ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ប្រកាសប្រាប់​អ្នកវិនិយោគទុន​ចិន​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ផ្តល់​ការលើកទឹកចិត្ត​និង គាំពារ​ខ្ពស់​ចំពោះ​អ្នកវិនិយោគទុន​បរទេស​ទាំងអស់

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​តុមូល ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចិន កាលពី​ព្រឹក​ថ្ងៃទី​១១ ​ខែ​កញ្ញា ដែលជា​ថ្ងៃទី​ពីរ​នៃ​ការ​ស្នាក់នៅ​ទីក្រុង​ណាន​នី​ង​តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី ដែល​ក្នុង​ឱកាស​នោះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​គូសបញ្ជាក់​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី ៦ ដែល​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់​នឹង​បន្ត​ជំរុញ​លើកទឹកចិត្ត​និង​ផ្តល់នូវ​ការ​គាំពារ​ខ្ពស់​ចំពោះ​អ្នកវិនិយោគទុន​បរទេស​ទាំងអស់ ។​

កិច្ចសន្ទនា​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឈិន ចូ​វ អនុប្រធាន​នៃ​ក្រុមប្រឹក្សា​ជំរុញ​ពាណិជ្ជកម្ម​អន្តរ​ជាតិចិន ,​លោក ឈិន វូ អភិបាល​តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី រួមទាំង​តំណាង​ក្រុមហ៊ុន​វិនិយោគទុន​ធំៗ​ចំនួន ៦ របស់​ប្រទេស​ចិន​ដែល​កំពុង​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​និង​អ្នកសារព័ត៌មាន​ជាតិ​អន្តរជាតិ​ជាច្រើនរូប​។

នៅក្នុង​ពិធី​នោះ តំណាង​ក្រុមហ៊ុន​វិនិយោគ​ចិន​បានធ្វើ​បទ​បង្ហាញ​ពី​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​និ​មួយៗ​ក្នុងប្រទេស​កម្ពុជា​ដែល​ក្នុងនោះ​រួមការ​វិនិយោគ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ វិនិយោគ​ថាមពល វា​រី​អគ្គិសនី​ការកសាង​ស្ពាន ថ្នល់ ធនាគារ អចលនទ្រព្យ និង ការវិនិយោគ​លើ​វិស័យ​សំខាន់​ជាច្រើន​ទៀត ក្នុងប្រទេស​កម្ពុជា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី ៦ ដែល​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់​នឹង​បន្ត​ជំរុញ​លើកទឹកចិត្ត និង ផ្តល់នូវ​ការ​គាំពារ​ខ្ពស់​ចំពោះ​អ្នកវិនិយោគទុន​បរទេស​ទាំងអស់ ក្នុងនោះ​រាប់ទាំង​វិនិយោគទុន​ចិន​ដែលមាន​វត្តមាន​នៅទីនេះ​និង ដែលមាន​គម្រោង​ទៅ​បណ្តាក់​ទុនវិនិយោគ​ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃ​អនាគត​ផងដែរ។ ជាមួយនឹង​ការលើកឡើង​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូស​បញ្ជាក់ជូន​អ្នកវិនិយោគទុន​ចិន ពី​គម្រោង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ស្នើ​ដល់​រដ្ឋាភិបាល​ចិន​ក្នុង​ការផ្តល់​កម្ចីសម្បទាន​ដល់​កា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ក្នុងប្រទេស​កម្ពុជា ដែល​ក្នុងនោះ​មាន​ការតភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ការតភ្ជាប់​ជាមួយនិង បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ការតភ្ជាប់​ទៅកាន់​ប្រទេស​ចិន​តាមរយៈ​ផ្លូវទឹក ផ្លូវគោក និង ផ្លូវអាកាស​។ សម្តេច​តេ​ជោ​បានផ្តល់​ជំនឿ​ទុកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​ចិន​ទាំងអស់ សូមកុំ​ឲ្យ​មានការ​ភ័យខ្លាច​ទៅលើ​ការ​លប់​កុងត្រា​ចាស់​ណាមួយ​ពី​សំណាក់​រាជរដ្ឋាភិបាល​ថ្មី ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល​ថ្មី នីតិកាល​ទី​៦ ក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពីស​ម្តេច សម្តេច​នឹង​បន្ត​ការពារ​នូវ​រាល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ។

សម្តេច​តេ​ជោ ហ៊ុន សែន ស្វាគមន៍​និង​អបអរសាទរ​ចំពោះ​កិច្ចសន្ទនា​តុមូល​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ជំរុញ​ការវិនិយោគ​ពី​ប្រទេស​ចិន​ទៅកាន់​កម្ពុជា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយនេះ គឺ​កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ​ដែលជា​កត្តា​កំណត់​ឲ្យ​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ គឺ​ប្រមាណ ៧,៦% ចន្លោះ​ឆ្នាំ ១៩៩៤-២០១៥ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ៦ ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​នៅលើ​ពិភពលោក។ នៅ​ឆ្នាំ​២០១៧ អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា​ទទួលបាន ៧% ហើយ​រំពឹងថា​កំណើត​សេដ្ឋកិច្ច​នឹង​ខ្ពស់ជាង​៧% នៅ​ឆ្នាំ ២០១៨ នេះ។ សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ នៃ​រដ្ឋសភា កម្ពុជា​នៅតែ​បន្ត​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​នយោបាយ​និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ធានាបាន​នូវ​បរិយាកាស​ធុរកិច្ច​និង​វិនិយោគ​ដ៏​ល្អប្រសើរ​សម្រាប់​វិនិយោគិន​បរទេស​ជាពិសេស​វិនិយោគិន​ពី​ប្រទេស​ចិន។ ដោយឡែក ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​ក៏មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយបាន​កើនឡើង​ដល់ ៥,៨ ប៊ី​លាន​ដុល្លារ តាម​ស្ថិតិ​ឆ្នាំ​២០១៧ គឺ​កើនឡើង​ប្រមាណ ២២% ធៀប​នឹង​ឆ្នាំ​កន្លងទៅ។ សម្រាប់​ការវិនិយោគ​ពី​ប្រទេស​ចិន​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​រយៈពេល​បី​ឆ្នាំ​កន្លងទៅនេះ​ដោយបាន​កើនឡើង​ពី​ប្រមាណ​៩០០ លាន​ដុល្លារ នៅ​ឆ្នាំ ២០១៦ ដល់ ១,៦ ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៧ និង​ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ​២០១៨ នេះ​បាន​កើន​ដល់​២,៨ ប៊ី​លាន​ដុល្លារ​។ អ្នកទេសចរ​ចិន​ទៅ​ទស្សនា​កម្ពុជា​វិញ បាន​កើន​ឡើងដល់ ១,៣ លាន​នាក់ ហើយ​មាន​ក្រុមហ៊ុន​អាកាសចរ​ណ៏​ចិន​ចំនួន ១៦ ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​ការហោះហើរ​ត្រង់​ពី​ចិន​មក​កម្ពុជា ។ លើសពីនេះ​ទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ក្រុមហ៊ុន​អាកាសចរណ៍ Air China នឹង​បើក​ជើងហោះហើរ​ត្រង់​ពី​ប៉េកាំង​មក​ភ្នំពេញ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា កម្ពុ​ជា​មាន​សក្តានុពល​វិនិយោគ​ធំៗ លើ​វិស័យ​អាទិភាព​ជាច្រើន​របស់​រា​ជ​រដ្ឋាភិបាល​ដូចជា​វិស័យ​កសិកម្ម​,​កសិ​-​ឧស្សាហកម្ម​, ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​ឧស្សាហកម្ម​, ឧស្សាហកម្ម​នាំចេញ រ៉ែ និង​ថាមពល​,​ទេសចរណ៍ និង​វិស័យ​ហិរញ្ញវត្ថុ​ជាដើម។ វិស័យ​អាទិភាព​និង​ប្រកបដោយ​សក្តានុពល​ទាំងនេះ នៅ​មិនទាន់មាន​ការអភិវឌ្ឍ​ពេញលេញ​នៅឡើយ​ដោយ​រង់ចាំ​ការវិនិយោគ​ដោយផ្ទាល់​ពី​វិនិយោគិន​បរទេស ជាពិសេស​វិនិយោគិន និង​សហគ្រិន​ពី​ប្រទេស​ចិន​។ ជាមួយនឹង​បរិបទ​តំបន់​ដែល​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស និង​បន្ត​កំណើនសេដ្ឋកិច្ច​ខ្ពស់​រាជរដ្ឋាភិបាល​តែងតែ​បុ​រេ​សកម្ម​ក្នុងការ​កែទម្រង់​,​ការរៀបចំ​និង​ការដាក់ចេញ​នូវ​ផែនការ​,​គោលនយោបាយ​សេដ្ឋកិច្ច និង​គោលនយោបាយ​វិនិយោគ​, និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង និង​ទន់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​វិស័យ​ឯកជន​, ជាពិសេស​ធ្វើយ៉ាងណា​ជំរុញ​អោយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​កា​ន់​តែ​ល្អប្រសើរ​ឡើង​។​

ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​សុំអោយ​ភាគី​ចិន​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​និង​កាលានុវត្តភាព​វិនិយោគ​ដែលមាន​នៅ​កម្ពុជា និង​ជួយ​ជំរុញ​ឲ្យ​វិនិយោគិន​ដទៃៗ​ទៀត​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​យើង​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន តែងមាន​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ និង អនុស្សរណៈ​យោគយល់​គ្នា​ជាច្រើន​រវាង​វិនិយោគទុន​ចិន​និង​ពាណិជ្ជកម្ម​កម្ពុជា​។ ជាក់ស្តែង​នៅក្នុង​នៅក្នុង​វេទិកា​ធុរកិច្ច​និង​ទេសចរណ៍​កម្ពុជា​ដែល​ត្រូវ​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ២០១៨ នៅ​មជ្ឈមណ្ឌល​ពី​ព័រ​ណ៍​និង​សន្និសីទ​ទីក្រុង​ណា​នី​ង​នឹងមាន​ការចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​និង​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​១២ រវាង​វិនិយោគិន​និង​សហគ្រិន​កម្ពុជា​។​ ​

ថ្លែង​នៅក្នុង​វេទិកា​តុមូល​នៃ​កិច្ចសន្ទនា​ជាមួយនិង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចិន លោក ឈិន ចូ​វ អនុប្រធាន​នៃ​ក្រុមប្រឹក្សា​ជម្រុញ​ពាណិជ្ជកម្ម​អន្តរ​ជាតិចិន មានប្រសាសន៍ថា ក្រោយ​មាន​កិច្ចសន្ទនា​ប្រកបដោយ​ភាពកក់ក្តៅ​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សហគ្រាស​ចិន​បានទទួល​នូវ​ព័ត៌មាន​ថ្មីៗ ដែល​នឹង​នាំមក​នូវ​ការបង្កើន​ជំនឿ​ទុកចិត្ត​ពី​សំណាក់​វិនិយោគទុន​ចិន​ក្នុងការ​បណ្តាក់ទុន​ក្នុងប្រទេស​កម្ពុជា​។

ដោយឡែក​នៅក្នុង​សុន្ទរកថា​របស់លោក ឈិន វូ អភិបាល​តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី មានប្រសាសន៍ថា ប្រជាជន​ជ័​ង​ក្វាង​ស៊ី ក៏ដូចជា​ប្រជាជន​ចិន​បានចាត់ទុក​សម្តេច​តេ​ជោ គឺ ជា​មិត្ត​ចាស់​និង​ជា​មិត្ត​ដ៏​ល្អ​ទុកចិត្តបាន​របស់​ប្រទេស និង​ប្រជាជន​ចិន និង​បាន​ចាត់ទុកជា​ថ្នាក់ដឹកនាំ​មួយរូប ដែល​ទទួលស្គាល់​គ្រួសារ​ទាំងអស់​ក្នុងប្រទេស​ចិន​។ លោក​ក៏បាន​ចាត់ទុក​សម្តេច​តេ​ជោ​គឺជា​មេដឹកនាំ​អាស៊ាន​មួយរូប​ដែលមាន​វត្តមាន​អញ្ជើញ​មក​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​និង​វេទិកា​ធុរកិច្ច​ចិន​អាស៊ាន​ច្រើនជាងគេ​នៅ​ទីក្រុង​ណាន​នី​ង ពិសេស​ទៅទៀត​នោះ សម្តេច​មាន​លក្ខណពិសេស​សម្រាប់​តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី ។ លោក​អភិបាល​មានប្រសាសន៍​បន្តថា កិច្ចសន្ទនា​តុមូល​នៅពេលនេះ​នឹងធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ចិន​-​កម្ពុជា សម្រាប់​កិច្ចសន្ទនា​ដើម្បី​អភិវឌ្ឍ​រួមគ្នា ហើយ​តាមរយៈ​ការរៀបចំ​កិច្ចសន្ទនា​តុមូល​នេះ​នឹង​ជំរុញ​ទំហំ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្មី​មួយទៀត ។ ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​គឺជា​អ្នកជិតខាង​ល្អ​ដែលមាន​មិត្តភាព​ប្រពៃណី​ជា​យូរលង់​ណាស់​មកហើយ ក្នុងនោះ ក្វាង​ស៊ី​ចាត់ទុកជា​ច្រក​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​បើកចំហរ​ចំពោះ​អាស៊ាន​ពិសេស​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនិង​ប្រទេស​កម្ពុជា ពោលគឺ​មានគុណ​សម្បត្តិ​ពិសេស​លើ​កិច្ចសហប្រតិបត្តិការ​មិត្តភាព ចិន​-​កម្ពុជា លើ​ការ​ជម្រុញ​និង​ការសាងសង់​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ និង​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​តំបន់​សេរី ចិន​-​កម្ពុជា​៕
​ ​