ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ ស្តីពីអាស៊ាន ក្រោមប្រធានបទ «អាស៊ាន ៤.០: សហគ្រិនភាព និងបដិវត្តឧស្សាហកម្មលើកទី៤» ពីថ្ងៃទី១២ ដល់១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា មន្ត្រីរាជរដ្ឋាភិបាលដែលអមដំណើរសម្តេចតេជោ រួមមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិករាជរដ្ឋាភិបាលដទៃទៀត ព្រមទាំងធុរជនពីសភាពាណិជ្ជកម្មកម្ពុជា ផងដែល។
ក្រសួងការបរទេស បានឲ្យដឹងថា វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ នឹងជាឱកាសដ៏ល្អមួយទៀត សម្រាប់មេដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ និងសាជីវកម្មធំៗ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបណ្តាលមកពីបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដល់ រដ្ឋាភិបាលអាស៊ាន និងអង្គភាពពាណិជ្ជកម្មនានា ព្រមទាំងរិះរកមធ្យោបាយដើម្បីប្រើប្រាស់ នវានុវត្តន៍ និងការសហការរវាងរដ្ឋនិងឯកជន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនោះ។
ក្រៅពីកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម រ៉ានីល វីកក្រេមមេស៊ីង្ហ នាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កា ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម ឯកឧត្តម ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន និងទទួលការចូលជួបសម្តែងការគួរសមដោយសាស្ត្រាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕