ព័ត៍មានទាន់​ហេតុការណ៏
Search

ផឹកស្រា​ស្រវឹង​យក​ឡាន​មិត្តភក្ដិ​ទើបនឹង​ទិញ​ បើក​បុក​របាំង​ថ្ម​ខ្ទេច​មុខរថយន្ត

ភ្នំពេញ ៖ បុរស​ជា​អ្នកបើកបរ​រថយន្ដ​ម្នាក់ ​បាន​រង​របួស​ធ្ងន់​ និង ​អ្នករួម​ដំណើរ​រង​របួស​ស្រាល បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ ហើយ​យក​ឡាន​មិត្តភក្ដិ​របស់​ខ្លួន​ដែល​ទើបនឹង​ទិញ​ផង​បើក​លឿន​ជ្រុល​ទៅ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​មុខ​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ បណ្ដាល​ឲ្យ​ខ្ទេច​ឡាន​បើក​ទៅមុខ​លែង​រួចហើយ​ម្ចាស់​ឡាន​បាន​ត្រឹម​ហួសចិត្ត ​និង​អា​ម៉ាក​ម្នាក់​នេះ​។

​ករណីនេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៨ ​នៅមុខ ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ក្នុងភូមិ​សាស្ដ្រ​ភូមិ​ក្បាលដំរី​២​សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

រថយន្ត​បង្ក​ម៉ាក​លុច​ស៊ី​ស RX300​ពណ៌​ស​ពាក់​ស្លាក​លេខ​2AW-1680 បើកបរ​ដោយ​បុរស​ម្នាក់​និង​នាក់​រួម​ដំណើរ​ម្នាក់ទៀត​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត រង​របួស​ធ្ងន់​តៃកុង​ម្នាក់​និង​អ្នករួម​ដំណើរ​រងរបួស​ស្រាល​។

តាម​ប្រភព​ព័ត៌មាន​ពី អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ខាងលើ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ហើយ​រេ​ពេញ​ផ្លូវ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បើកបរ​ដោយ​បុរស​ម្នាក់​និង​អ្នក​រួម​ដំណើរ​ម្នាក់ទៀត លុះ​បើក​មកដល់​ចំណុច​កើតហេតុ រថយន្ត​បង្ក​បាន​រេ​ចង្កូត​បំរុង​បុក​ឃឿន​សួនច្បារ​នៅមុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផ្នែក​ខាងលិច​ម្ដង​ទៅ​ហើយ ​តែ​ពេលនោះ​បួង​ចង្កូត​គេច​ផុត​បន្ទាប់​មក​ទៀត​បាន​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​មួយទៀត​ពេញទំហឹង​បណ្តាល​ឲ្យ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​តិចតួច ចំណែក​រថយន្ត រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ បណ្តាល​ឲ្យ​បែកធ្លាយ​ប្រេង​ម៉ា​ស៊ី​ន​ហូរ​ពេញ​ផ្លូវ​និង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​តៃកុង​ម្នាក់​ និង ​អ្នករួមដំណើរ​រងរបួស​ស្រា​ល ហើយ​អ្នករងរបួស​ធ្ងន់​ត្រូវ​បាន​សាមុយ​ឯកជន​សម្ភព​រស្មី​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។

ប្រភព​បន្ត​ថា ​បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​នេះ​ភ្លាមៗ​ ទើប​ដឹង​ថា ​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​យក​រថយន្ត​មិត្ត​ភ័ក្ដិ​ដែល​ផឹក​ស៊ី​ជាមួយគ្នា​មក​ដោយ​ម្ចាស់​រថយន្ត​ថា ​រូប​គាត់​មិនបាន​ដឹងថា​ មិត្ត​ភ័ក្ដិ​របស់​ខ្លួន​យក​រថយន្ត​គាត់​ចេញពីផ្ទះ​មក​ទេ​ ពេល​គ្រោះថ្នាក់​ទើប​គាត់​ដឹង ហើយ​ម្ចាស់​រថយន្ត​បាន​និយាយ​ថា ​រថយន្ដ​របស់​គាត់​ទើបតែ​ទិញ​បាន​៣​ខែ​ប៉ុណ្ណោះ​កំពុង​ពេញ​ស្រឡាញ់​ផង​មិនគួរ​អា​ម៉ាក​បើក​មក​បុក​ថ្ម​ខូច​ខ្ទេច​ចឹ​ង​សោះ៕