ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកចាំទី​ក្រុម​ប៉ូលីស លើកឡើង​ពី​ចំ​ណុល​ខ្លាំង​របស់​គូប្រជែង​ក្រុម​ទ័ព ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ

​អ្នកចាំទី​ដៃ​ទី​១ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ (​ប៉ូលិស​) ប្រាក់ មុន្នី​ភា​រុណ បាន​លើក​ឡើង​ពី​ចំណុចខ្លាំង​របស់​គូប្រជែង​ គឺ​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) ដែល​បង្កើត​ក្ដី​បារម្ភ​ខ្លួន​ និង​ មិត្ត​រួម​ក្រុម​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៨ (Hun Sen Cup 2018) នៅក្នុង​ខែតុលា ខាងមុខនេះ​។

អ្នកចាំទី​ល្អ​ប្រចាំ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៤ រូបនេះ​បាន​សង្កត់ធ្ងន់​ថា «​ជាទូទៅ​អ្នកចាំទី​មាន​កម្ពស់​ខ្ពស់​ល្អ អាច​ការពារ​សំណាញ់​ទី​មាន​ប្រសិទ្ធភាព​ជាង​អ្នកទាប ពិសេស​ការចេញ​យក​បាល់​លើ​ពេល​មាន Corner, Freekick ឬ បាល់​កាត់​ពី​ចំហៀង​ជាដើម​។ តាម​ខ្ញុំ​សង្កេត ទ័ព​គាត់​ចូលចិត្ត​ប្រើ​យុទ្ធសាស្ត្រ Cross បាល់​ពី​ស្លាប​ឆ្វេង​ស្ដាំ ព្រោះ​មាន​ខ្សែប្រយុទ្ធ​ខ្ពស់ៗ​ដូចជា រ៉ឹង ប៊ុន​ហៀ​ង និង ភួង សុខ​សា​ណា ជាដើម​។ ទាំងនេះ​ជា​ក្ដីបារម្ភ​របស់ខ្ញុំ​»​។

ក្រោយ​ឃើញ​ពី​ចំណុចខ្លាំង​របស់​គូប្រកួត ប្រាក់ មុន្នី​ភា​រុណ បាន​យល់​ពី​របៀប​ដែល​ត្រូវ​ទប់ស្កាត់​ដែរ​ដោយ​ខ្លួន​នឹង​ព្យាយាម​ហ្វឹកហាត់​វិធី​ទប់ស្កាត់ យុទ្ធសាស្ត្រ​ប្រយុទ្ធ​បែបនេះ​ឲ្យ​បាន​ល្អ ដើម្បី​ការពារ​សំណាញ់​ទី​ជួយ​ក្រុម​លើក​ពាន​ជា​លើក​ទី​២ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។ គេ​បន្ថែម​ទៀត​ថា ការ​ប្រមូល​អារម្មណ៍​ប្រកួត​ឲ្យ​ល្អ និង យកឈ្នះ​ខ្លួនឯង ក៏​ជា​ផ្នែក​មួយ​ជួយ​ទៅរក​ភាពជោគជ័យ​ផងដែរ​។

សូម​បញ្ជាក់ថា​ មុន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រុម​ក្រសួងការពារជាតិ បាន​យកឈ្នះ​លើ​ក្រុម​ណាហ្គា​វើ​ល ឈ្នះ​ណាហ្គា​វើ​ល ៣​ទល់​១ នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ខណៈ​នៅ​វគ្គ​ជាមួយគ្នា​នោះដែរ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​យកឈ្នះ​លើ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ២​ទល់​០​។ ដូច្នេះ​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ក្រសួងការពារជាតិ ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨ ខាងមុខ​។ ក្រុម​ដែល​ចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​នឹង​ទទួលបាន​ចំណាត់​ថ្នាក់​៣​ស្ទួន​៕