ព័ត៍មានទាន់​ហេតុការណ៏
Search

ចក្រភព​អង់គ្លេស “​បរាជ័យ​” ក្នុង​ការ​ជួយសង្គ្រោះ​កុមារ​រាប់​ពាន់​នាក់​ពី​ទាសភាព​សម័យ​ទំនើប

ក្រុម​សកម្មជន​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ចក្រភព​អង់គ្លេស​បាន​បរាជ័យ​ក្នុងការ​ការពារ​កុមារ​រាប់ពាន់នាក់​ពី​ការជួញដូរ​ និង​ធ្វើជា​ទាសករ​។ ពួកគេ​បាន​រិះគន់​រដ្ឋាភិបាល​សម្រាប់​ការ​ខ្វះខាត​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដើម្បី​បញ្ឈប់​ក្មេងស្រី​ពី​ការ​ត្រូវ​បាន​គេ​រំលោភបំពាន​ផ្លូវភេទ​និង​ក្រុម​ក្មេង​ទំនើង​ដែល​ប្រើប្រាស់​យុវជន​ធ្វើជា​អ្នកជួញដូរ​គ្រឿងញៀន​។​

ក្រុម​ត្រួតពិនិត្យ​ប្រឆាំង​ការជួញដូរ (ATMG) ដែលជា​ក្រុម​មនុស្សធម៌​មួយ​បាន​និយាយថា វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​ការជួញដូរ​កុមារ​គឺ​ផុយស្រួយ​ហើយ​ជនរងគ្រោះ​វ័យក្មេង​បាន​ខ្វះ​ការថែទាំ​ជំនាញ​នៅពេលដែល​ចំនួន​ទាសករ​កុមារ​ត្រូវបាន​រកឃើញ​។​

នៅក្នុង​ប្រទេស​អង់គ្លេស កុមារ​ចំនួន​២.១១៨​នាក់​ដែល​គេ​សង្ស័យ​ត្រូវបាន​ជួញដូរ​គឺ​បាន​និយាយ​សំដៅទៅ​រដ្ឋាភិបាល​កាលពី​ឆ្នាំមុន​ដែល​នេះ​ជាការ​កើនឡើង​៦៦​ភាគរយ​បើ​ធៀប​ទៅ​ឆ្នាំ​២០១៦​និង​ជា​ចំនួន​ប្រចាំឆ្នាំ​ខ្ពស់បំផុត​ក្នុង​កំណត់ត្រា​។​

យោងតាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ប្រហែល​មួយ​ភាគបី​គឺជា​ជនជាតិ​អង់គ្លេស​ដែល​ភាគច្រើន​ត្រូវបាន​គេ​ប្រើ​ជា​អ្នករត់​គ្រឿងញៀន​ខណៈដែល​មនុស្ស​រា​ប់​រយ​នាក់​ត្រូវបាន​ជួញដូរ​ពី​ប្រទេស​មួយចំនួន​ដូចជា​វៀតណាម ស៊ូដង់ អេ​រី​ទ្រា អា​ហ្វ​ហ្គា​នី​ស្ថាន​និង​អ៊ីរ៉ាក់​ជាដើម​។​

នាយក​ប្រតិបត្តិ​អង្គការ​ប្រឆាំង​ទាសករ​អន្តរជាតិ​លោកស្រី Jasmine O’Connor បាន​និយាយថា “​ការមិន​មាន​ផែនការ​ច្បាស់លាស់​ដើម្បី​ទប់ស្កាត់​ការជួញដូរ​កុមារ​នៅក្នុង​ចក្រភព​អង់គ្លេស​បានធ្វើ​ឲ្យ​អាម៉ាស់​ដល់​រដ្ឋាភិបាល​នេះ​”​។ លោកស្រី​បាន​បន្ថែមថា ការតម្រង់​គោលដៅ​តែ​លើ​អ្នកជួញដូរ​គឺ​នឹង​មិនអាច​ដោះស្រាយ​បញ្ហា​បានទេ​។​

លោកស្រី​បាន​បន្ថែមថា “​យើង​ចាំបាច់​ត្រូវបង្កើត​បណ្តាញ​គាំទ្រ​ដែល​អាចធ្វើ​ឲ្យ​កុមារ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​មាន​ភាពរឹងមាំ​ដល់​ការបង្ខិតបង្ខំ អាច​មើលឃើញ​សញ្ញា​គួរ​ឲ្យ​ព្រួយបារម្ភ​ហើយ​អាច​ផ្តល់​ការគាំទ្រ​ពិសេស​ដល់​កុមារ​ដែល​ត្រូវបាន​គេ​ជួញដូរ​រួចហើយ​”​។​

ស្របពេល​ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ​មិនបាន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​សំណើសុំ​យោបល់​ទេ​។​
​កាលពី​សប្តាហ៍​មុន ចក្រភព​អង់គ្លេស​បានប្រកាស​ផែនការ​ទឹកប្រាក់​២​លាន​ផោន (២.៦​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ជួយ​អាជ្ញាធរ​ឲ្យ​ការពារ​កុមារ​ដែល​ងាយ​រងគ្រោះ​ពី​អ្នកជួញដូរ​និង​ក្រុម​អន្ធពាល​ដែល​បាន​រំលោភ​ពួកគេ​និង​បង្ខំ​ឲ្យ​ពួកគេ​រត់​គ្រឿងញៀន​ពី​ទីក្រុង​នានា​ទៅ​តំបន់​ជនបទ​។​

យោងតាម​អង្គការ​សិ​ទិ្ធ​មនុស្ស​អូស្ត្រាលី Walk Free Foundation បាន​ឲ្យ​ដឹងថា ប្រទេស​អង់គ្លេស​ជា​កន្លែង​នៃ​ទាសករ​សម័យ​ទំនើប​យ៉ាងតិច​១៣៦,០០០​នាក់​នាពេល​សព្វថ្ងៃ​ដែល​នេះ​ជា​តួលេខ​ខ្ពស់ជាង​ការប៉ាន់ប្រមាណ​របស់រ​ដ្ឋា​ភិ​បាល​ឆ្នាំ​២០១៣​ចំនួន​១០​ដង​៕ REUTERS