ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​មីន​ បានចាត់ទុក​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជា​ឃាតករ​បិទមុខ​ហើយ​វា​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​ជា​រៀងរាល់ថ្ងៃ

រតនគិរី ៖ លោក​ទេស រដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទីមួយ​អាជ្ញាធរ​មីន​បាន​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការអប់រំ​យល់ដឹង​អំពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​មីន​ពី​សង្គ្រាម​ដែល​បាន​ប្រារ​ព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​តេន ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ និង​ភូមិ​តា​អង​១ ឃុំតា​អង ស្រុក​កូន​មុំ ដែល​មាន​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ក្នុងភូមិ​ឃុំ​ទាំងពីរ​ខាងលើ​ប្រមាណ​ជិត ១០០០​នាក់ ថា គ្រាប់មីន​និង​យុទ្ធ​ភ​ណ្ឌ​មិនទាន់​ផ្ទុះ​ជា​ឃាតករ​បិទមុខ​ហើយ​វា​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​។

លោក​បន្តថា កាលពី​ជាង ៣០​ឆ្នាំមុន សង្គ្រាមរ៉ាំរ៉ៃ​បាន​កើត​នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​ក្រោយពី​ចប់​សង្គ្រាម​នោះ​មក​រយៈពេល​ជាង ២០​ឆ្នាំ​មកនេះ គឺ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បោសសំអាត​មីន និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​កំពុងតែ​នៅ​សេសសល់​រាយប៉ាយ​ជាច្រើន​កន្លែង ហើយ​បាន​បន្សល់ទុក​មរតក​ដ៏​ធ្ងន់ធ្ងរ ក្នុង​ឆ្នាំ​១៩៩៦ គឺជា​ឆ្នាំ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ច្រើន​ជាង​គេ ចំនួន​ជាង ៤.០០០​នាក់ បាន​ពិការភាព និង​រងគ្រោះ​ដោយសារ​គ្រាប់មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​។

ហើយ​កេរ្តិ៍មរតក​ពី​សង្គ្រាម​នេះ គឺ​បាន​បន្សល់ទុក​នូវ​គ្រាប់បែក និង​សំណល់​មិនទាន់​ផ្ទុះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​បោសសំអាត​។

លោក​ទេសរដ្ឋមន្ត្រី​បន្ត​ថា ថ្វីត្បិតតែ​រដ្ឋាភិបាល និង​ប្រទេស​ម្ចាស់​ជំនួយ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ទៅលើ​សកម្មភាព​រំដោះ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចេញពី​ផ្ទៃដី​នៃ​ប្រទេស​កម្ពុជា រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ​ក្តី ក៏​គ្រាប់មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​នៅតែ​បង្ក​គ្រោះថ្នាក់ និង​គំរាមកំហែង​ប្រជាពលរដ្ឋ​នៅឡើយ បើ​ទោះជា​ចំនួន​អ្នករងគ្រោះ​ដោយសារ​គ្រាប់មីន​បាន​ថយ​ចុះ​នៅក្រោម ២០០​នាក់ ក្នុង​មួយឆ្នាំៗ ហើយក៏​ដោយ ក៏​រដ្ឋាភិបាល​នៅតែមាន​ក្តីកង្វល់។

​បើ​តាម​ការស្រាវជ្រាវ គឺ​កម្ពុ​ជា​មាន​ផ្ទៃដី​ប្រមាណ​ជាង ២.៧៤០​គីឡូម៉ែត្រ​ក្រឡា ដែល​សង្ស័យថា អាចមាន​គ្រាប់មីន និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​។ ក្នុង​រយៈពេល ២០​ឆ្នាំ​មកនេះ កម្ពុជា​ទើបតែ​បោសសំអាត​មីន​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជិត ២.០០០​គីឡូម៉ែត្រ​ក្រឡា ហើយ​កម្ពុជា មាន​ផែនការ​រំដោះ​មីន​ចេញពី​ផ្ទៃដី​ឲ្យ​មាន​សុវត្ថិភាព​ទាំងស្រុង​ក្នុង​ឆ្នាំ ២០២៥​។

ទន្ទឹមនឹង​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ផែនការ​រំដោះ​មីន​នេះ ខ​ណៈ​ពេល​បច្ចុប្បន្ន លោក ក៏បាន​ស្នើសុំ​ឲ្យ​បងប្អូន​បន្ត​ការប្រុងប្រយ័ត្ន​ការពារ​ខ្ពស់ ជៀស​ឲ្យ​ឆ្ងាយ និង​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ជាបន្ទាន់ ក្នុងករណី​ឃើញ ឬ​សង្ស័យ​ថា ​ជា​គ្រាប់មីន យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​។

លោក ញ៉ែម សំអឿន អភិបាលរង​ខេត្តរតនគិរី​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ខេត្តរតនគិរី​មាន​ចម្ការ​គ្រាប់បែក​ចង្កោម ចំនួន ១០០​ចម្ការ​គ្របដណ្ដប់​លើ​ផ្ទៃដី​គីឡូ​ម៉ែត្រ​ក្រឡា​។ ចំនួន​ចម្ការ​គ្រាប់​ទាំងនេះ​គឺ​បាន​បោសសម្អាត​រួច​ចំនួន ៥១​ចម្ការ រំដោះ​ផ្ទៃដី​បាន​ចំនួន​ជាង ៤​គីឡូ​ម៉ែត្រ​ក្រឡា គិត​ចាប់ពី​ឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១៧​។ ដោយឡែក​ឆ្នាំ​២០១៨ នេះ​ខេត្ត​បាន​ធ្វើការ​បោសសម្អាត​គ្រាប់បែក​ចង្កោម​ចំនួន ៧​ចម្ការ ដែល​មាន​ផ្ទៃដី​រំដោះ​បាន ១​លាន ១​សែន ២​ម៉ឺន ៤​ពាន់ ម៉ែត្រ​ការេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114