ព័ត៍មានទាន់​ហេតុការណ៏
Search

អបអរ​ផង! ក្រុម​នាយ កុយ ត្រូវ​បាន​ផ្តល់​ឱកាស​ឡើង​កំប្លែង​ជាថ្មី​នៅ​ស្ថានីយទូរទស្សន៍​CTN

ភ្នំពេញ ​៖ បន្ទាប់ពី​មានការ​ប្រកាស​បង្ហាញ​ការ​ខកចិត្ត និង​ទទូច​សុំ​ឲ្យ​បណ្តា​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ផ្តល់ឱកាស​ដល់​ក្រុម​កំប្លែង​របស់ខ្លួន​ឡើងវិញ ​ក្រោយពេល​ផ្អាក​អស់​រយៈពេល​ជាច្រើន​ខែ​មក​នោះ ​ទីបំផុត​ក្រុម​កំប្លែង​របស់​នាយ កុយ ត្រូវ​បាន​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​គឺ​ប៉ុស្តិ៍​CTN​​​បើកផ្លូវ​ និង​ផ្តល់​ឱកាស​ឲ្យ​ឡើង​កំប្លែង​ជាថ្មី។

ដំណឹង​ដ៏​រីករាយ​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ទស្សនិកជន​ ដែល​តែង​និយម​គាំទ្រ​រាល់​សកម្មភាព​កំប្លែង​របស់​ក្រុម​នាយ កុយ ខាងលើនេះ ​បាន​បង្ក​ការភ្ញាក់ផ្អើល​ខណៈដែល​ប្រធាន​ក្រុម​ដ៏​មាន​ប្រជាប្រិយភាព​និង​ទទួល​បាន​ការ​គាំទ្រ​ជាច្រើន​ឆ្នាំ​គឺ​នាយ កុយ បាន​ធ្វើ​ការ​ប្រកាស​តាមរយៈ​ការ​Live​វីដេអូ​ជូនដំណឹង​ដល់​សមាជិក​ក្រុម​របស់ខ្លួន​ក៏​ដូច​មហាជន​ឲ្យ​ដឹង​ជា​សាធារណៈ​កាលពី​ថ្មីៗ​មក​នេះ​។​

យោងតាម​ការរៀបរាប់​របស់​តារា​កំប្លែង​នាយ កុយ បាន​បញ្ជាក់ថា នាយ​ពិតជា​មានការ​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​ក្រុម​កំប្លែង​របស់ខ្លួន​មានឱកាស​បង្ហាញមុខ​លើ​កញ្ចក់​ទូរទស្សន៍​ជាថ្មី​ក្រោយពេល​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​នានា​បានសម្រេច​ផ្អាក​ មិន​ឲ្យ​មាន​ការលេង​កំប្លែង​មាន​រយៈពេល​ជាច្រើន​ខែ​កន្លងមក​នោះ​។ ​នាយ កុយ ក៏បាន​ចាត់ទុកថា​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ក្រុម​របស់​នាយ​រួមទាំង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ ​និង​ចង់​ឲ្យ​នាយ​បន្ត​អាជីព​កំប្លែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍។

នាយ កុយ បាន​និយាយ​ទៀត​ថា​ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ​ឆ្នាំ​២០១៨​ខាងមុខនេះ​ ក្រុម​របស់​នាយ​នឹង​បង្ហាញ​វត្តមាន​កំប្លែង​ឡើងវិញ​នៅក្នុង​កម្មវិធី មន្ត​ស្នេហ៍​សំនៀង របស់​ស្ថានីយ​ទូរទស្សន៍​CTN ។​ដូច្នេះ​នាយ​សង្ឃឹមថា ​ទស្សនិកជន​នៅតែ​បន្ត​ការចូលរួម​គាំទ្រ​និង​ចូលរួម​លើ​ស្ទួយ​វិស័យ​កំប្លែង​បន្ថែមទៀត​។

ជាមួយ​គ្នា​នៃ​ការលើកឡើង​នេះដែរ​តារា​កំប្លែង​នាយ កុយ ក៏បាន​ប្រកាស​អំពាវនាវ​ផ្តល់ដំណឹង​ដល់​កូនក្រុម​របស់​នាយ​គឺ​នាយ ឃ្មឹ​ប ឲ្យ​ធ្វើការ​ទំនាក់ទំនង​មក​ដើម្បី​ចូលរួម​កំប្លែង​ជាមួយ​ក្រុម​ជាថ្មី​ឡើងវិញ​ផងដែរ​ ខណៈ​នាយ​មិនអាច​ស្វែងរក​ការ​ទំនាក់ទំនង​បានឡើយ៕