ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន Huawai រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា គម្រោង​សុវត្ថិភាព សន្តិសុខ​អ៊ីនធើ​ណែ​ត​នឹងត្រូវ​បញ្ចប់​នៅពេល​ខាងមុខ

ភ្នំពេញ ​៖ កាលពី​រសៀល​ថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អនុញ្ញាត​អោយ​លោក វូ វ៉េ​តៅ (Wu weitao) ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawai ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ។

នៅក្នុង​ជំនួប​នោះ លោក វូ វ៉េ​តៅ (Wu weitao) បាន​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ការសិក្សា​គម្រោង​មេ​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ក្នុងប្រទេស​កម្ពុជា​គ្រោង​នឹង​បញ្ចប់​ក្នុងពេល​ដ៏​ខ្លី ខាងមុខ ពិសេស​ពាក់ព័ន្ធ​ទៅ​សុ​វត្ថិភាព សន្តិសុខ​អ៊ី​ន​ធើ​ណែ​ត ។ លោក​ប្រធាន​មានប្រសាសន៍​បន្តថា ជាមួយនឹង​វត្តមាន​ក្នុងប្រទេស​កម្ពុជា​ដែលមាន​រយៈពេល ១៩ ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​របស់លោក​បាន​ធ្វើការ​បណ្តុះបណ្តាល​ជូន​ដល់​មន្ត្រី​រាជរដ្ឋាភិបាល និង ក្រុម ហ៊ុន​បាន​ជាង​មួយ​ពាន់​នាក់ ដោយឡែក​បុគ្គលិក​ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​របស់លោក​មាន​ប្រាក់បៀវត្ស​ចាប់ពី ១ ពាន់​ដុល្លា​ឡើងទៅ។ ជាមួយគ្នានេះ​ក្រុមហ៊ុន​មាន​គម្រោង​វិនិយោគ​បន្ថែមទៀត​បន្ទាប់ពី​ផែនការ​របស់​ក្រុមហ៊ុន​ត្រូវបាន​បញ្ចប់​ហើយ​នោះ។

​ក្រុមហ៊ុន Huawai បច្ចុប្បន្នកំពុង​វិនិយោគ​លើ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា ក្នុងការ​ត​ខ្សែបណ្តាញ​ខ្សែ​កាប​​ក្រោម​បាតសមុទ្រ និង បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ក្នុង​ការជួយ​រាជរដ្ឋាភិបាល​រៀបចំ រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និ​ច ( E-Govorvement) និង​( E-Commerce) ពិសេស​គឺ​ការជួយ​រាជរដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​សុ​វត្ថិភាព​សន្តិសុខ​អ៊ី​ន​ធើ​ណែ​ត ។​

ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន Huawai ដែល​បានធ្វើ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា។ សម្តេច​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ ពិសេស​ទាក់ទិន ទៅនឹង​បញ្ហា​សន្តិសុខ​អ៊ី​ន​ធើ​ណែ​ត ដែល​ពិភពលោក​កំពុងតែ​មានការ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​នោះ៕

 



TAG