ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ក្រាប​គ្រឿងញៀន​នៅ​ខារ៉ាអូខេ​ពីរ៉ាមីត​ចាស់ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​១៤​នាក់

សៀមរាប ​៖ ​កម្លាំង​នគរបាល​ខេត្តសៀមរាប​ជាច្រើន​នាក់​ បាន​ចុះ​បង្ក្រាប​ករណី​ចាត់ចែង​និង​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ទីតាំង​ខារ៉ាអូខេ​យី​យោ វី ឬ (​ពីរ៉ាមីត​ចាស់​) រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​១៤​នាក់​និង​ឆែកឆេរ​រក​ឃើញ​ម្សៅ ខេ​ពណ៌​ស​(ketamine) ចំនួន​១៦​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។

ប្រតិបត្តិការ​នេះ​ ធ្វើឡើង​នៅវេលា​ម៉ោង​០១​និង​៣០ នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ អ៊ុំ អមរា ​ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​នេះ​ថា ការ​ចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ នគរ​ខេត្តសៀមរាប និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ អមរា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ដោយមាន​ការ​ចូល​រួម​សម្របសម្រួល​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា ខេត្តសៀមរាប​និង​លោក សំរឹទ្ធ​សុខុន​ព្រះរាជអាជ្ញារង​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដោយមាន​ការ​ចូល​រួម​សហការ​ពី​កម្លាំង​ចំរុះ​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ចុះ​បង្ក្រាប​ករណី​ចាត់ចែង​និង​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ទីតាំង​ខារ៉ាអូខេ​វី (​ខារ៉ាអូខេ​ពីរ៉ាមីត​ចាស់ ) ស្ថិតនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៤​នាក់​ស្រី ០៥ នាក់ ឆែកឆេរ​រកឃើញ​ម្សៅ ខេ​ពណ៌​ស​(ketamine) ចំនួន​១៦​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​បាន​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ហើយ​ទីតាំង​ខារ៉ាអូខេ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​បិទ​បណ្តោះអាសន្ន​សិន​។

ប្រភព​ឲ្យ​ដឹង​ថា ​ទីតាំង​ខាងលើ​នេះ​គឺជា​កងកម្លាំង​និង​មានអំណាច​គួរសម​។​ ករណីនេះ​គេ​កំពុង​រង់ចាំ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ជំនាញ​ថា​ តើ​អាច​ចាត់ការ​កន្លែង​ជួញដូរ​គ្រឿងញៀន​មួយ​នេះ​បានដែរ ​ឬ ​យ៉ាងណា​៕