ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រគល់​ម៉ូតូ​២​គ្រឿង ឲ្យ​ភាគី​ថៃ បន្ទាប់ពី​មាន​ចោរកម្ម​ឆ្លងដែន

បាត់ដំបង ៖ ម៉ូតូ​ធំ​ចំនួន ២ គ្រឿង ដែល​សុទ្ធ​សឹង​ជា​ម៉ូតូ​ស៊ែ​រី​ទំនើបៗ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​សំពៅ​លូន ធ្វើការ​ស្ទាក់​ប្រមាញ់​និង​ឃាត់​បាន ព្រមទាំង​បាន​ប្រគល់​ទៅ​ឲ្យ​ភាគី​ថៃ​វិញ ដើម្បី​ឲ្យ​ទៅ​ម្ចាស់​ដែល​បាន​បាត់បង់​ម៉ូតូ បន្ទាប់ពី​មាន​ចោរកម្ម​ឆ្លងដែន។

កាលពី​ព្រលប់​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ច្រករបៀង​មួយកន្លែង​ក្បែរ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជាថៃ ក្នុងភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង គេ​បានឮ​សម្លេង​ផ្ទុះអាវុធ​ចំនួន២​គ្រាប់ ដើម្បី​ស្ទាក់​ចាប់​ជនសង្ស័យ ដែល​កំពុង​ធ្វើ​សកម្មភាព​អូស​ម៉ូតូ​ឆ្លងដែន ចេញពី​ទឹកដី​ថៃ មកកាន់​កម្ពុជា។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ភាគី​ថៃ ឲ្យ​ជួយ​សហការ​ក្នុង​ការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​លួច​ម៉ូតូ​ពី​គ្រឿង​ពី​ខេត្ត ប្រា​ជីន​បុរី ប្រទេស​ថៃ ដែល​គេ​សង្ស័យ​ថា ក្រុម​ចោរ​អាច​ជា​ជនជាតិ​ថៃ ហើយ​យក​មក​លក់​ឲ្យ​ខ្មែរ នៅក្នុង​ខ្សែបន្ទាត់​ព្រំដែន។

​សេចក្តី​រាយ​ការណ៍​បាន​អះអាង​ថា ម៉ូតូ​ទាំង ២ គ្រឿង​នោះ ម៉ាក YAMAHA ប្រភេទ RG 331/M-Slash ពាក់​ស្លាក​លេខ ប្រា​ជីន​បុរី ១០០៩ និង​ម៉ូតូ​ម៉ាក Honda ប្រភេទ MSX ពាក់​ស្លាក​លេខ ឆៈ​ឈើ​ង​សៅ ២១២៥ ត្រូវបាន​ក្រុម​ជន​មិន​ស្គាល់មុខ លួច​ចេញ​ពី​ខេត្ត ប្រា​ជីន​បុរី កាលពី​ព្រឹក​ថ្ងៃទី១០ ខែកញ្ញា​នេះ។

នៅ​ល្ងាច​នោះ​ដែរ លោក​អធិការ ពេជ្រ សា​រ៉ែ​ន បាន​ដាក់​កម្លាំង​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ដឹក​ម៉ូតូ​ទាំង ២ គ្រឿង​នេះ ឆ្លងដែន​ចូល​មក​​ក្នុងស្រុក​សំពៅ​លូន ទើប​ធ្វើការ​ស្ទាក់​ដើម្បី​ចាប់ខ្លួន​យកមក​សាកសួរ ប៉ុន្តែ​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ហើយ​រត់​គេច​ខ្លួន​បាត់ស្រមោល បន្ទាប់ពី​បានឃើញ​សមត្ថកិច្ច។

​នៅ​ព្រឹក​ថ្ងៃទី ១១ នេះ​ដែរ លោក អធិការ ពេជ្រ សា​រ៉ែ​ន បាន​ដឹកនាំ​កម្លាំង ធ្វើការ​ប្រគល់​ម៉ូតូ​ទាំង ២ គ្រឿង​នេះ ទៅ​ឲ្យ​ភាគី​ថៃ​វិញ នៅ​ត្រង់​ចំណុច​ច្រកទ្វារ​អន្តរជាតិ គីឡូ ១៣​ក្នុង​ទឹកដី​ស្រុក​សំពៅ​លូន​តែម្តង ដើម្បី​នាំ​យក​ទៅ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ដែល​សកម្មភាព​នេះ សបញ្ជាក់​ឲ្យ​ឃើញ​ថា ចំណង​សាមគ្គីភាព និង​មិត្តភាព​រវាង​កម្ពុជា ថៃ​ដែល​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា គឺ​កាន់តែ​ស្អិតរមួត និង​យូរអង្វែង៕