ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​វិសាខា បន្ត​ជម្រុះ​កីឡាករ​យុវជន U17 រហូតដល់​តែ​៣៦​នាក់​ក្នុង​គោលដៅ​ត្រៀម​លី​គ​លំដាប់​ទី​២

ក្រោយ​ប្រកាស​ស្វែងរក​កីឡាករ​យុវជន​ដែលមាន​សមត្ថភាព​ចូល​ហ្វឹកហាត់​ក្នុង​ឈុត​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ (U17) នៅពេល​ក្លិប​បាល់ទាត់​វិសាខា សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018)​បាន​ចំរាញ់​កីឡាករ​សល់​ត្រឹម​៣៧​នាក់ ដែល​ជម្រុះ​ចេញពី​បេក្ខជន​សរុប​ជាង​៣០០​នាក់​។

កីឡាករ​ដែល​នៅសល់​ទាំង​៣៧​នាក់​នេះ​នឹង​ធ្វើ​ការហ្វឹកហាត់​និង​ប្រកួត​សាកល្បង​រួមគ្នា​រយៈពេល​១​សប្ដាហ៍​ពេល​ដើម្បី​ជម្រុះ​ទុក​តែ​២៥​នាក់​ដែល​ល្អ​ជាងគេ ហើយ​អ្នក​ដែល​នៅសល់​នេះ​នឹង​ជាប់​ឈ្មោះ​ជា​សមាជិក​ពេញសិទ្ធិ​របស់​ក្រុម U17 របស់​វិសាខា​។ កីឡាករ​ដែល​ក្លាយខ្លួនជា​សមាជិក​យុវជន​ថ្នាល​អាយុ​ក្រោម​១៧​ឆ្នាំ​វិសាខា នឹង​ទទួលបាន​ការ​ហូបចុក ស្នាក់នៅ ប្រាក់​ឈ្នួល​ប្រចាំខែ អាហារូបករណ៍​សិក្សា និង អត្ថប្រយោជន៍​មួយចំនួន​បន្ថែមទៀត​។

លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ក្លិប​វិសាខា ប្រាប់​ថា​ ជំហាន​ដំបូង​ក្លិប​បាន​ចំណាយពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ថ្មីៗ​នេះ​ធ្វើតេស្ដ​សមត្ថភាព​បេក្ខជន​ទាំង​៣០០​នាក់ ​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​។ ជា​លទ្ធផល​ឃើញថា​ក្លិប​ជ្រើសរើស​យកបាន​កីឡាករ​៥០​នាក់ ប៉ុន្តែ​ក្រោយ​ជម្រុះ​ជំហាន​ទី​២​ឃើញថា​ នៅសល់​កីឡាករ​៣៧​នាក់ មុន​ឈានទៅ​ចម្រាញ់​យក​តាម​ផែនការ​២៥​នាក់​។

ក្រៅពី​ធ្វើតេស្ត​សមត្ថភាព​តាមរយៈ​ការ​ហ្វឹកហាត់​ក្លិប​បាន​យក​ក្រុម​កីឡាករ​ដែល​រើស​បាន​យកទៅ​ប្រកួត​ជាមួយ​ក្រុម​ធំ​វិសាខា ដើម្បី​មើល​សមត្ថភាព​ពួកគេ​ផងដែរ​។

ក្រុម​វិសាខា បាន​បង្កើត​ឡើង​ពីថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​លោក ស សុខា ។ បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជិត​៣០​នាក់ ដែលមាន​លោក ហុក សុចិ​ត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរតួ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។ ក្រុម​វិសាខា បាន​កសាង​កីឡដ្ឋាន​ថ្មី​ផ្ទាល់ខ្លួន ដែល​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ​ជាង​៥០០០​នាក់ ដែលមាន​ទីលាន​ជា​ស្មៅ​ធម្មជាតិ​៕