ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯកCarabao រដូវកាលទី៧ ទម្ងន់៦០ គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEA TV នៅរសៀលថ្ងៃសៅរ៍ទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ជាការប្រកួតសប្ដាហ៍ទី២ ជុំទី១ រវាងអ្នកប្រដាល់កម្ពុជា លី ភា ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង និងអ្នកប្រដាល់ថៃ Phat Ngenthong ហើយអ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក និងអ្នកប្រដាល់ថៃ Phat Thana។
សម្រាប់ជំនួបក្នុងជុំទី១នេះ រវាង លី ភា និង Phat Ngenthongនេះ ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះលី ភា គេទើបតែឡើងប្រកួតជាមួយថៃបាន២-៣លើកប៉ុណ្ណោះ តែ Phat Ngenthong គេជាអ្នកប្រដាល់ចាស់ដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក គ្រាន់តែមិនបានបញជាមួយ លី ភា ប៉ុណ្ណោះ ។
លី ភា និង Phat Ngenthong នេះ តាមការកត់សម្គាល់ឃើញនោះ ពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នាទេ ទាំងមាឌ ទាំងកម្ពស់ ដោយ លី ភា មានកម្ពស់១,៦៥ ម៉ែត្រ ខណះ Phat Ngenthong គេ១,៦៧ ម៉ែត្រ។
Phat Ngenthong គេមានកំនត់ត្រាប្រកួតចំនួន៧៩លើក ឈ្នះ៦៨លើក ចាញ់១១លើក មិនដែលស្មើ ។ ចំណែក លី ភា គេមានកំនត់ត្រាប្រកួត៦៥លើក ឈ្នះ៥៤លើក ចាញ់១១លើក និងមិនដែលស្មើដូចគ្នា ។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នានេះពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ ។
ចំពោះការជួបគ្នារវាង សូត្រ ប៊ុនធី និង Phat Thana វិញ គូនេះប្រហែលជាមិនពិបាកទស្សន៍ទាយទេ។ ត្បិតថា អ្នកប្រដាល់សូត្រ ប៊ុនធី អាចមានប្រៀបឈ្នះច្រើនជាង Phat Thana ហើយ ។
សូត្រ ប៊ុនធី ជាអ្នកប្រដាល់ជើងខ្លាំងដែលពិបាកនឹងបង្ក្រាបយកឈ្នះណាស់ ព្រោះគេខ្ពស់ ដៃជើងវែង ហើយរបៀបវាយរបស់គេ ក៏ល្អនិងខ្លាំងព្រមទាំង រហ័សរហួន ហើយកម្លាំងនិងទឹកចិត្តរបស់គេក៏ខ្លាំងនិងធំផងដែរ ។ សូត្រ ប៊ុនធី ធ្លាប់ផ្តួលយកឈ្នះអ្នកប្រដាល់ថៃច្រើននាក់មកហើយ កន្លងមក ។ គ្រាន់តែ១០ប្រកួតដែលជួបថៃចុងក្រោយនេះ សូត្រ ប៊ុនធី វាយឈ្នះ៩លើកនិងស្មើ១លើក គឺគ្មានចាញ់នោះឡើយ ។
ប៊ុនធី គេមានប្រវត្តិប្រកួតចំនួន១១០លើក ឈ្នះ៨៦ លើក ចាញ់២០លើក និងស្មើ០៤លើក ហើយធ្លាប់ផ្តួលគូប្រកួតអោយសន្លប់បាន២០លើក ។ ទោះជាយ៉ាងណា ប៊ុនធី គេជាអ្នកប្រដាល់ដែលល្អ និងមានទំនុកចិត្ត ។
ចំពោះ Phat Thana វិញ គេមានប្រវត្តិប្រកួតចំនួន៥៧លើក ឈ្នះ៥០លើក និងចាញ់០៧លើក មិនដែលស្មើ ។ ទោះបីគេមិនធ្លាប់ជួបគ្នាក៏ពិតមែន តែមើលទៅ Phat Thana អាចយ៉ាប់ជាមួយ សូត្រ ប៊ុនធី ហើយ ។ ចាំមើល ការប្រកួតក្នុងជុំទី១នេះ រវាងសូត្រ ប៊ុនធី និង Phat Thana តើនរណារកបាន៣ពិន្ទុនោះ ? ។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ សៅ ប៊ុនធឿន អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ត្រូវគេផ្គូអោយជួបប្រកួតជាមួយ ផាត សូដា អ្នកប្រដាល់ក្លិបអេភូថងកីឡា ដោយជួបគ្នាក្នុងទម្ងន់៥៧គីឡូក្រាម ។ រវាងគូនេះ តាមការសន្និដ្ឋាននោះ សៅ ប៊ុនធឿន ប្រហែលជាមិនអាចទៅរួចជាមួយផាត សូដា នោះទេ ។
ម៉ាត់ ឆ្វេង អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ នឹងត្រូវជួបប្រកួតជាមួយ ហូ សុភា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ ពីរនាក់នាក់នេះ ក៏មិនធ្លាប់ជួបគ្នាដែរពីមុនមក ។ ដូច្នេះ ចាំមើលរវាងម៉ាត់ ឆ្វេង និង ហូ សុភា តើអ្នកណាឈ្នះនៅក្នុងការជួបគ្នាលើកដំបូងនេះ ?៕