ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​កម្ពុជា និង​ម៉ាឡេស៊ី បង្ហាញ​ទស្សនៈ​រៀងៗ​ខ្លួន​ក្រោយ​ប្រកួត​ចាញ់​ឈ្នះ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ដោយ​លទ្ធផល​៣​ទល់​១ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​១០ ខែកញ្ញា លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​គ្រូបង្វឹក​របស់​ក្រុម​ទាំង​២​សុទ្ធតែ​បង្ហាញ​ទស្សនៈ​រៀងៗ​ខ្លួន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត​។

​សម្រាប់​លោក Tan Cheng Hoe គ្រូបង្វឹក​ម៉ាឡេស៊ី បាន​បង្ហាញ​ទស្សនៈ​របស់ខ្លួន​ដែលថា «​ជាការ​ពិត វា​មិន​មាន​ជា​រឿង​ងាយស្រួល​នោះ​ទេ ពេល​រៀបចំ​ប្រព័ន្ធ​ថ្មី គ្រូបង្វឹក​ថ្មី តែ​ក៏​មិនមែន​ជា​រឿង​ងាយស្រួល​ដែរ សម្រាប់​ការ​យក​ឈ្នះ​កម្ពុជា ហើយ​យើង​សង្ឃឹមថា​ កីឡាករ​នឹង​យក​បទពិសោធន៍​ដ៏​ល្អ​នេះ សម្រាប់​ប្រើប្រាស់​ពេល​ជួប​កម្ពុជា ពេល​បើកឆាក​ពាន AFF Suzuki Cup នា​ដើមខែ​វិច្ឆិកា​»​។

​គ្រូបង្វឹក​ក្នុងស្រុក​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា «​វា​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​ជាច្រើន ដែល​ត្រូវ​កែតម្រូវ តែ​រយៈពេល ២​ខែ​ចុងក្រោយ យើង​ជឿជាក់​ថា យើង​នឹង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ត្រៀម Suzuki Cup។ ខ្ញុំ​មើលឃើញ​កីឡាករ​កម្ពុជា​មាន​ទឹក​ចិត្ត និង​ការប្រកួតប្រជែង​ខ្ពស់ តែ​កីឡាករ​ខ្ញុំ ហាក់​ផ្សាំ​នឹង​ស្ថានភាព​បែបនេះ ដែល​ធ្វើ​ឲ្យ​ក្រុម​យើង​ទទួល​បាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ថ្ងៃនេះ​»​។

​ដោយឡែក​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​រប​ស់​កម្ពុជា បាន​លើកឡើងថា «​ទាក់ទង​នឹង​លទ្ធផល​នេះ គឺជា​ទំនួល​ខុសត្រូវ​របស់ខ្ញុំ ហើយ​ប្រកួត​នេះ​យើង​រក​ឃើញ​ចំណុច​ខ្វះខាត ហើយ​យើង​សង្ឃឹម​នឹង​ធ្វើ​បានល្អ​នៅ​ការប្រកួត​បន្ទាប់​។ ខ្ញុំ​អបអរសាទរ​ម៉ាឡេស៊ី ពួកគេ​ស័ក្តិសម​ទទួល​ជ័យជម្នះ​ថ្ងៃនេះ តែ​ជា​សំណាង​មិនល្អ​សម្រាប់​យើង​។ និយាយ​ជា​រួម ខ្ញុំ​ពេញចិត្ត ចំពោះ​ទម្រង់​លេង​របស់​កីឡាករ​កម្ពុជា​ថ្ងៃនេះ​»​។

អតីត​កីឡាករ​ជម្រើសជាតិ​ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ប្រទេស​អូស្ត្រាលី រូបនេះ​បាន​បន្ត​ថា «​យើង​ព្យាយាម​ស្វែងរក​ចំណុចខ្សោយ ឬ​រក​ហេតុផល រាល់ពេល​ចាញ់ ហេតុអ្វី​យើង​ចាញ់ តែ​ពេលនេះ​ខ្ញុំ​ចង់​និយាយ​ពី​ចំណុចខ្លាំង​របស់​កម្ពុជា​ច្រើនជាង ពីព្រោះ​យើង​អាច​បង្ហាញ​ដល់​អ្នក​ទាំងអស់គ្នា នូវ​អ្វី​ដែល​យើង​ចង់​លេង ជាក់ស្ដែង ៣០​នាទី​យើង​ធ្វើ​បាន​ល្អ តែ​យើង​ត្រូវ​កែតម្រូវ​បន្ថែម​ទៀត ព្រោះ​បាល់ទាត់​លេង ៩០​នាទី ដែល​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​កាន់តែ​ល្អ​»​។

​សូម​រំលឹក​ថា ​ប្រកួត​ការប្រកួត​ដែល​កាត់សេចក្តី​ដោយ​អាជ្ញាកណ្ដាល​ជនជាតិ​វៀតណាម Nguyễn Hiền Triế នៅ​យប់​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​១​គ្រាប់​នៅ​នាទី​១៨ ខណៈ​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី បាន​រក​គ្រាប់​បាល់​វាយបក​វិញ​៣​គ្រាប់​ដោយ​កីឡាករ Shahrul Saad នៅ​នាទី​៦២ ហើយ​កីឡាករ Syazwan Fikri នៅនាទី៩០+២៕