ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសស្នាក់នៅដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្ម អាស៊ាន ចិន លើកទី ១៥ នៅទីក្រុងណាន់នីង ប្រទេសចិន កាលពីល្ងាចថ្ងៃទី ១០ ខែកញ្ញា បានអនុញ្ញាតឲ្យលោក លី គាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍ កួ ហុង (Guangxi Guhong Develop ment Corporation) នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ។
ក្នុងជំនួបលោក លី គាន (Li Qian)បានមានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថាក្រុមហ៊ុនរបស់ លោក បានធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្មក្នុងប្រទេសកម្ពុជាមានរយៈពេល៦ឆ្នាំមកហើយ។ កាលពីពេលកន្លងមក ក្រុមហ៊ុន បានធ្វើការនាំចូលអង្ករប្រមាណ ៥ ម៉ឺនតោនមកកានទីក្រុងណាននីង។ ជាមួយគ្នានេះលោកប្រធានបានធ្វើការស្នើសុំការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្ត្រីលើភាពអនុគ្រោះកូតាក្នុងការនាំចូល កសិផលកសិកម្មវេចស្ងួត ដូចជាគ្រាប់ស្វាយចន្ទី និង ស្វាយក្រៀម មកកាន់ទីក្រុងណាននីងនៅពេលខាងមុខ។
ក្រុមហ៊ុន GUANXI GUOHONG DEVELOPMENT របស់ខេត្តគង់ស៊ីដែលបានវិនិយោគបង្កើតរោងចក្រកែច្នៃស្រូវអង្ករនៅផ្លូវជាតិលេខ៥ លើផ្ទៃដីប្រមាណ ៨ ហិកតា ហើយដែលបានកែច្នៃអង្ករសម្រាប់នាំចេញនិងផ្គត់ផ្គង់ទីផ្សារកម្ពុជា ដែលមានសមត្ថភាពកែច្នៃក្នុង១ថ្ងៃ ១.៥០០ តោន ពិសេសនាំចេញទៅប្រទេសចិន ហើយថ្នាក់ដឹកនាំ និងប្រជាជនចិននៅខេត្តគង់ស៊ី ស្គាល់អង្ករកម្ពុជាយ៉ាងច្បាស់ គឺ “ម្លិះសៀមរាប”។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើការវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មអភិវឌ្ឍន៍ កួ ហុង ដែលបានធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចបានស្នើឲ្យមានពិនិត្យលទ្ធភាពនិងសិក្សាឲ្យកាន់តែស៊ីជម្រៅថែមទៀតក្នុងការបណ្តាទុនវិនិយោគនាំចេញនូវផលិតកសិកម្មពីប្រទេសកម្ពុជាមកកាន់ទីក្រុងណាននីងនៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីប្រទេសចិន៕