ព័ត៍មានទាន់​ហេតុការណ៏
Search

បងប្អូន​រងគ្រោះ​ដោយ​សេព​គ្រឿងញៀន សុទ្ធតែ​ជា​អ្នក​មានឱកាស ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង សង្គម​គ្រួសារ​និង​សង្គមជាតិ

​ភ្នំពេញ ​៖ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើង​ថា បងប្អូន​រងគ្រោះ​ដោយ​សេព​គ្រឿងញៀន គឺ​សុទ្ធតែជា​អ្នកមាន​ឱកាស ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង សង្គម​គ្រួសារ​និង​សង្គមជាតិ។

ការ​លើកឡើង​បែបនេះ​របស់លោក នួន ផា​រ័ត្ន បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​អង្គារ ០២​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ពិធី​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​អគារ​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ ចំនួន​០១​ខ្នង ១១​បន្ទប់ ស្ថិតនៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែលជា​អំណោយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

លោក នួន ផា​រ័ត្ន បាន​លើក​ឡើង​ថា ក្នុង​របប​ប៉ុលពត បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ដល់​ចំណុច​សូន្យ មិន​មាន​អ្វី​ទាំងអស់ ក្នុងនោះ​ធនធានមនុស្ស​ក៏​ត្រូវ​សម្លាប់ចោល​អស់​ផង​ដែរ។ ក្រោយ​ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​បាន​កសាង​ប្រទេស​ឡើងវិញ​ទាំង​មិន​មាន​អ្វី​ទាំងអស់​។ ប៉ុន្តែ​ក្រោយ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​នាំ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។ ​ទន្ទឹម​នៃ​ការ​អភិវឌ្ឍ​នេះ​ប្រទេស​កម្ពុជា​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ ដូចជា​បញ្ហា​កកស្ទះ​ចរាចរ និង​បញ្ហា​គ្រឿងញៀន​ជាដើម​។ បញ្ហា​គ្រឿងញៀន​វា​បាន​ធ្វើ​ឲ្យ​ស្រទាប់​យុវជន​របស់​យើង​មួយចំនួន​បាន​លង់​ខ្លួន​ជា​អ្នក​សេព​គ្រឿងញៀន ដែល​ជា​បញ្ហា​ប្រឈម​មួយ​ដែល​សង្គមជាតិ​របស់​យើង​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​។

លោក នួន ផា​រ័ត្ន បាន​បញ្ជាក់​ថា អ្នក​ញៀន​គ្រឿងញៀន ប្រៀប​បាន​នឹង​ច្រេះ​ស៊ី​ដែក​បាត​កប៉ាល់ទឹក​អញ្ចឹង​ដែរ ពោល​គឺ​បើ​យើង​មិន​មាន​វិធានការ​ទេ ច្រេះ​នោះ​នឹង​ស៊ី​ដែក​បាត​កប៉ាល​បណ្តាល​ឲ្យ​លិចលង់​កប៉ាល់​មិនខានឡើយ​។ យ៉ាងណា​មិញ​អ្នក​ញៀន​គ្រឿងញៀន​ក៏​មិន​ខុសពី​បញ្ហា​នេះដែរ បើ​យើង​មិន​រួមគ្នា​ដោះស្រាយ​ទេ នោះ​សង្គម​យើង នឹងមាន​បញ្ហា​ប្រឈម​ហើយ មិនអាច​អភិវឌ្ឍ​ប្រទេស​អោយ​រីកចម្រើន​បានទេ។

លោក​បន្ត​ថា បងប្អូន​រងគ្រោះ​ដោយ​សេព​គ្រឿងញៀន គឺ​សុទ្ធតែជា​អ្នកមាន​ឱកាស ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង សង្គម​គ្រួសារ​និង​សង្គមជាតិ សំខាន់​លើ​ការ​តាំង​ចិត្ត​របស់ខ្លួន​ឯង។ ​លោក​ថា នៅ​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​នៅ​លោកខាងលិច អ្នកញៀន​គ្រឿងញៀន មួយចំនួន​បាន​ប្រែ ក្លាយ​ខ្លួន​ទៅជា​មនុស្ស​ដែល​ល្បី​ល្បាញ និង​មាន​ប្រយោជន៍​នៅក្នុង​សង្គម។ ដូច្នេះ លោក​នួន ផា​រ័ត្ន​សូម​ឲ្យ​បងប្អូន ដែល​ញៀន​គ្រឿងញៀន ទាំងអស់​ប្រឹងប្រែង ដើម្បី​បន្សាប​គ្រឿងញៀន​ឲ្យ​បាន ដើម្បី​បាន​ទៅ​ធ្វើ​ការងារ​បម្រើ​ផលប្រយោជន៍​អោយ​សង្គមជាតិ​របស់​យើង។

លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ បាន​មានប្រសាសន៍ថា គិត​មកដល់​ត្រឹម​ថ្ងៃទី​១០ ខែកញ្ញា​នេះ មាន​យុវជន​បាន​ប្រើប្រាស់​គ្រឿងញៀន កំពុងធ្វើការ​បន្សាប​នៅក្នុង​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ​មាន​ចំនួន​១៩៦៣​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​១៣៣​នាក់​”។

​លោកស្រី​បញ្ជាក់​ថា កន្លង​មក​នេះ​យើង​បាន​ព្យាបាល​បន្សាប​ដល់​អ្នក​ញៀន​គ្រឿងញៀន​ចំនួន​៥៨៦៥​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៣៦២​នាក់ ដោយ​ឲ្យ​ពួកគាត់​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ ជាមួយនិង​សុខភាព​ល្អប្រសើរ ហើយ​បច្ចុប្បន្ននេះ​នៅក្នុង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​មាន​អ្នក​ញៀន​គ្រឿងញៀន​កំពុង​បន្សាប​ចំនួន​១៩៦៣​នាក់ ស្រី​១៣៣​នាក់ ដោយ​គិត​ត្រឹម​ថ្ងៃ​១០ កញ្ញា​២០១៨​នេះ​។

លោកស្រី​បន្ត​ថា ដោយ​ការ​យក​ចិត្តទុកដាក់ គិតគូរ​ខ្ពស់ ដល់​បងប្អូន​ដែល​កំពុង​រងគ្រោះ​ដោយ​ការប្រើប្រាស់​គ្រឿងញៀន និង​ដោយ​ពិនិត្យ​ឃើញ​ថា មណ្ឌល​សុខភាព ជា​តម្រូវ​ការចាំបាច់ ដែល​អាច​ធានា​ដល់​ការ​ព្យាបាល​ប្រកបដោយ​គុណភាព​ខ្ពស់ ដល់​ជនរងគ្រោះ ដែល​កំពុង​ទទួល​សេវា​ព្យាបាល និង​ស្ដារ​នីតិសម្បទា​នៅក្នុង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្ដល់​ការសាងសង់​អគារ​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ ចំនួន​០១​ខ្នង ០១​ជាន់ ចំនួន ១១​បន្ទប់ ដោយ​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​២១ កុម្ភៈ ឆ្នាំ​២០១៧ និង​បាន​ស្ថាបនា​រួចរាល់​នៅ​ថ្ងៃ​២៥ មករា​ឆ្នាំ​២០១៨ និង​បាន​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេលនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114