ព័ត៍មានទាន់​ហេតុការណ៏
Search

ជនរងគ្រោះ​២០០​គ្រួសារ​ ទទួល​បាន​អំណោយ​សប្បុរសធម៌​ពី​ក្លិប​បាល់ទាត់​បឹងកេត

ក្លិប​បាល់ទាត់​បឹង​កេត​អែ​ហ្វ​ស៊ី សមាជិក​ក្រុម​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League2018 បាន​បញ្ចប់​កម្មវិធី​ចែក​អំណោយ​សប្បុរសធម៌​ដល់​ជនរងគ្រោះ​នៅ​ភូមិ​មួយ​ក្នុង​ខេត្តកំពង់ចាម កាល​ពី​ពេល​ថ្មីៗ អំឡុងពេល​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) សម្រាក​មួយរយៈ​។

ក្លិប​បាន​ជូនដំណឹង​ប្រាប់​អ្នកគាំទ្រ​ថា ​ក្លិប​បានផ្ដល់​ជា​ជំនួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​២០០​គ្រួសារ នៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃអាទិត្យ ទី៩​ខែកញ្ញា​។ សកម្មភាព​មនុស្សធម៌​នេះ​គឺ​កើតឡើង​ក្រោយ​ក្លិប​បញ្ចប់​ការធ្វើ​កម្មវិធី​សប្បុរសធម៌​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។

​នេះ​គោលដៅ​មួយ​កម្មវិធី​នេះ​មាន​ឈ្មោះថា ​«​ក្រុម​មួយ​សុខទុក្ខ​តែមួយ​»​។ យោង​សេចក្តីជូនដំណឹង​របស់​ក្លិប​បាន​បញ្ជាក់​ថា ​ក្លិប​សូម​ជូនដំណឹង​ដល់​សប្បុរសជន បណ្ដា​ក្រុមហ៊ុន​នានា និង​អ្នកគាំទ្រ​ទាំងអស់​ដែល​មាន​បំណង​ចង់​ចូលរួម​កម្មវិធី​សប្បុរសធម៌​ជា​ថវិកា​ក្ដី ជា​សម្ភារៈ​ក្ដី អាចធ្វើ​ការទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០៧៨ ៣៣៣៧៤៩ / ០៩៧ ៥៤៨៧៧៧៧ រៀងរាល់​ម៉ោង​ធ្វើការ​។

​ក្រុម​បឹងកេត បានរៀបចំ​សកម្មភាព​នេះ​ឡើង​គឺ​ស្រប​ពេលដែល​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បាន​សម្រាក​មួយ​រយៈ​ដើម្បី​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រមូលផ្តុំ​កីឡាករ​ឆ្នើមៗ​ហ្វឹកហាត់​និង​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ដើមខែ​កញ្ញា នេះ ក៏ដូចជា​ក្រុម​នេះ​បាន​អស់​ឱកាស​ប្រជែង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ​។

ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅ​ក្រៅ​ស្រុក​វិញ​ក្រុម​ដែល​មាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President’s Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AF Cup ផងដែរ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ដូចគ្នា​៕