ព័ត៍មានទាន់​ហេតុការណ៏
Search

ឆេះ​ក្លឹប​រាត្រី​ទាំង​ព្រលឹម​សង្ស័យ​ទុស្សេ​ចរន្ត​អគ្គិសនី

ភ្នំពេញ ​៖ ​ក្លឹប​រាត្រី​មួយ​កន្លែង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ប្រញាប់​ទៅ​ជួយ​អន្តរាគមន៍​​ កាលពី​វេលា​ ម៉ោង​៦​ព្រឹក​ថ្ងៃទី​១១ ​ខែកញ្ញា ​ឆ្នាំ​២០១៨ នៅ​ចំណុច​ក្លឹប យីហោ​2ND​ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១​កែង​ផ្លូវ​លេខ​២៥៤​ស្ថិត​ក្នុង​សង្កាត់ ចតុមុខ ខណ្ឌដូនពេញ។

ប្រភព​ព័ត៌មាន​បឋម​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា​ គ្រោះ​អគ្គិភ័យ​នេះ​បានចាប់ផ្ដើម​ឆាបឆេះ​ចេញពី​ខាងក្នុង​ក្លិប ដែល​កើតឡើង​តាំងពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក ដោយ​អគ្គិភ័យ​បង្ក​ជា​ភ្លើង​ផ្សែងហុយ​ចេញពី​ខាងក្នុង​ក្លិប ចេញមក​ខាងក្រៅ​យ៉ាង​ខ្មួលខ្មាញ់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​កម្លាំង​បង្ការ ​និង​ពន្លត់អគ្គិភ័យ ចេញ​រថយន្ត​ពន្លត់អគ្គិភ័យ​ជាច្រើន​គ្រឿង​មក​អន្តរាគមន៍​បាញ់​ពន្លត់ ​តែ​មិន​បណ្ដាល​ឆាបឆេះ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរឡើយ។​

ក្នុង​ហេតុការណ៍​នោះ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់​បាន​ពី​គ្រោះ​អគ្គិភ័យ​នេះឡើយ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​ពី​មូលហេតុ នៃ​គ្រោះ​អគ្គិភ័យ​នេះ​បន្តទៀត៕