ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា នឹង​ត្រឡប់មកវិញ​នៅ​ចុង​សប្ដាហ៍​នេះ ក្រោយ​សម្រាក​មួយរយៈ​ទុកឱ្យ​ក្រុម​ជម្រើសជាតិ​ប្រមូលផ្តុំ​ហ្វឹកហាត់

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ត្រឡប់មក​ដំណើរការ​ប្រកួត​សប្ដាហ៍​ទី​២០​របស់ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ ក្រោយ​សម្រាក​មួយរយៈ​ដើម្បី​ទុក​ឱកាស​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ធ្វើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​និង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​។

សរុប​កម្មវិធី​ប្រកួត​ប្រចាំ​សប្ដាហ៍​ទី​២០​នេះ​ឃើញថា​ នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​វិសាខា ត្រូវ​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វេលា​ម៉ោង​៦​ល្ងាច​ហើយ​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park ស្របពេល​ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​ស្តា​ត​ចាស់​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ហើយ​ក្រុម​អាស៊ី​អឺរ៉ុប ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park និង​ក្រុម​បឹងកេត ប៉ះ​អគ្គីសនី​កម្ពុជា នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។

ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះ​អាសន្ន​ប្រចាំ​សប្ដាហ៍​ទី​១៩​នេះ​វិញ​ឃើញថា​ ក្រុម​ណាហ្គា​វើ​ល ឡើងឈរ​កំពូល​តារាង មាន​៤៧​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ បឹងកេត​អែ​ហ្វ​ស៊ី មាន​៤៥​ពិន្ទុ ហើយ​ក្រុម​វិសាខា ឈរ​លេខ​៣ មាន​៤២​ពិន្ទុ​។ ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​៣៩​ពិ​ន្ទុ ខណៈ​ក្រុម​លេខ​៥ ភ្នំពេញ​ក្រោ​ន មាន​៣០​ពិន្ទុ ក្រុម​លេខ​៦ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រុម​លេខ​៧ ព្រះខ័ន​រាជ​ស្វាយរៀង មាន​២៤​ពិន្ទុ​ដួច​គ្នា​។ ក្រុម​លេខ​៨ អង្គ​រថា​យ​ហ្គឺ​រ មាន​២៣​ពិន្ទុ លើ​ក្រុម​លេខ​៩ អាស៊ី​អឺរ៉ុប មាន​២០​ហើយ​ក្រុម​លេខ​១០ សូល​ទី​ឡូ​អង្គរ មាន​១៦​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១​មាន​៩​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មាន​១​ពិន្ទុ​។

ចំណែក​ក្រុម​ជម្រើសជាតិ​កម្ពុជា វិញ​បាន​កោះហៅ​កីឡាករ​ឆ្នើមៗ​ចំនួន​២៣​នាក់ ចេញពី​ក្លិប​ល្បីៗ​នៅ​លី​គ​កំពូល​កម្ពុជា និង​ម្នាក់ទៀត​មកពី​លី​គ​កំពូល​ម៉ាឡេស៊ី ប្រមូលផ្តុំ​បាន​មួយ​រយៈពេល​ក្រោម​ការដឹកនាំ​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ​Keisuke Honda ដោយបាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​។

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម៕