ព័ត៍មានទាន់​ហេតុការណ៏
Search

រូបសំណាក​ស្ត្រី​បី​កួរស្រូវ​ធ្វើ​អំពី​ថ្មភក់ បាន​និង​កំពុង​ដំឡើង​ដាក់​នៅ​រង្វង់​មូល​ដីក្រហម ខណ្ឌដង្កោ ហើយ គ្រោង​បញ្ចប់​នៅ​ដើមខែ​តុលា​ខាងមុខ

ភ្នំពេញ​ ៖​ អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ត​ភ្ជាប់​ទៅ​បណ្ដា​ខេត្ត​ភាគ​ខាង​ត្បូង រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ខិតខំ​ប្រឹងប្រែង​ណាស់ ទាំង​ការ​កសាង​ផ្លូវ លូ ប្រឡាយ រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ ដើម្បីអោយ​តំបន់​មួយចំនួន​ ដែល​បាន​កាត់​ចូល​រាជធានី​ភ្នំពេញ​មាន​ភាព​ស្រស់​ស្អាត​ សមជា​រាជធានី ​ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជាក់ស្តែង​សម្រាប់​ពេល​នេះ ​នៅ​រង្វង់​មូល​ដីក្រហម​ ខណ្ឌដង្កោ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ស្ថាបនា​រង្វង់​មូល​នេះ​ឡើងវិញ រួម​នឹង​ការ​ដាក់​រូប​សំណាក​អោយ​សក្ដិសម​ទៅ​នឹង​រង្វង់​នេះ​ផង​ដែរ ដោយ​គិត​មកដល់​ថ្ងៃទី​១១ កញ្ញា​នេះ រង្វង់​មូល​ដីក្រហម ខណ្ឌដង្កោ បាន​ឈាន​ដល់​ការ​ស្ទូច​ដំឡើង​រូបសំណាក​ស្ត្រី​បី​កួរស្រូវ​ធ្វើ​អំពី​ថ្មភក់ ដាក់​នៅ​លើ​រង្វង់​មូល​នេះ​ហើយ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា រង្វង់​មូល​ដីក្រហម ខណ្ឌដង្កោ មក​ដល់​ពេល​នេះ​ បាន​ឈាន​ដល់​ការ​ស្ទូច​ដំឡើង​រូបសំណាក​ស្ត្រី​បី​កួរស្រូវ​ធ្វើ​អំពី​ថ្មភក់ ដាក់​នៅ​លើ​រង្វង់​មូល​នេះ​ហើយ។

លោក​បញ្ជាក់​ថា រូប​សំណាក​ស្ត្រី​បី​កួរស្រូវ​នេះ ​មាន​កម្ពស់​ សរុប​មាន​៧​ម៉ែត្រ​៨​តឹក ក្នុង​នោះ​តួ រូបសំណាក​ស្ត្រី​បី​កួរស្រូវ​មាន​កម្ពស់​៥​ម៉ែត្រ​៨​តឹក និង​តួ​ខឿន កម្ពស់​២​ម៉ែត្រ។ លោក​បន្ត​បញ្ជាក់​អោយដឹងទៀតថា ការដ្ឋាន​ស្ថាបនា​រង្វង់​មូល​រូបសំណាក​ស្ត្រី​បី​កួរស្រូវ​នេះ​ បាន​ចាប់ផ្តើម​កសាង កាលពី​អំឡុង​ខែមិថុនា ហើយ​គ្រោង​បញ្ចប់​នៅ​ចុងខែ​តុលា​ឆ្នាំ​២០១៨​ខាងមុខនេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​កសាង​រូបសំណាក ជាច្រើន​ដាក់​នៅ​តាម​រង្វង់​មូល និង​នៅ​សួនច្បារ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​រូបសំណាក​ទាំង​នោះ​ពិតជា​ទទួល​បាន​នូវ​ការ​កោតសរសើរ និង​ពេញចិត្ត ពេញ​ថ្លើម​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ៕