ព័ត៍មានទាន់​ហេតុការណ៏
Search

ខេ​ម ចាន់ ជួប​ឡាវ​SeangSuriya ឯ​រិ​ទ្ធ អាទិត្យ ជួប​ថៃ Wangngeun ក្នុង​ជម្រុះ​ជុំ​ទី​២​ខ្សែក្រវាត់​គូ​បូ​តា

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​លេខ ១ គូ​បូ​តា​ទម្ងន់​៥៤​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នៅ​យប់​ថ្ងៃ​សុក្រ​ទី​១៤ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ខាងមុខនេះ ជាការ​ប្រកួត ជុំ​ទី​២ របស់​ខេ​ម ចាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​និង​រិ​ទ្ធ អាទិត្យ ក្លិប​អាណាចក្រ​គុន​ខ្មែរ។

ខេ​ម ចាន់ គេ​នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ឡាវ Seang Suriya Site Torkahkart ហើយ​រិ​ទ្ធ អាទិត្យ គេ​ជួប​អ្នក​ប្រដាល់​ថៃ Wangngeun Rungrean Kilanakorn Phattom ។​

រវាង​ខេ​ម ចាន់ និង SeangSuriya មិនដែល​ប៉ះគ្នា​ទេ​កន្លងមក​។​តែ​យ៉ាងណា​ខេ​ម ចាន់​ប្រហែល​ជួប​ការលំបាក​បន្តិច​ហើយ មិន​ដូចជា​កាល​ជំនួប​លើក​ទី​១ ជាមួយ​អ្នក​ប្រដាល់​ថៃ Kaoreanghorn​នោះទេ ព្រោះ SeangSuriya​វាយ​ឈ្នះ​រិ​ទ្ធ អាទិត្យ​ដោយ​ពិន្ទុ កាលពី​ជុំ​ទី​១​នោះ ។​

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​រវាង​ខេ​ម ចាន់ និង Seang Suriya​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិន​អាចមាន​អ្នកណាម្នាក់​មើលស្រាល​គ្នា​បានដែរ ។​

Seang Suriya នេះ ជា​អ្នក​ប្រដាល់​ឡាវ​មានឈ្មោះ​ល្បី​គួរសម​ដែរ​នៅ​ស្រុក​ឡាវ ។​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក​។ កាលពី​ប្រកួត​ក្នុង​ជុំ​ទី​១ SeangSuriya បាន​វាយ​ឈ្នះ​រិ​ទ្ធ អាទិត្យ អ្នក​ប្រដាល់​កម្ពុជា​ដោយ​ពិន្ទុ គឺ​មិនធម្មតា​ឡើយ​។​ដូច្នេះ Seang Suriya ឆ្លងកាត់​មួយ​ប្រកួត​ដំបូង​បាន​៣​ពិន្ទុ​ហើយ​។​

ខេ​ម ចាន់ អ្នក​ប្រដាល់​កម្ពុជា​វិញ គេ​ក៏​មិនធម្មតា​នោះដែរ គេ​មាន​ផ្លែ​ល្អ ពិសេស​កែង​និង​ជង្គង់ ដែល​ក្នុងជំនួប​លើក​ទី​១ គេ​បាន​វាយ​ឈ្នះ​Kaoreanghorn​ដោយ​ពិន្ទុ ហេតុនេះ​សម្រាប់​ជំនួប​លើក​ទី​២​នេះ គេ​ក៏​មិនទាន់​ប្រាកដថា​ចាញ់ឈ្នះ​ឬ​ចាញ់​Seang Suriya នោះដែរ ។ ខេ​ម ចាន់ គេ​ក៏មាន​៣​ពិន្ទុ​ក្នុង​ដៃ​ហើយ​ដែរ ។

ចំពោះ​ការជួបគ្នា​រវាង រិ​ទ្ធ អាទិត្យ និង អ្នក​ប្រដាល់​ថៃ​Wangngeun Rungrean វិញ រិ​ទ្ធ អាទិត្យ ប្រហែលជា​មិនសូវ​ពិបាក​ប៉ុន្មាន​ទេ ដោយសារ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មិនសូវ​ខ្លាំង​នោះឡើយ ។ ទោះជា​យ៉ាងណា រិ​ទ្ធ អាទិត្យ មិនអាច​មើលស្រាល Wangngeun Rungrean បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កាយសម្បទា​ល្អ គឺមាន​កម្ពស់​ខ្ពស់ ដៃជើង​វែង ដែល​អ្នកណា​ក៏​មិន​មើលស្រាល​គេ​បានដែរ ។​

រិ​ទ្ធ អាទិត្យ ក្នុងការ​ប្រកួត​ជុំ​ទី​១ គេ​វាយ​ចាញ់​អ្នក​ប្រដាល់​ឡាវ​Seang Suriya ដោយ​ពិន្ទុ​បាន​១​ពិន្ទុ ឯ Wangngeun គេ​ក៏​មានតែ​១​ពិន្ទុ​ដែរ ដោយសារ​ក្នុង​ជុំ​ទី​១ គេ​វាយ​ចាញ់​ផាន ផាត់​យុទ្ធ នោះ ។​

ចាំមើល ការប្រកួត​ក្នុង​ជុំ​ទី​២​នេះ រវាង​រិ​ទ្ធ​អាទិត្យ​និង​Wangngeun Rungrean តើន​រណា​យកបាន​៣​ពិន្ទុ​បន្ថែម​នោះ ? ។ សម្រាប់​ការប្រកួត​ជម្រុះ​នេះ អ្នកឈ្នះ​ទទួលបាន​៣​ពិន្ទុ អ្នកចាញ់​បាន​១​ពិន្ទុ អ្នក​បោះបង់​ការប្រកួត​បាន​០​ពិន្ទុ ។​

សូមបញ្ជាក់ថា កីឡាករ​ខ្លាំង​ទាំង​១០​រូប ដែល​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូ​បូ​តា​រដូវ​កាល​ថ្មី​ទម្ងន់​៥៤​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៥​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​-​ឡាវ ៥ រូប ចូលរួម​វាយ​ដណ្តើមយក​ខ្សែក្រវាត់​នេះ ។​

អ្នក​ប្រដាល់​មួយរូបៗ ទាំង​ខ្មែរ ទាំង​ថៃ និង​ឡាវ គឺ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ក្នុង​ម្នាក់ៗ ចំនួន ៤ ប្រកួត​ម្នាក់ ហើយ​អ្នក​ដែលមាន​ពិន្ទុ​ច្រើន​២​រូប​ក្នុង​មួយ​ពូ​ល ទាំង​ពូ​ល​ខ្មែរ និង ពូ​ល​ថៃ​-​ឡាវ នឹងត្រូវ​បាន​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ៕