ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​គំរាម​ចាប់ខ្លួន​ចៅក្រម ICC ដែល​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម

កាលពី​ថ្ងៃ​ចន្ទ សហរដ្ឋអាមេរិក​បាន​គំរាម​ចាប់ខ្លួន​និង​ដាក់ទណ្ឌកម្ម​ចៅក្រម​និង​មន្ត្រី​ដទៃទៀត​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ប្រសិនបើ​ខ្លួន​ចាត់វិធានការ​ចោទប្រកាន់​ជនជាតិ​អាមេរិក​ណា​ដែល​បម្រើការ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​លោក John Bolton បាន​ហៅ​ស្ថាប័ន​សិ​ទិ្ធ​មនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ​មួយ​នេះ​ថា “​គ្មាន​ការទទួលខុសត្រូវ​” និង “​គ្រោះថ្នាក់​ទាំងស្រុង​” ចំពោះ​សហរដ្ឋអាមេរិក អ៊ីស្រាអែល​និង​សម្ព័ន្ធមិត្ត​ដទៃទៀត​ហើយ​បាន​និយាយថា ការស៊ើបអង្កេត​ណាមួយ​លើ​យោធា​អាមេរិក​ទាំងអស់​នឹង​ជាការ​ស៊ើបអង្កេត​គ្មាន​ហេតុផល​និង​មិន​យុត្តិធម៌​។​

លោក Bolton បាន​ឲ្យ​ដឹងថា “​ប្រសិនបើ​តុលាការ​ចោទប្រកាន់​យើង អ៊ីស្រាអែល​ឬ​សម្ព័ន្ធមិត្ត​អាមេរិក​ដទៃទៀត​នោះ យើង​នឹងមិន​អង្គុយ​ស្ងៀម​ទេ​”​។​

លោក​បាន​បន្តថា សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​និង​ចោទប្រកាន់​ព្រហ្មទណ្ឌ​ទៅលើ​មន្ត្រី​នៃ​តុលាការ​នេះ​ប្រសិនបើ​ពួកគេ​ចាត់វិធានការ​ប្រឆាំង​ជនជាតិ​អាមេរិក​។​

លោក Bolton និយាយទៀតថា “​យើង​នឹង​ហាមឃាត់​ចៅក្រម​និង​រដ្ឋអាជ្ញា​របស់​ពួកគេ​ពី​ការចូល​ក្នុង​សហរដ្ឋអាមេរិក​។ យើង​នឹងដាក់​ទណ្ឌកម្ម​លើ​មូលនិធិ​របស់​ពួកគេ​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​ហើយ​យើង​នឹង​កាត់ទោស​ពួកគេ​នៅក្នុង​ប្រព័ន្ធ​ឧក្រិដ្ឋកម្ម​របស់​អាមេរិក​”​។​

លោក Bolton បានធ្វើ​អត្ថាធិប្បាយ​បែបនេះ​ក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ទៅកាន់​អង្គការ​សង្គម​សហព័ន្ធ​ដែលជា​សមាគម​ដ៏​មាន​ឥទ្ធិពល​នៃ​អ្នក​អភិរក្ស​ច្បាប់​។​

លោក Bolton បាន​ចង្អុល​ទៅ​សំណើ​របស់​រដ្ឋអាជ្ញារ​នៃ​តុលាការ ICC ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​បទឧក្រិដ្ឋ​សង្គ្រាម​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​និង​យោធា​អាមេរិក​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាពិសេស​លើ​ការរំលោភបំពាន​អ្នកជាប់ឃុំឃាំង​។​
ICC បាន​ការពារ​ខ្លួន​ដោយ​កត់សម្គាល់ថា ខ្លួន​មានការ​គាំទ្រ​ពី​រដ្ឋ​ជា​សមាជិក​ចំនួន​១២៣​ប្រទេស​ហើយ​ថា សូម្បីតែ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក៏បាន​រកឃើញ​ផងដែរ​ថា វា​សំខាន់​ហើយ​ស្នើសុំ​ឲ្យ​មានការ​ស៊ើបអង្កេត​អំពី​អំពើ​ប្រល័យពូជសាសន៍​នៅ​ទីក្រុង Darfur នៃ​ប្រទេស​ស៊ូដង់​៕ AFP


TAG