ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ងំ​សេព​គ្រឿងញៀន​ក្នុង​ខ្ទម​ចាំ​ដី​ មន្ដ្រី​សង្កាត់​ចុះទៅ​ចាប់បាន​ពីរ​នាក់

ភ្នំពេញ ៖ បុរស​ពីរ​នាក់​ដែល​បាន​ពួន​សម្ងំ​សេព​គ្រឿងញៀន​នៅក្នុង​ខ្ទម​ចាំ​ដី​ឡូ​តិ៍​មួយ​កន្លែង​ត្រូវ​បាន​មន្ដ្រី​សាលាសង្កាត់​ចោមចៅ​ទី​២​ សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្ដិ៍​ ចុះទៅ​ក្រសោប​បាន​ភ្លាមៗ​ ថែមទាំង​ដកហូត​បាន​សម្ភារៈ​សម្រាប់​ជក់​ និង ​មធ្យោបាយ​ម៉ូតូ​ពីរ​គ្រឿង​យក​មក​ប៉ុស្ដិ៍​ដើម្បី​កសាង​ឯកសារ​បញ្ជូន​ឲ្យ​ផ្នែក​ព្រហ្មទណ្ឌ​ចាត់ការ​បន្ដ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១១ ​ខែកញ្ញា ​ឆ្នាំ​២០១៨ នៅ​ចំណុច​ដី​ឡូ​តិ៍​ទំនេរ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ការ​ឃាត់ខ្លួន​នេះ ​សមត្ថកិច្ច​ដកហូត​បាន​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​ និង ​សម្ភារៈ​សម្រាប់​ជក់​មួយ​ចំនួន​ទៀត ម៉ូតូ​ចំនួន​២​គ្រឿង និង​សម្បក​កញ្ចប់​ថ្នាំ​ពី​ថង់។ ជនសង្ស័យ​ទាំងពីរ​នាក់​នោះ ​ទី​១​មានឈ្មោះ សាន់ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កើតហេតុ​និង​ទី​២​ឈ្មោះ នុត ធារ៉ា​ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ស្នាក់នៅ​ផ្ទះជួល​ភូមិ​កើតហេតុ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​អាជ្ញាធរ​សង្កាត់​បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តាម​ចំណុច​ស្មុកស្មាញ​មួយចំនួន​ដើម្បី​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយដោយ​សារ​មាន​ប្រជាពលរដ្ឋ​បាន​រាយ​ការណ៍​ប្រាប់​ផង​នោះ​ ទើប​កម្លាំង​ចុះទៅ​ចំណុច​នោះ​មុនគេ​ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​សម្ងំ​សេព​ថ្នាំញៀន​នៅក្នុង​ខ្ទម​ចាំ​ដី​ដែល​មាន​សភាព​ស្ងាត់​ល្អ នៅពេល​កម្លាំង​ចុះទៅ​ដល់​ពួកគេ​បម្រុង​រត់គេច​តែ​រត់​មិន​រួច​ព្រោះ​គ្មាន​ផ្លូវ​ចេញ​ទើប​កម្លាំង​ក្រសោប​បានតែ​ម្ដង។

ក្រោយពី​ធ្វើការ​សួរនាំ​ហើយ​នោះ​ជនសង្ស័យ​ខាងលើ​នោះ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ពិតមែន​ដោយ​ពួកគេ​តែងតែ​រក​កន្លែង​ស្ងាត់​ដើម្បី​សេព​គ្រឿងញៀន​នេះ​។

បច្ចុប្បន្ន​វត្ថុ​តាង​ និង​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្ដិ៍​ចោមចៅ​ទី​២​ បញ្ជូន​ទៅកាន់​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕