ភ្នំពេញ ៖ តារាចម្រៀងស្រីទឹកមុខស្រងូតស្រងាត់ និងមានសំឡេងពីរោះស្រទន់អ្នកនាង សុគន្ធ នីសា បន្ទាប់ពីបានឃើញរូបភាពដ៏កំសត់ និង គួរឲ្យសង្វេគរបស់បុរសមានវ័យចំណាស់ម្នាក់ស្ថិតក្នុងសភាពកំពុងចុះបាសំរាមចេញពីចំណុចលូទឹកស្អុយនោះ នាងក៏បានបង្ហាញអារម្មណ៍ក្តុកក្តួលចិត្តអាណិតខ្លាំងដល់ជីវិតកម្មកររូបនោះ។
បញ្ចេញអារម្មណ៍ពិតផ្ទាល់ខ្លួនចូលរួមបំផុសស្មារតីរបស់ប្រជាពលរដ្ឋឲ្យមានការទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ផងនោះ អ្នកនាង សុគន្ធ នីសា បានលើកឡើងថា មើលវីដេអូនេះហើយមានអារម្មណ៍ថា អាណិតពួកគាត់ ជីវិតពួកគាត់ពិតជាអស្ចារ្យណាស់ការងារដែលគ្រប់គ្នាខ្ពើមរអើម តែពួកគាត់ធ្វើជិត៣០ឆ្នាំហើយ។ តាមពិតទៅយើងគ្រាន់តែកាន់សំរាមមួយកញ្ចប់ឬថង់មួយទៅដាក់ក្នុងធុងសំរាមក៏មិនជារឿងពិបាកដែរ។
អ្នកនាង សុគន្ធ នីសា បញ្ជាក់ថា ពួកយើងទាំងអស់គ្នាមានការងារធ្វើ និងរស់នៅក្នុងបរិស្ថានដ៏ល្អណាស់យើងក៏អាចចាប់ផ្តើមពីខ្លួនយើងជួយថែរក្សាឬសម្អាតបរិស្ថានជុំវិញខ្លួន ក៏ដូចជាជួយពួកគាត់ដែរព្រោះការងារពួកគាត់គឺជាជីវិតមួយបែបដែលយើងមិនធ្លាប់គិតដល់ហើយជីវិតបែបនេះនឹងមិនសូវជាពិបាកប៉ុន្មានទេប្រសិនបើយើងគ្រប់គ្នាចូលរួមចំណែកប្រព្រឹត្តនិងទទួលខុសត្រូវរៀងៗខ្លួនចំពោះសំរាម និងកាកសំណល់ផ្សេងៗឲ្យមានរបៀបត្រឹមត្រូវ។
តារាចម្រៀងហង្សមាសអ្នកនាង សុគន្ធ នីសា និយាយបន្តទៀតថា បែបនេះអាចជួយសម្រាលដល់ការងារគាត់ ហើយបានបរិស្ថានស្អាតទាំងអស់គ្នា។សង្ឃឹមថា មើលរូបភាពមួយនេះហើយ យើងទាំងអស់គ្នានឹងបង្អង់គិតមុននឹងចោលសំរាមថាសំរាមវាត្រូវតែនៅកន្លែងសម្រាប់ដាក់សំរាម ប្រសិនបើយើងខ្លួនឯងមិនបានដាក់វាឲ្យត្រូវកន្លែងទេ នោះប្រាកដជាតម្រូវឲ្យអ្នកផ្សេងទៅតាមរើសសំរាមរបស់យើង ដែលធ្លាក់ប៉ើងគ្រប់កន្លែងនោះដល់ក្នុងលូឲ្យយើងហើយ។
បន្ថែមពីលើនេះតារាចម្រៀងចង្កាស្រួចដែលទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពអ្នកនាង សុគន្ធ នីសា បានលើកឡើងថា សន្យាចូលរួមទាំងអស់គ្នាណានាងខ្ញុំក៏សន្យាដែរថានឹងថែរក្សាសណ្ដាប់ធ្នាប់ កុំចោលសំរាមផ្តេសផ្តាស ដើម្បីមនុស្សគ្រប់គ្នាក្នុងសង្គមយើង។ មានទស្សនៈជាច្រើនបានសម្តែងការគាំទ្រនិងលើកសរសើរចំពោះទឹកចិត្តបំផុសរបស់តារាស្រីអ្នកនាង សុគន្ធ នីសា៕