ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អរគុណ ចំពោះ​អង្គការ AFD ដែល​បាន​ជួយឧបត្ថម្ភ​លើ វិស័យ​កសិកម្ម​ក្នុង​រយៈពេល​ជាង​២០ ឆ្នាំ​កន្លង​មក​នេះ

ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អង្គការ AFD ដែល​បាន​ជួយ​គាំទ្រ​យ៉ាង​ពេញលេញ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ជួយឧបត្ថម្ភ​លើ​គម្រោង​នានា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ក្នុង​រយៈពេល​ជាង​២០ ឆ្នាំ​កន្លងមកនេះ​។

លោក រដ្ឋមន្ត្រី​មាន​ប្រសា​ស​ន៍​បែបនេះ​បានធ្វើ​ឡើង នៅ​ទីស្តីការក្រសួង​នា​រសៀល​ថ្ងៃ​ច័ន្ទ ១​កើត ខែភទ្របទ សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នៅក្នុង​ពិភាក្សា​ការងារ​ដើម្បី​វាយតម្លៃ​និង​ពិនិត្យឡើងវិញ​លើ​លទ្ធផល និង​វឌ្ឍនភាព​នៃ​គម្រោង​ដែល​ទាក់ទង​ទៅ​និង​វិស័យ​កសិកម្ម និង​ធារាសាស្ត្រ នា​រយៈពេល​ជាង​២០ ឆ្នាំកន្លងមក​ដែល​អង្គការ AFD បាន​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ លោកស្រី Florence Deram Malerbe អ្នកពិគ្រោះ​យោបល់​នៃ​ភ្នាក់ងារ​អភិវឌ្ឍ​បារាំង (AFD) និង​សហការី​។

មាន​មតិ​ស្វាគមន៍​លោក​រដ្ឋមន្ត្រី ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្នុងនាម​លោក​រដ្ឋមន្ត្រី​ផ្ទាល់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អង្គការ AFD ដែល​បាន​ជួយ​គាំទ្រ​យ៉ាង​ពេញលេញ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ជួយឧបត្ថម្ភ​លើ​គម្រោង​នានា​ដែល​ពាក់ព័ន្ធ​និង​វិស័យ​កសិកម្ម​ក្នុង​រយៈពេល​ជាង​២០ ឆ្នាំ​កន្លងមកនេះ​។

តាមរយៈ​លោកស្រី លោក​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់ថា អង្គការ AFD នឹង​បន្ត​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត ដែល​ការរីកចម្រើន​នេះ​គឺជា​ចលករ​ដ៏​សំខាន់​មួយ​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ គឺ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។

ឆ្លើយតប​ទៅ​និង​ការលើកឡើង​របស់លោក រដ្ឋមន្ត្រី លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​របស់​ក​ម្ពុ​ជានា​ពេលបច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល និង​សូម​ចូលរួម​អបអរសាទរ​ជូន​ចំពោះ​លោក​រដ្ឋមន្ត្រី​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់​ការជឿទុកចិត្ត តែងតាំង​ជា​រដ្ឋមន្ត្រី​សម្រាប់​អាណ​ត្តិ ទី​៦ បន្តទៀត​។ លោកស្រី​បាន​ជម្រាប​ជូន​លោក រដ្ឋមន្ត្រី​ពី​គោលបំណង​នា​ថ្ងៃនេះ​គឺ ដើម្បី​ស្នើសុំ​លោក រដ្ឋមន្ត្រី​ធ្វើការ​វាយតម្លៃ​លើ​លទ្ធផល​គម្រោង​ដែល​បាន​អនុវត្ត​កន្លង​មកលើ​ចំណុចខ្លាំង ចំណុចខ្សោយ​ទាំង​ការងារ បច្ចេកទេស និង​យន្តការ​នៃ​ការរៀបចំ​គោលនយោបាយ រួច​ស្នើសុំ​អនុសាសន៍​ល្អៗ​ដើម្បី​យកទៅ​កែសម្រួល​និង​បំពេញបន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត ធ្វើយ៉ាងណា​ឲ្យ​សកម្មភាព​គម្រោង​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​គោលនយោបាយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

នាឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​គម្រោង​របស់​អង្គការ AFD ដែល​សម្រេចបាន​គួរ​ជាទី​មោទនៈ​។ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង​នាពេល​បច្ចុប្បន្ន និង​អនាគត​ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​មួយចំនួន​ដូចតទៅ​៖ ១-​ត្រូវ​លើ​កម្ពស់​ការគ្រប់គ្រង និង​ការប្រើប្រាស់​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព និង​ចំ​គោលដៅ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​របស់​កសិករ បង្កើន​ទិន្នផល និង​ឈានទៅ​បង្កើន​ប្រាក់ចំណូល​។ ២-​ជំរុញ​ការ​ចងក្រង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ការ​អភិវ​ឌ្ឍ​និង​គ្រប់គ្រង​វិស័យ​កសិកម្ម​និង​ទឹក​ពី​ថ្នាក់ជាតិ​ដល់​សហគមន៍​ស្របតាម​និន្នាការ​រីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ និង​កំណើនប្រជាជន​។ ៣-​ស្នើសុំ​ឲ្យ​អង្គការ AFD ពិចារណា​លើ​ការរៀបចំ​គម្រោង​ស្តីពី​កសិកម្ម​ចម្រុះ ដែល​មិន​ផ្តោត​ជា​អាទិភាព​លើ​តែ​ដំណាំ​ស្រូវ និង​គួរ​បញ្ចូល​ការងារ​ចិញ្ចឹមសត្វ បន្ថែ និង​ដំណាំ​ដែលមាន​សក្តានុពល​លើ​ទីផ្សារ៕