ព័ត៍មានទាន់​ហេតុការណ៏
Search

ពុទ្ធ សំបូរ ជួប លិញ ភារ​ម្យ ,​ម៉ឺន មេ​ឃា ជួប លន​បញ្ញា អ្នកណា​អាច​ឆ្លងទៅ​វគ្គ​៤​នាក់​ចុងក្រោយ​?

ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.cement ទម្ងន់​៦០​គីឡូក្រាម​នៅ​សង្វៀន TV5 ព្រែកកំពឹស នា​ថ្ងៃ​សៅរ៍ ទី ១៥ កញ្ញា ២០១៨​នេះ ជាការ​ប្រកួត​លើកចុងក្រោយ​ក្នុង​ជម្រុះ​ជុំ​ទី​៣ ដែលមាន​អ្នក​ប្រដាល់​៤​រូប ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​វគ្គ​៤​នាក់​ចុងក្រោយ ឬ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្តទៀត​នោះ។​

សម្រាប់​ការប្រកួត​ជម្រុះ​លើកចុងក្រោយ​នេះ ពុទ្ធ សំបូរ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​លិញ ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ។

រវាង​ពុទ្ធ សំបូរ និង លិញ ភារ​ម្យ នេះ ពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។​ដូច្នេះ​ជាការ​ជួបគ្នា​លើក​ទី​១ សម្រាប់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ។ ពុទ្ធ សំបូរ ជា​អ្នក​ប្រដាល់​ចាស់វស្សា ឯ លិញ ភារ​ម្យ ក៏​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដែរ ។

ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​រវាង​ពុទ្ធ សំបូរ និង លិញ ភារ​ម្យ នេះ សូម្បីតែ​ក្រុមអ្នកវិភាគ​ប្រដាល់​ក៏​មិន​ហ៊ាន​អះអាងថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​ដែរ ព្រោះ​លិញ ភារ​ម្យ ថ្វីត្បិតតែ​គេ​រាង​ទាប​ជាង​សំបូរ​ក្តី ប៉ុន្តែ​គេ​វាយ​ខ្លាំង​និង​ល្អ ។ ភារ​ម្យ មាន​ផ្លែ​កណ្តាប់ដៃ​ខ្លាំង​ហើយ​ធ្ងន់ ហើយ​ថែមទាំង​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត ។ ចាំមើល តើ​ពុទ្ធ សំបូរ អាច​យកឈ្នះ​លិញ ភារ​ម្យ បាន​ឬ​អត់ ? ។​

លិញ ភារ​ម្យ ប្រកួត​ក្នុង​វគ្គ​១៦​នាក់​ចុងក្រោយ​នោះ គេ​បាន​វាយ​ឈ្នះ​កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ ។ ចំណែក ពុទ្ធ សំបូរ គេ​វាយ​ឈ្នះ ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ដោយ​ពិន្ទុ​ដែរ ។​

ពុទ្ធ សំបូរ គេ​មានប្រៀប​ឈ្នះ​ច្រើនជាង សម្រាប់​ការប្រកួត​ជាមួយ​លិញ ភា​រម្យ​នេះ ដោយសារ​គេ​ខ្ពស់ជាង​ភារ​ម្យ ដៃ ជើងវែង ជង្គង់​កែង ក៏​វែង​ជាង​ភារ​ម្យ​ដែរ ។ ប៉ុន្តែ​យ៉ាងណា ទាល់តែ​សំបូរ ទប់​បាន​ជាមួយ​កណ្តាប់ដៃ​និង​ការ​សម្រុក​វាយ​របស់​លិញ​ភារ​ម្យ​បានដែរ ទើប​អាច​សង្ឃឹម​ឈ្នះ​បាន​។​

ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង​ម៉ឺន មេ​ឃា អ្នក​ប្រដាល់​ក្លិប​កងចក្រ​ភ្នំ​តូច និង លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ ម៉ឺន មេ​ឃា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ គឺជា​កូនបង្កើត​របស់​អេ​ភូ​ថង ឯ លន បញ្ញា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដែរ ហើយក៏​ជា​ជើងឯក​រង​TV5 Knock Out Series by K.cement រដូវ​កាល​មុន​ទម្ងន់​៥៧​គីឡូក្រាម ។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ដែរ​កន្លងមក ។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មានសំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ ? តែ​យ៉ាងណា លន បញ្ញា​គេ​មាន​កលល្បិច​និង​បទពិសោធន៍​លើ​រេញ​ច្រើនជាង​ម៉ឺន មេ​ឃា។ ប៉ុន្តែ​លន​បញ្ញា ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើលស្រាល​ម៉ឺន​មេ​ឃា​បានដែរ ព្រោះ​មេ​ឃា​នេះ គេ​ក៏​វាយ​ខ្លាំង​និង​ល្អ​ដែរ ហើយ​គេ​ជា​អ្នក​ប្រដាល់​ជម្រើសជាតិ​ថែមទៀត​។ និយាយ​រួម​ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន​។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ​។ ចាំមើល រវាង ម៉ឺន មេ​ឃា និង​លន​បញ្ញា តើន​រណា​នៅ នរណា​ដើរ​ចេញពី​ការប្រកួត​នេះ ? ។​

ចំពោះ​ការប្រកួត​ជា​លក្ខ​ណះ​មិត្តភាព​អន្តរជាតិ​វិញ អ្នក​ប្រដាល់ អេ រដ្ឋា ក្លិប​អេ​ភូ​ថង​កីឡា គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​Linglum Luk Hour Tnon ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​
Linglum Luk Hour Tnon​នេះ ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក ។ តាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត អោយដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ​នៅ​ស្រុកថៃ គេ​ជា​ជើង​ខ្លាំង​មួយរូប ដែល​អេ រដ្ឋា មិនអាច​មើលស្រាល​គេ​បានឡើយ ។​

អេ រដ្ឋា ដែល​ពីមុន​ឈ្មោះ​ម៉ន រដ្ឋា នោះ ជា​ជើង​ខ្លាំង​នៅ​កម្ពុជា ។ អ្នក​ប្រដាល់​រូបនេះ មិនសូវ​បាន​ឡើង​ប្រកួត​ទេ​មួយ​រយៈពេល​ចុងក្រោយ​នេះ តែ​យ៉ាងណា​ជួប​អ្នក​ប្រដាល់​ថៃ​លើក​នេះ ក្រុមអ្នកវិភាគ​ប្រដាល់​ពួកគេ​នៅតែមាន​ជំនឿ​ទុកចិត្ត​ថា អេ រដ្ឋា ឈ្នះ​លើ Linglum Luk Hour Tnon នោះដែរ​។​ ​ចំណែក​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឯក កៃ​ឈៀង អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ទី ព​ន្លែ​ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម៕