ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​មានជ័យ ​កោះ​អញ្ជើញលោក​ចៅសង្កាត់​និង​មេ​ប៉ុស្តិ៍​ឲ្យ​មក​ចុះហត្ថលេខា​លុបបំបាត់​ល្បែង​ស៊ីសង​ក្នុង​មូលដ្ឋាន

ភ្នំ​ពេ​ញ ៖ ពិតជា​រឿង​មួយ​ដ៏​ក្តៅ​គគុក​ ដែល​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​បាន​កោះ​អញ្ជើញលោក​ចៅសង្កាត់​ និង ​លោក​មេ​ប៉ុស្តិ៍​ទាំង​៧ ​ឲ្យ​មក​ចុះហត្ថលេខា​លុបបំបាត់​ទីតាំង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ​ចាប់តាំងពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។

ពិធី​នេះ​ បាន​ប្រព្រឹត្តិ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១០​ ខែកញ្ញា​ នៅ​សាល​ប្រជុំ​សាលា​ខណ្ឌ​ក្រោម​អធិបតីភាព​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ លោក​អភិបាលរងខណ្ឌ​លោក​មេបញ្ជាការ​រង​អាវុធហត្ថ​ខណ្ឌ​លោក​អធិការរង​លោក​ចៅសង្កាត់ ​និង​ លោក​មេ​ប៉ុស្តិ៍​ទាំង​៧​​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​។

លោក​ពេជ្រ កែវ​មុនី បាន​មានប្រសាសន៍​មូលហេតុ​ដែល​លោក​អភិបាលខណ្ឌ​កោះ​អញ្ជើញលោក​ចៅសង្កាត់​និង​លោក​មេ​ប៉ុស្តិ៍​ឲ្យ​មក​ចូលរួម​ប្រជុំ​នា​ថ្ងៃនេះ​ គឺ​ក្នុង​គោលបំណង​ឲ្យ​លោក​ចៅសង្កាត់​និង​មេ​ប៉ុស្តិ៍​មក​ចុះហត្ថលេខា​ចំពោះមុខ​អង្គ​ប្រជុំ​ក៏ដូចជា​ស្ថិតនៅ​ចំពោះមុខ​គ​ណៈ​អភិបាលខណ្ឌ​ឲ្យ​ចុះហត្ថលេខា​លុបបំបាត់​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​សង្កាត់ ​ដែល​ដំបូង​គេ​គឺ​ទីតាំង​ហ្គេម​បាញ់​ត្រី​តែម្តង​។

លោក​អភិបាលខណ្ឌ​បាន​សង្កត់ធ្ងន់​ថា ​លោក​ធុញទ្រាន់​និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​ផ្សព្វផ្សាយ​ថា ​មូលដ្ឋាន​ខណ្ឌមានជ័យ​កំពុង​បង្កើត​ហ្គេម​បាញ់​ត្រី​ហើយ​សង្ស័យ​មកពី​ការ​បង់​លុយ​មក​អាជ្ញាធរ​ទើប​ទីតាំង​ហ្គេម​ទាំងអស់​នោះ​ប្រព្រឹត្តិ​ធ្វើឡើង​ដោយ​រលូន​។

លោក​អភិបាលខណ្ឌ​បញ្ជាក់​ទៀត​ទាក់ទិន​ទៅ​នឹង​ការ​ទទួល​លាភសក្ការៈ​ពី​វង់ល្បែង​ក៏ដូចជា​ឯកសារ​ ឬ អ្វី​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​អំពើ​ខុសច្បាប់​ គឺ​លោក​មិនដែល​យក​ខ្លួន​ទៅ​កាង​នោះ​ឡើយ​ ព្រោះ​លោក​ស្អប់​ណាស់​នូវ​អ្វីដែល​ខុសច្បាប់​និង​អំពើពុករលួយ។

លោក​ពេជ្រ កែវ​មុនី បាន​បញ្ជាក់​ទៀត​រាល់​ទីតាំង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​គឺ​លោក​ចៅសង្កាត់​និង​លោក​មេ​ប៉ុស្តិ៍​បានដឹង​ច្បាស់​ណាស់ ​ដូច្នេះហើយ​ត្រូវ​លុបបំបាត់​ឲ្យ​អស់​ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​ព្រោះ​ល្បែង​ស៊ី​សង​នេះ​ហើយ​ដែល​បង្ក​ឲ្យ​មាន​អំពើ​ចោរកម្ម អំពើ​ហិង្សា​ក្នុង​គ្រួសារ​ពេល​ដែល​អ្នក​ញៀន​អត់​លុយ​មកលេង​ដែល​ឈាន​ដល់​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់​ដើម្បី​យក​លុយ​មកលេង​ស្រង់​ដើម​ដែល​ធ្លាប់​ចាញ់​។

ក្នុង​ទីតាំង​ល្បែង​ស៊ី​សង​ទាំងនេះ​ ក៏​បង្កើត​ឲ្យ​មានការ​ចែកចាយ​ថ្នាំញៀន​ទៀត​ផង​។ ​ចំពោះ​ទីតាំង​ដែល​មាន​ល្បែង​ហ្គេម​បាញ់​ត្រី​នេះ​ ត្រូវ​បាន​លោក​អភិបាល​លាតត្រដាង​ក្នុង​អង្គ​ប្រជុំ​ដែល​ក្នុងនោះ​ គឺ​ក្នុង​សង្កាត់​ចាក់អង្រែលើ​មាន​៧​ទីតាំង សង្កាត់​ស្ទឹងមានជ័យ​១​មាន​៣​ទីតាំង សង្កាត់​ស្ទឹងមានជ័យ​៣​មាន​១​ទីតាំង​និង​សង្កាត់​បឹងទំពន់​២​មាន​១​ទីតាំង​។

ចំពោះ​វិធានការណ៍​ដ៏​ក្តៅគគុក​របស់លោក​អភិបាលខណ្ឌ​មានជ័យ​ដែល​បាន​កោះ​អញ្ជើញលោក​ចៅសង្កាត់​និង​លោក​មេ​ប៉ុស្តិ៍​មក​ចុះហត្ថលេខា​លុបបំបាត់​ទីតាំង​ហ្គេម​បាញ់​ត្រី​និង​បន​ល្បែង​ផ្សេងៗ​ខុសច្បាប់​នា​ថ្ងៃនេះ​ ធ្វើ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​គាំទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ព្រោះ​ល្បែង​ស៊ី​សង​ខាងលើ​នេះ​ គឺជា​កន្លែង​ប្រមូល​ផ្តុំ​ដោយ​មនុស្ស​ដែល​មាន​សមាសភាព​មិន​ល្អ​ច្រើនណាស់​ហើយ​ច្រើន​បង្ក​ឲ្យ​មាន​អំពើ​ចោរកម្ម​ទៀត​ផង​៕