ព្រឹត្តិការណ៍ ASIAN Single Dance Championship 2018 នឹងរៀបចំនៅទីក្រុងហុងកុង ដែលកម្ពុជានឹងត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។ ការប្រកួត នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ហើយបញ្ចប់នៅថ្ងៃទី១៦កញ្ញា។
នៅថ្ងៃទី១៣កញ្ញានោះ កីឡារាំមួយក្រុមរបស់កម្ពុជាចេញដំណើរទៅកាន់ទីក្រុងហុងកុងដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ចំនួន២នៅទីនោះ។
អ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍ទាំង២នេះគឺសម្រាប់អត្តពលិកដានីឡា ព្រាប និង វ៉ិកទ័រ ចាន់ ដែលជាដៃគូរាំជាមួយគ្នានោះនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ASIAN Single Dance Championship 2018។ ចំពោះកីឡាករ-កីឡាការិនីវ័យក្មេងចំនួន៧រូបទៀតនឹងចូលរួមប្រកួតក្នុងកម្មវិធីបើកទូលាយ(Open)។
នេះជាលើកដំបូងហើយដែលកម្ពុជាបញ្ជូនកីឡារាំទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតទ្វីបអាស៊ីបែបនេះ ។បើតាមការឲ្យដឹងនោះថាមានប្រទេសចំនួន៤៥ក្នុងទ្វីបអាស៊ីបានចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។
អ្នកដឹកនាំទៅចូលរួមក្នុងការប្រកួតនេះមានអ្នកស្រី ស៊ីវ ឡេង ដែលជាអគ្គលេខាធិការរងសហព័ន្ធ និង លោកគ្រូបង្វឹកគឺលោកស៊ូ តុង៕