ព័ត៍មានទាន់​ហេតុការណ៏
Search

លោក សួន សេរី​រដ្ឋា ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ផ្អាក​សកម្មភាព​គណបក្ស​អំណាច​ខ្មែរ​បណ្តោះអាសន្ន ដោយ​សំអាងថា មានការ​បន្លំ​ស្នាម​មេដៃ

ភ្នំពេញ​ ៖ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ទើប​ចេញ​ពន្ធនាគារ​នោះ បាន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ផ្អាក​សកម្មភាព​គណបក្ស​អំណាច​ខ្មែរ​ជា​បណ្តោះអាសន្ន ដោយ​សំអាង​ថា មានការ​បន្លំ​ស្នា​មេដៃ​របស់​លោក នេះ​បើ​យោងតាម​លិខិត ផ្ញើ​ជូន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨។

លោក សួន សេរី​រដ្ឋា បាន​លើក​ឡើង​នៅ​លើ​លិខិត​របស់​ខ្លួន​ថា ក្នុង​ឋានៈ​ជា​ប្រធាន​ស្ថាបនិក និង​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក​មិនដែល​បាន​ចុះហត្ថលេខា​លើ​លិខិត​លាលែង​ពី​ប្រធាន​គណបក្ស​ទេ តែ​លោក​បាន​ចុះហត្ថលេខា​លើ​លិខិត​តែងតាំង​លោក សួង សុ​ភ័​ណ្ឌ ជា​ប្រធានស្តីទី ដើម្បី​ដឹកនាំ​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា “​លោក សួង សុ​ភ័​ណ្ឌ បាន​បន្លំ​ហត្ថលេខា​របស់ខ្ញុំ ធ្វើលិខិត​លាលែង​ក្លែងក្លាយ កុហក​សមាជិក ស្ថាបនិក សមាជិក​ក្រុមប្រឹក្សា​នយោបាយ (​អចិន្ត្រៃយ៍​) សមាជិក​ក្រុមប្រឹក្សា​តំណាង​រាជធានី​/​ខេត្ត និង​សមាជិក​ក្រុមប្រឹក្សា​មូលដ្ឋាន ព្រមទាំង​បន្លំ​ឯកសារ​ដាក់​ជូន​ក្រសួងមហាផ្ទៃ ធ្វើ​សមាជ​វិសាមញ្ញ​ចំនួន​២​លើក ដើម្បី​គ្រប់​គ្រង់​គណបក្ស​អំណាច​ខ្មែរ​។ មិនតែប៉ុណ្ណោះ លោក សួង សុ​ភ័​ណ្ឌ បាន​តែងតាំង​អនុប្រធាន​គណបក្ស​ចំនួន​២​រូប ជំនួស​អនុប្រធាន​គណបក្ស ដែល​នៅក្នុង​តំណែង ប្តូរ​រូប​សញ្ញា​គណបក្ស និង​ធ្វើ​វិសោធនកម្ម​ច្បាប់​លក្ខន្តិកៈ​គណបក្ស ទាំង​រំលោភបំពាន​ច្បាប់​លក្ខន្តិកៈ​ជាដើម​”​។

ទាក់ទង​បញ្ហា​នេះ លោក សួង សុ​ភ័​ណ្ឌ ដែល​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បច្ចុប្បន្ន​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ថា លោក​ជា​ប្រធាន​គណបក្ស ដែល​ទទួលស្គាល់​ដោយ​សមាជ ហើយ​ការ​ចោទ​នេះ បើ​លោក សួន សេរី​ដ្ឋា មាន​ឯកសារ​ភស្តុតាង​ពិតប្រាកដ ដែល​ថា​ លោក​បាន​ក្លែង​ឯកសារ​នោះ លោក​នឹង​ចុះ​ចេញពី​ប្រធាន​គណបក្ស​ភ្លាម​។ លោក​បន្តថា ការដែល​លោក សួន សេរី​ដ្ឋា ចង់​មក​អង្គុយ​ជា​ប្រធាន​វិញ​នេះ “​ខ្ញុំ​យល់ថា គាត់​ឡប់សតិ​” ក្រោយ​ចេញពី​ពន្ធនាគារ​។ ពីព្រោះ​ឯកសារ លាលែង​របស់​គាត់ គឺ​គាត់​ធ្វើ​ដោយ​ខ្លួនឯង លោក​មិន​បានដឹង​ទេ ហើយ​បើ​និយាយ​ពី​ផ្លូវច្បាប់ លោក សួន សេរី​ដ្ឋា បាន​ជាប់ពន្ធនាគារ​ទាក់ទង​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ក្រោយមក​ក្រសួងមហាផ្ទៃ​បាន​បង្ខំ​ឲ្យ​គណបក្ស​រៀបចំ​ក្បាលម៉ាស៊ីន ដោយ​ទុក​ពេល​១៥​ថ្ងៃ បើ​រៀបចំ​មិនទាន់​ទេ នឹង​រំលាយ​ចោល​។ ដូច្នេះ​គណបក្ស​បាន​សម្រេច​ធ្វើ​សមាជ​នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៧។

តាម​លោក សួង សុ​ភ័​ណ្ឌ ការលាលែង​របស់​លោក សួន សេរី​ដ្ឋា បើ​និយាយ​ពី​លក្ខខណ្ឌ​ច្បាប់ អ្នក​ដែល​មានទោស​ព្រហ្មទណ្ឌ ឬ​ទណ្ឌិត មិនអាច​ធ្វើ​ប្រធាន​គណបក្ស​បានទេ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​កុំថាឡើយ​សិទ្ធិ​ជា​អ្នកនយោបាយ សិទ្ធិ​ក្នុងនាម​ជា​ពលរដ្ឋ​ក៏ត្រូវ​រលាយ​ក្សុល​ដែរ សិទ្ធិ​ត្រូវ​បាន​ដកហូត​ដោយ​ច្បាប់ កុំថាឡើយ​សិទ្ធិ​ក្នុង​នយោបាយ សូម្បីតែ​សិទ្ធិ​ជា​ពលរដ្ឋ ក៏​ត្រូវ​បាន​ដកហូត​ដែរ​”​។ ជាមួយគ្នា​នោះ លោក សួន សេរី​ដ្ឋា ក៏​ធ្លាប់​បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ដែរ​ថា លោក​បាន​លាលែង​ពី​គណបក្ស​ហើយ អត់​មាន​អ្វី​ទាក់ទង​ទៀត​ទេ​។

សូម​បញ្ជាក់​ថា លោក សួន សេរី​រដ្ឋា ត្រូវ​បាន​ដោះលែង​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់ពី​មាន​ព្រះរាជសារ​លើកលែងទោស​។ លោក​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ពាក់ព័ន្ធ​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុ​ជា​។ លោក សួន សេរី​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ បន្ទាប់​បាន​សរសេរ​បង្ហោះ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រមាថមើលងាយ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស​ថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេស​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល នូវ​ព្រឹត្តិការណ៍​ប្រឈមមុខ​ដាក់គ្នា រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង​៕