​ក្រោ​ន​, នេន សុធា​រ័ត្ន និង​សឿ​យ វិសាល របស់​ព្រះខ័ន​រាជ​ស្វាយរៀង​។

​ងាក​មក​មើល​ខ្សែបម្រើ​គឺមាន​ជ័យ ចិ​ត្រា របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​, ឈិន ឈឿន របស់​ក្រសួងការពារជាតិ​, ស៊ុះ ស៊ូ​ហា​ណា និង​គួច សុក​ម្ភៈ របស់​ណាហ្គា​វើ​ល​, អ៊ិន សុដាវី​ត និង ប្រាក់ ធី​វ៉ា របស់​ភ្នំពេញ​ក្រោ​ន​, ប៊ី​ន ចន្ថា​ជា​រី របស់​ក្រុម Teregannu FA (​ម៉ាឡេស៊ី​) និង​ទិ​ត្យ ឌី​ណា របស់​វិសាខា​។ សម្រាប់​ខ្សែប្រយុទ្ធ​មាន ប្រាក់ មុន្នី​ឧ​ត្ត​ម របស់​ព្រះខ័ន​រាជ​ស្វាយរៀង​, កែវ សុខ​ផេង របស់​វិសាខា​, រ៉ឹ​ម ប៊ុន​ហៀ​ង របស់​ក្រុម​ក្រសួងការពារជាតិ និង​ស៊ិន កក្កដា របស់​ភ្នំពេញ​ក្រោ​ន​។

ក្រោយ​ប្រកាស​តែងតាំង​កីឡាករ Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន ត្រៀម​រៀបចំ​កម្មវិធី​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៤​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​មួយចំនួន​នៅក្នុង​តំបន់ មុន​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup ឆ្នាំ​២០១៨ ចុងឆ្នាំ​នេះ​។

យោង​តាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់​ថា ​ការប្រកួត​មិត្តភាព​ទាំង​៤​លើក​នេះ​មាន​បូក​ទាំង​ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ផង​ដែរ​។ ចំណែក​៣​ប្រកួត​ផ្សេងទៀត​នឹងធ្វើ​ឡើង​នៅ​១២ ខែតុលា ពោលគឺ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត និង​នៅ​ថ្ងៃទី​១៦ ខែតុលា ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​។ ចុងក្រោយ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា កម្ពុជា ត្រូវ​បន្ត​ប្រកួត​ជា​មួយ​ក្រុម​បរទេស​(មិនទាន់​ប្រាកដ​ថា​ក្រុម​ណា)៕