ព័ត៍មានទាន់​ហេតុការណ៏
Search

ឌី សូ​នី​តា និង ច​ន អេ​ឡិច​ហ្សូ​រ៉ា លេងល្បែង​ស្នេហ៍​បំភាន់​ភ្នែក​មហាជន

ភ្នំពេញ​ ៖ សម្ព័ន្ធភាព​ស្និទ្ធស្នាល ​និង​ផ្អែមល្ហែម​ប្រៀបបាន​ដូចជា​សត្វ​ស្រមោច​និង​ស្ករ​របស់​តារា​ប្រុស​-​ស្រី​មួយគូ​គឺ​កញ្ញា ឌី សូ​នី​តា និង​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា កាលពី​កន្លង ​ត្រូវបាន​មហាជន​ជាច្រើនលើក​ការសង្ស័យថា​អ្នក​ទាំងពីរ​កំពុងតែ​សាង​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ដែល​អាច​ឈានដល់​ដំណាក់កាល​នៃ​ការរៀប​អាពាហ៍ពិពាហ៍​ស្របច្បាប់​ជាមួយគ្នា​ទៀតផង​។​

ជាការ​កត់សម្គាល់​តារា​សម្តែង​១​គូរ​នេះ​គឺ​កញ្ញា ឌី សូ​នី​តា និង​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា រាល់ពេល​សកម្មភាព​ចូលរួម​កម្មវិធី​សិល្បៈ​ឬ​ជប់លៀង​ផ្សេងៗ តែងតែ​បង្ហាញ​វត្តមាន​បណ្តើរគ្នា​ចូលរួម​យ៉ាង​ត្រសង​ប្រៀប​បាន​ដូចជា​សត្វ​រលក​ញី​ឈ្មោះ​ដែល​សកម្មភាព​នេះ​ត្រូវបាន​មហាជន​និង​អ្នកសិល្បៈ​មួយចំនួន​ចាត់ទុកថា​ការ​ផ្តើម​ស្នេហា​ដុះ​ពន្លក​ចេញពី​វិថី​សិល្បៈ​រួមគ្នា។

ផ្ទុយ​ពី​ការយល់ឃើញ​របស់​ទស្សនិកជន​​​ថ្មីៗ​នេះ ​ក៏​ស្រាប់​តែ​មាន​ប្រភព​បង្ហើប​ថា ​សម្ព័ន្ធ​ស្នេហា​ក្រៅ​ឆាក​រវាង​កញ្ញា ឌី សូ​នី​តា និង​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា គឺ​គ្រាន់តែ​ជា​ស្នេហា​បោក​បន្លំ​ភ្នែក​មហាជន​អ្នកគាំទ្រ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត​រាល់​សកម្មភាព​ស្និទ្ធស្នាល​ និង​ផ្អែមល្ហែម​នោះ​គឺជា​ការលេង​ឆាកល្ខោន​ស្នេហ៍​ដើម្បី​បំភាន់​ភ្នែក​មហាជន។

ប្រភព​ដែល​លេចឮ​ចេញពី​មាត់​អ្នកសិល្បៈ​ដូចគ្នា​បាន​និយាយថា​ កញ្ញា ឌី សូ​នី​តា និង អេ​ឡិច​ហ្សូ​រ៉ា ថ្វីត្បិតតែ​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយគ្នា​បែបនេះ​ក៏ពិតមែន ​ប៉ុន្តែ​ពួកគេ​គឺ​គ្មានអ្វី​លើសពី​មិត្តភាព​ត្រឹម​ជាការ​រាប់អាន​គ្នា​នោះឡើយ​។​ ផ្ទុយ​មកវិញ​កញ្ញា ឌី សូ​នី​តា បច្ចុប្បន្ន​ពិតជា​មាន​ស្នេហា​យ៉ាង​ប្រាកដ​ជាមួយ​បុរស​ម្នាក់​ដែលជា​អាណិកជន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​។​

ប្រភព​បាន​បន្តថា​ កញ្ញា ឌី សូ​នី​តា បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​រស់នៅ​ក្រៅប្រទេស​មាន​រ​យៈ​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​ ពោលគឺ​ចាប់តាំងពី​មិនទាន់​សាង​ភាព​ស្និទ្ធស្នាល​ជាមួយ​តារា​ប្រុស​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា មក​ម៉្លេះ​។​ ជារឿយៗ​នាង​និង​បុរស​អាណិកជន​ខ្មែរ​-​អូស្ត្រាលី​តែងតែ​ស្កាត់​ជួបគ្នា​ជា​បន្តបន្ទាប់​ដែល​ធ្វើឡើង​នៅ​ស្រុក​ខ្មែរ​ជាដើម​។​

ជុំវិញ​ដំណឹង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ខាងលើនេះ ​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​កញ្ញា ឌី សូ​នី​តា និង​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា បាន​នៅឡើយ​ទេ​។ កម្ពុ​ជាថ្មី​សង្ឃឹមថា​នឹងមាន​ការចេញ​មុខ​បកស្រាយ​ការពិត​ពី​សំណាក់​កញ្ញា ឌី សូ​នី​តា នៅពេល​ក្រោយ​ដើម្បី​ឲ្យ​មហាជន​ដឹង​ពី​ការពិត៕