ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ ចន្ទ្រា ជួប សែង​ម៉ា​នី ឯ ចាន់ ចំរើន ជួប ផេ​ត​ម៉ៃ នៅ​សង្វៀន​ស្ទឹងមានជ័យ

អ្នក​ប្រដាល់​កម្ពុជា​ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​សែង ម៉ា​នី​(Saengmani) នា​រសៀល​ថ្ងៃ​សៅ​រ៍ ​ទី​១៥​កញ្ញា​២០១៨​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​។​អ្នក​ទាំងពីរ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។

ឡៅ ចន្ទ្រា និង​សែង ម៉ា​នី នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដោយសារតែ​អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​អ្នក​ចំណូល​ថ្មី ។

សែង ម៉ា​នី គេ​ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ តែ​មិនដឹងថា​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ប៉ុន្មាន​លើក​នោះទេ ។​

យ៉ាងណា សែង ម៉ា​នី មកជួប​ឡៅ​ចន្ទ្រា​លើក​នេះ មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ព្រោះថា ចន្ទ្រា​គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង​កែង ។ ចន្ទ្រា​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ជាង​៥០ លើក​ហើយ​កន្លងមក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ក្វាន់​ណះ​ខន ដោយ​ពិន្ទុ ។

ចន្ទ្រា គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក ។ តែ​លើក​នេះ ចន្ទ្រា​ត្រូវ​ជួប​ជើង​ខ្លាំង​លើស​គូប្រកួត​លើក​មុន​ទៅទៀត ហេតុនេះ​មិនជា​ការងាយស្រួល​ប៉ុន្មាន​ឡើយ ។

ទោះជា​យ៉ាងណា ឡៅ ចន្ទ្រា គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​ហើយ ដូច្នេះ​បទពិសោធន៍​របស់គេ​ក៏មាន​ច្រើន​ដែរ​។​ចាំមើល ការប្រកួត​លើក​នេះ​ជាមួយ​សែង​ម៉ា​នី ឡៅ​ចន្ទ្រា​អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បានដែរ​ឬ​អត់ ? ។​

ចំពោះ អ្នក​ប្រដាល់​ចាន់ ចំរើន ក្លិប​និរោធ​មានជ័យ នឹងត្រូវ​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ផេ​ត​ម៉ៃ ស​.​បាន់​ចុង​(Petchmai Sor.Baanjong) ។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​

ចាន់ ចំរើន ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​អ្នកខ្លាំង​ស្រករ​ក្រោយ ព្រោះ​គេ​ទើបតែ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​លើក​ទី​១១​ប៉ុណ្ណោះ ហើយក៏​ជា​អ្នក​ប្រដាល់​ដែលមាន​បទពិសោធន៍​ខ្ចី​នៅឡើយ​ដែរ ។ ប៉ុន្តែ​ចាន់ ចំរើន បែរជា​អាច​ផ្តួល​អ្នក​ប្រដាល់​ថៃ​បាន ទៅវិញ ។​

ចាន់ ចំរើន មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជិត​៥២​លើក​ប៉ុណ្ណោះ ក្នុងនោះ​វាយ​ឈ្នះ​៣៥ ចាញ់​១៧ តែ​ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ចំនួន​១២ ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា​ចំរើន​អាច​យកឈ្នះ​ផេ​ត​ម៉ៃ ស​.​ចាន់​ចុង បានដែរ​ឬ​អត់​នោះទេ ? ។ ចំរើន ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ វាយ​ឈ្នះ​ណាត់ ក​.​ដោយ​ពិន្ទុ ។​

ផេ​ត​ម៉ៃ ស​.​បាន់​ចុង ជា​អ្នក​ប្រដាល់​ជើងចាស់ មាន​ស្នៀត​ទាត់​និង​កណ្តាប់ដៃ​ល្អ​។​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងណា​នៅឡើយ​ទេ​កន្លងមក ។ ទោះជា​យ៉ាងណា ចាន់ ចំរើន មិនអាច​មើលស្រាល​ចំពោះ​ផេ​ត​ម៉ៃ ស​.​បាន់​ចុង នេះឡើយ ។ ចាំមើល ចាន់ ចំរើន និង​ផេ​ត​ម៉ៃ ស​.​បាន់​ចុង តើន​រណា​ឈ្នះ ?​។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ណាក់ សុខា អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អូន ចាន់​ឡឹង ក្លិប​កុសល​កីឡា ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម ។

ណាក់ សុខា គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និង​ជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​សុខា នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ និង​ចាញ់​កណ្តាប់ដៃ និង​ជើង​ទាត់​របស់​អូន ចាន់​ឡឹង​ប៉ុណ្ណោះ ។ ចាំមើល សម្រាប់​ការជួបគ្នា​លើក​ទី​១​នេះ តើ​ណាក់ សុខា អាច​យកឈ្នះ​អូន ចាន់​ឡឹង បាន​ឬ​អត់ ?៕ ​